លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា កម្ពុជា បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ស្វាគមន៍​វិនិយោគិន​ពី​គ្រប់​តំបន់​លើ​សកលលោក ក្នុងការ​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច និង​ទស្សនទាន​ច្បាស់លាស់ ដើម្បី​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​។​

យោងតាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​របស់លោក ហ៊ុន ម៉ា​ណែ​ត ដែល​បាន​បង្ហោះ​សំណេរ​នៅ​ថ្ងៃទី​២៣​ខែធ្នូ​នេះ បាន​លើកឡើងថា កម្ពុជា ពោរពេញ​ដោយ​សក្តានុពល​សម្រាប់​វិនិយោគ​ជាច្រើន​ឥត​គណនា​សម្រាប់​វិនិយោគិន​ធ្វើការ​បោះទុន​វិនិយោគ ដោយហេតុថា កម្ពុជា​បាន​រក្សាបាន​នូវ​ស្ថិរភាព​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់ ៧​ភាគរយ​ក្នុង​មួយឆ្នាំ ដែល​សម្រេចបាន​នូវ​វឌ្ឍនភាព​លើ​គ្រប់​វិស័យ ដោយ​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប (GDP) បាន​កើនឡើង ១០​ដង ពី ៣,១១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​១៩៩៨ ដល់ ២៩,៦០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២២​។


លោក​បាន​អះអាងថា សម្ទុះ​នៃ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស (FDI) បាន​កើនឡើង ១៥​ដង​ក្នុង​ចន្លោះ​ឆ្នាំ​២០០៧-២០២២ យោងតាម​តារាង FDI Standouts Watchlist 2024, កម្ពុជា​បាន​ឈរលើ​លេខ​រៀង​ទី​១ នៃ​ប្រទេស​ដែលមាន​សម្ទុះ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស (FDI) ដោយ​ទទួលបាន​ពិន្ទុ Index Score ៩៦,១១ លើ​១០០​។

លោក​បាន​បញ្ជាក់ថា​៖«​លើសពីនេះ កម្ពុជា​សម្បូរ​ពោរពេញ​ដោយ​កម្លាំង​ពលកម្ម​ដែលមាន​វ័យក្មេង ប្រកបដោយ​សក្តានុពល និង​ជា​កាតាលីករ​ដ៏​សំខាន់​នៅក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ​។ កម្ពុជា​ក៏បាន​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បាន​យ៉ាង​ល្អប្រសើរ រាប់​ចាប់ពី​អាកាសយានដ្ឋាន​អន្តរជាតិ កំពង់ផែ​ទឹក​ជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជា​ប្រព័ន្ធ​ឡូ​ជី​ស្ទីក បូកផ្សំ​នឹង​ទីតាំង​ដ៏​មាន​សក្តានុពល​ដែល​ផ្តល់នូវ​កាលានុវត្តភាព​ប្លែក​ពី​គេ​សម្រាប់​វិនិយោគ​»​។  
«​សន្តិភាព​ដែល​កម្ពុជា​រកបាន និង​រក្សាបាន ក៏​ក្លាយជា​ឱកាស​បន្ថែម​ដល់​ការបើកចំហ​ជើងមេឃ​លើ​មាគ៌ា​សេដ្ឋកិច្ច​ទីផ្សារសេរី ដើម្បី​ជំរុញ​ដល់​វិស័យ​ដទៃទៀត ដូចជា ថាមពល​កកើត​ឡើងវិញ កម្មន្តសាល ព្រមទាំង​វិស័យ​ទេសចរណ៍ ដែលជា​គន្លឹះ​សេដ្ឋកិច្ច​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​»​។


បើតាម​រាជរដ្ឋាភិបាល ចំពោះ​វិស័យ​កម្មន្តសាល កម្ពុជា​បានរៀបចំ​រចនាសម្ព័ន្ធ​ច្បាស់លាស់​ដើម្បី​រក្សា​នូវ​ថ្លៃដើម​កម្លាំង​ពលកម្ម​សមរម្យ និង​មាន​ទីតាំង​ជា​យុទ្ធសាស្ត្រ ដែលជា​ច្រក​ដ៏​ល្អប្រសើរ​សម្រាប់​ការនាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​ដទៃទៀត​លើ​សកលលោក តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​អាស៊ាន និង​ទ្វេភាគី​ជាច្រើន​ទៀត​។

រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា​៖«​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ក៏បាន​បន្ថែម​នូវ​មុំ​យុទ្ធសាស្ត្រ​ថ្មី​បន្ថែម​លើ​បច្ចេកវិទ្យា ដែល​កំពុងតែ​សាយភាយ​លូតលាស់​ពេញ​ស្រទាប់​យុវជន​វ័យក្មេង​របស់​កម្ពុជា ដោយ​អភិវឌ្ឍ​បាន​នូវ​ប្រព័ន្ធ​ឌីជីថល​សម្រាប់​ប្រើប្រាស់​បាន​ដ៏​ល្អប្រសើរ​»​។

នា​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​វិនិយោគិន​ចិន ដែលមាន​បំណង​សិក្សា​ស្វែងយល់​ពី​សក្ដានុពល​វិនិយោគ​និង​កាលានុវត្តភាព​វិនិយោគ ព្រមទាំង​ព័ត៌មាន​ទាក់ទង​នឹង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​យានយន្ត​នៅ​កម្ពុជា​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៣ លោក សួន សុផល អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា (​គ​.​វ​.​ក​.) បានលើកឡើង​អំពី​កញ្ចប់​លើកទឹកចិត្ត​ប្រកបដោយ​ភាព​ទាក់ទាញ​លើ​សកម្មភាព​វិនិយោគ​ក្នុង​វិស័យ​យានយន្ត​នៅ​កម្ពុជា ក៏ដូចជា​យន្តការ​ផ្ដល់​កិច្ច​សម្រួល​ការវិនិយោគ​បរទេស និង​ក្នុងស្រុក ដូច​មានចែង​ក្នុង​ច្បាប់​ស្ដីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​បានលើកឡើង​អំពី​ផែនទី​បង្ហាញផ្លូវ​ការអភិវឌ្ឍ​វិស័យ​យានយន្ដ និង​អេឡិចត្រូនិក​នៅ​កម្ពុជា​ដែលជា​ឧបករណ៍ សម្រាប់​វិនិយោគិន​ក្នុងការ​ស្វែងយល់​អំពី​សក្ដានុពល​របស់​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​ក្នុង​បរិបទ​នៃ​ការអភិវឌ្ឍ​នៅ​កម្ពុជា​, បញ្ហា​ប្រឈម​និង​វិធានការ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ​។

លោក សួន សុផល បាន​ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​ក៏បាន​លើកទឹកចិត្ត​ឱ្យ​គណៈប្រតិភូ​ពិនិត្យ​លទ្ធភាព​ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​វិនិយោគ​ឱ្យបាន​ឆាប់​ដើម្បី​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​កញ្ចប់​លើកទឹកចិត្ត​ស្របតាម​ច្បាប់​ជា​ធរមាន​»​។

តាមរយៈ​ការព្យាករណ៍​សេដ្ឋកិច្ច​របស់​IMF បាន​បង្ហាញថា កម្ពុជា​បាន​កើនឡើង​នូវ​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៥,៦​ភាគរយ ក្នុង​ឆ្នាំ​២០២៣ ហើយនឹង​កើន​ដល់ ៦,៦​ភាគរយ​ក្នុង​ឆ្នាំ​២០២៤៕​