​ភ្នំពេញ​: តំណាង​វិស័យ ឯកជន​មាន​សុទិដ្ឋិនិយម​ថា លំហូរ​នៃ​ការវិនិយោគ​វិស័យ ទេសចរណ៍ និង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន​នឹង​កាន់​តែមាន​សម្ទុះ​ខ្លាំង​សម្រាប់​ឆ្នាំ​ខាងមុខនេះ បន្ទាប់ពី​ប្រទេស​ទាំង​ ២​​ បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការទូទាត់ QR Code ឆ្លង​ព្រំដែន​កាលពីពេល​ថ្មីៗ​នេះ​។​

​ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​ក្រុមហ៊ុន UnionPay International (UPI) បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ប្រតិបត្តិការ​ទូទាត់​ឆ្លងដែន​តាម​ឃ្យូ​អរ​កូត (QR Code) ជា​ផ្លូវការ​រវាង​ប្រព័ន្ធ​ទូទាត់​បាគង​របស់ ​NBC និង​បណ្តាញ​ទូទាត់​របស់​ក្រុមហ៊ុន UPI កាលពី​ថ្ងៃ​សុក្រ ទី​ ២២ ខែធ្នូ​កន្លងមកនេះ​។​


​លោកស្រី  ​ជា សិរី ទេសាភិបាល NBC បាន​ថ្លែង​ក្នុង​កម្មវិធី​ដាក់ឱ្យ​ដំណើរការ​នោះ​ថា បន្ទាប់ពី ​NBC និង​ UPI បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា កាលពី​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ​២០២៣ ​កន្លង​ទៅដោយ​យល់ព្រម​រួមគ្នា​លើក​កម្ពស់ QR ឆ្លង​ព្រំដែន​អន្តរ​ប្រតិបត្តិការ​កូដ​រវាង​បណ្តាញ​របស់​ពួកគេ​។  

​លោកស្រី​បាន​ថ្លែងថា​៖ «​ចាប់ពី​ថ្ងៃនេះ​តទៅ អ្នក​កាន់​ប័ណ្ណ UnionPay នឹង​អាច​ប្រើ​កាបូប​ដែល​បើក UnionPay របស់​ពួកគេ​ដូចជា កម្មវិធី UnionPay និង​កម្មវិធី​ធនាគារពាណិជ្ជ​ដែល​ត្រូវបាន​បើក សម្រាប់​ការបង់ប្រាក់ UnionPay QR Code ដើម្បី​ស្កេ​ន KHQR​ លេខ​កូដ ដើម្បី​បញ្ចប់​ប្រតិបត្តិ​ការទូទាត់ ពាណិជ្ជករ ប្រមាណ​ ១.៨​លាន​នាក់​នៅ​កម្ពុជា​។ លើសពីនេះ នៅ​ដើមឆ្នាំ​ ២០២៤ ​ប្រជា​ពលរដ្ឋ​កម្ពុជា​នឹង​អាច​ប្រើប្រាស់ កាបូប​បាគង ដើម្បី​ធ្វើការ​ទូទាត់​នៅ UnionPay QR code ទទួលយក​ពាណិជ្ជករ​នៅក្នុង​ប្រទេស​ចិន និង​នៅ​ទូទាំង​ពិភពលោក​ធ្វើឱ្យ​បទពិសោធន៍​នៃ​ការបង់ប្រាក់​តាម​ទូរស័ព្ទ​កាន់តែ​ប្រសើរឡើង ក្នុងអំឡុង ពេលធ្វើ​ដំណើរ​អន្តរជាតិ​»​។​


លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​លើកឡើងថា ការតភ្ជាប់​នៃ​ការប្រើប្រាស់ ការទូទាត់​កូដ QR ឆ្លងដែន​នេះ​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ទាំង​ធុរជន អ្នកទេសចរ និង​វិ​និ​យោគិន​រវាង​ប្រទេស​ទាំង ​២ ​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ទូទាត់​ឬ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​។​

​លោក​បាន​ថ្លែងថា​៖«​ស្រប​ពេលដែល​ប្រទេស​យើង​ទាំង​ ២ ​កំពុងតែ​អនុវត្តន៍​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ការដាក់ឱ្យ​ប្រើប្រាស់​ការ​ទូទាត់​កូដ QR ឆ្លងដែន​នេះ​នឹង​ផ្តល់​ភាពងាយស្រួល​និង​ទាក់ទាញ​មួយកម្រិត​ទៀត ដែល​វា​អាចជា​កម្លាំង ចលករ​មួយ​ក្នុងការ​ស្រូប​ទាញ​វិនិយោគិន និង​ភ្ញៀវទេសចរ​ចិន​មកកាន់​កម្ពុជា​កាន់ តែ​ច្រើន​បន្ថែមទៀត​»​។​

​លោក ធួន ស៊ីណាន​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា ក៏​យល់ឃើញថា​ភ្ញៀវទេសចរ​ចិន ដែល​មក​ទស្សនា​កម្ពុជា​នឹង​លែង​ខ្វល់ខ្វាយ​ក្នុង​ការដាក់​ប្រាក់​តាម​ខ្លួន​នៅពេលដែល​ពួកគេ​មក​ទស្សនា​កម្ពុជា​បន្ទាប់​ពី​ការ​ដាក់ឱ្យ​ប្រើប្រាស់​ការទូទាត់​កូដ QR ឆ្លងដែន​រវាង​ប្រទេស​ទាំង ​២​។​

​លោក​ថា​៖«​យើង​សាទរ​ជាមួយនឹង​ការឱ្យ​ដំណើរការ​ទូទាត់​កូដ QR ឆ្លងដែន​រវាង​ប្រទេស​យើង​ទាំង​ ២ ខណៈដែល​រដ្ឋាភិបាល​នៅតែ​យកចិត្តទុកដាក់​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​មកកាន់​ប្រទេស​យើង​ឱ្យ​កាន់តែ​បាន​ច្រើន​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំមុន​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ដូច្នេះ​ការទូទាត់​តាម QR នេះ​នឹង​កាន់តែ​ផ្តល់​ភាពងាយស្រួល​ដល់​ពួកគេ​ក្នុងការ​ទូទាត់​នៅ​កម្ពុជា​យើង​»​។​


​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន ក្នុង​រយៈពេល ១០​ខែ​ដើមឆ្នាំ​២០២៣ បាន​កើន​ដល់​ជាង ១០​ពាន់​លាន​ដុល្លារ កើនឡើង​ជិត ៥​ភាគរយ​៕