​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ស្នើឱ្យ​វិទ្យាស្ថាន​ស្រាវជ្រាវ​ថាមពល​កូរ៉េ (KIER) ពិនិត្យ​លទ្ធភាព​វិនិយោគ​លើ​គម្រោង​សាកល្បង​ការ​ចម្រាញ់​ជីវៈថាមពល ចេញពី​សម្បក​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា បន្ទាប់ពី​តំណាង​វិទ្យាស្ថាន​នេះ បានលើកឡើង​ពី​បច្ចេកវិទ្យា​ចម្រាញ់​ជីវៈថាមពល​ចេញពី​សម្បក​គ្រាប់ស្វាយចន្ទី​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។

ការស្នើ​នេះ​ត្រូវបាន​លើកឡើង​នា​ជំនួប​ពិភាក្សា​ការងារ​រវាង លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង លោក ឆ​យ យុង ចាន់ អ្នកស្រាវជ្រាវ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ថាមពល​កូរ៉េ កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ​។


បើតាម​សភាពាណិជ្ជកម្ម​កម្ពុជា កិច្ចពិភាក្សា​នេះ​ផ្តោតទៅលើ​បច្ចេកវិទ្យា​ចម្រាញ់​ជីវៈថាមពល​ចេញពី​សម្បក​គ្រាប់ស្វាយចន្ទី​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​កែច្នៃ​អស់​លទ្ធភាព ដែលជា​បច្ចេកវិទ្យា​ថ្មី​ពិសោធន៍​និង​ស្រាវជ្រាវ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ថាមពល​កូរ៉េ​។

លោក ឆ​យ យុង ចាន់ បាន​លើកឡើងថា ការងារ​ពិសោធន៍​លើ​ការ​ចម្រាញ់​ថាមពល​ចេញពី​គ្រាប់ស្វាយចន្ទី​កម្ពុជា គឺ​ទទួលបាន​លទ្ធផល​ល្អ​។  លោក​គូសបញ្ជាក់ថា​៖«​នេះ​ជា​កាលានុវត្តភាព​ធុរកិច្ច​មួយ​សម្រាប់​វិនិយោគិន​កូរ៉េ​និង​កម្ពុជា ពិនិត្យ​លទ្ធភាព​វិនិយោគ​រួមគ្នា​»​។


ទោះជា​យ៉ាងណាក៏ដោយ លោក លឹម ហេង បានស្នើ​ពិនិត្យ​លទ្ធភាព​វិនិយោគ​លើ​គម្រោង​សាកល្បង​មួយ​ដោយមាន​ការជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​កូរ៉េ និង​ស្ថាប័ន​ពាក់ព័ន្ធ​។

លោក​បាន​បញ្ជាក់ថា​៖ «​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​លើ​គម្រោង​នេះ ប្រាកដ​ជាមាន​វិនិយោគិន​ច្រើន​ចាប់អារម្មណ៍ និង​វិនិយោគ​ក្នុង​ទំហំ​ធំ​ជាង​មុន​។ សភាពាណិជ្ជកម្ម នឹង​បំពេញ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ថាមពល​កូរ៉េ ដើម្បី​ស្វែងយល់​បន្ថែម​និង​ពិភាក្សា​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត​»​។

ទាក់ទិន​ទៅនឹង​ការ​ចម្រាញ់​ជីវៈថាមពល ចេញពី​សម្បក​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា នៅក្នុង​ដំណើរ​ដឹកនាំ​អ្នកសារព័ត៌មាន ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ខេត្តកំពង់ធំ កាលពីដើម​ខែធ្នូ ឆ្នាំ​២០២៣ កន្លងទៅ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ប្រាប់​ឱ្យដឹងថា ដំណាំ​ស្វាយចន្ទី ជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម ដែល​ផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាង​លើសលប់ ក្រៅពី​ការកែច្នៃ​គ្រាប់​ជា​ផលិតផល​សម្រាប់​ទទួល​ទាន​ហើយ សម្បក​គ្រាប់ស្វាយចន្ទី អាច​ចម្រាញ់​ធ្វើជា​ថាមពលជីវៈម៉ាស និង​អាច​ផលិត​ជា​ជី ប្រើប្រាស់​សម្រាប់​ដាំ​ដុះ​ដំណាំ​ទៀតផង​។

នាឱកាស​នោះ លោក អ៊ិន ឡៃ​ហួត ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សម្បូរ នៅ​ខេត្តកំពង់ធំ​បាន​ប្រាប់ថា កន្លងទៅ វៀតណាម ក្រៅពី​ទិញ​គ្រាប់​ឆៅ​ពី​កម្ពុជា​ហើយ​ក៏បាន​ប្រមូល​ទិញ​សម្បក​គ្រាប់ស្វាយចន្ទី​ផងដែរ ដើម្បី​យកទៅ​កែច្នៃ​ធ្វើជា​ជី​។

លោកស្រី​បាន​បន្ថែមថា សម្បក​គ្រាប់ស្វាយចន្ទី គឺជា​ជី​មួយ​ប្រភេទ ដែល​ធ្វើឱ្យ​ដី​កាន់តែ​ធូរ ជាពិសេស​នៅពេល​ប្រើប្រាស់​ជាមួយ​ដំណាំ​ស្វាយចន្ទី បាន​បង្កើន​បរិមាណ​ថាមពល​ដី នាំឱ្យ​ដី​កើតជា​ជន្លេន​ច្រើន និង​ចៀសវាង​សត្វល្អិត​ចង្រៃ​បំផ្លាញ​ផងដែរ​។

លោកស្រី​បាន​បញ្ជាក់ថា​៖«​កាល​មុន​យើង​ធ្លា​ប់លក់​ឱ្យ​វៀតណាម តម្លៃ​១២០​ដុល្លារ​ក្នុង​មួយ​តោន​។ ក្រោយមក​ក្រុមហ៊ុន​វៀតណាម​បញ្ចុះតម្លៃ​នៅសល់​ត្រឹម​មួយ​តោន ៤០​ដុល្លារ ដូច្នេះ​យើង​សម្រេចចិត្តថា មិន​លក់​ឱ្យ​វៀតណាម​ទេ​។​ហើយ​យើង​កំពុង​ពិភាក្សា​ជាមួយ​ដៃគូ​ជប៉ុន ដើម្បី​ឱ្យគេ​បង្រៀន​យើង​ពី​បច្ចេកវិទ្យា​កែច្នៃ​សម្បក​គ្រាប់ស្វាយចន្ទី​នេះ​»​។

សូមជម្រាបថា ដំណាំ​ស្វាយចន្ទី ជា​ដំណាំ​ឧស្សាហកម្ម​ដែលមាន​សក្ដានុពល​ខ្ពស់​សម្រាប់​ប្រទេស​កម្ពុជា និង​មានកេរ្តិ៍ឈ្មោះ​ល្បី ជាពិសេស​មានការ​ទទួល​ស្គាល់​ពី​ទី​ផ្សារលើ​គុណភាព រសជាតិ ទំហំ​គ្រាប់ និង​សរីរាង្គ​តាមបែប​ប្រពៃណី​។ ដំណាំ​ស្វាយចន្ទី​ងាយស្រួល​ដាំ​ដុះ បើ​ប្រៀបធៀប​ជាមួយនឹង​ដំណាំ​ផ្សេងទៀត ហើយ​ដំណាំ​នេះ​ត្រូវការ​ទឹក​តិច​សម្រាប់​ការលូតលាស់ ធន់​នឹង​ភាពរាំងស្ងួត សមស្រប​ទៅនឹង​អាកាសធាតុ និង​សណ្ឋាន​ដី​នៅ​ប្រទេស​កម្ពុជា​។

បើតាម​ក្រសួងកសិកម្ម បច្ចុប្បន្ននេះ ខេត្ត​ដែល​បាន​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទី​ច្រើនជាងគេ គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ ឧ​ត្ត​រ​មានជ័យ សៀមរាប និង​កំពង់ឆ្នាំង​។ តាមរយៈ​ការវាយតម្លៃ​បាន​បង្ហាញថា ប្រទេស​កម្ពុ​ជាមាន លក្ខខណ្ឌ​ដី​សមស្រប​សម្រាប់​ដំណាំ​ស្វាយចន្ទី​មាន​ប្រមាណ ២,៣៨ លាន​ហិកតា​៕​