​ភ្នំពេញ​: យ៉ាងហោចណាស់​មាន​រោងចក្រ និង​សហគ្រាស​ធុន​តូច និង​មធ្យម​ ​(SMEs)  ៥៥​ បានទទួល​អត្ថប្រយោជន៍ ពី​ក្របខ័ណ្ឌ​ឧស្សាហកម្ម​បៃតង ដែល​បាន​អនុវត្ត​ប្រកបដោយ​និរន្តរភាព និង​ក៏បាន​ចូលរួម​ក្នុងការ​លើកកម្ពស់​ឧស្សាហកម្ម​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា​ផងដែរ​។​

​ក្របខ័ណ្ឌ​នេះ ​គឺជា​ការ​សហ​ការ​រវាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (MISTI) និង​ក្រសួងបរិស្ថាន (MoE) និង​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​អង្គការសហប្រជាជាតិ (UNIDO) បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​គម្រោង​បរិស្ថាន ដែល​ហៅថា ការអភិវឌ្ឍ​កាបូន​ទាប​សម្រាប់​ផលិតភាព និង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការផ្ទេរ​វិធីសាស្ត្រ​បច្ចេកវិទ្យា​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន (TEST)​ ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​បំពុលបរិយាកាស និង​លើកកម្ពស់​ឧស្សាហកម្ម​ប្រកបដោយ​និរន្តរភាព​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​របស់ UNIDO កាលពី​ថ្ងៃទី ​១៩ ខែធ្នូ​។​


​លោក Rana Pratap SINGH អ្នកគ្រប់គ្រង​គម្រោង UNIDO TEST បានឱ្យដឹងថា គម្រោង​នេះ​បាន​គាំទ្រ​ដល់​រោងចក្រ និង​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs)​ទទួលផល​ចំនួន ៥៥ និង​ផ្តល់ឱ្យ​ពួកគេ​នូវ​ក្របខ័ណ្ឌ​ឧស្សាហកម្ម​បៃតង​ដែល​ធ្វើឱ្យ​ការអនុវត្ត​ប្រកបដោយ​និរន្តរភាព និង​អាច​ពង្រីក​អាជីវកម្ម​ខ្លួន​បាន​។​

​លោក Rana Pratap ថ្លែងថា​៖ «​តាមរយៈ​ការធ្វើ​ដូច្នេះ គម្រោង​នេះ​បានរួម​ចំណែក​ដល់​ការកែលម្អ​លក្ខ​ខណ្ឌ​ផលិតកម្ម​នៅតាម​រោងចក្រ និង​សហគ្រាស​ធុន​តូច និង​មធ្យម និង​បាន​គាំទ្រ​ដល់​ការផ្លាស់ប្តូរ​របស់​ពួក​គេ​ឆ្ពោះទៅរក​ឧស្សាហកម្ម​បៃតង​។ ជា​លទ្ធផល រោងចក្រ និង​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ៥៥ អាច​សន្សំ​ធនធាន និង​បង្កើន​ផលិតភាព​ពី ១០ ទៅ ២០​ ភាគរយ​ដែលនាំឱ្យ​មានការ​សន្សំ​ប្រចាំឆ្នាំ​ប្រមាណ ១០ លាន​ដុល្លារ​អាមេរិក​ក្នុង ១​ ឆ្នាំ​។ លើសពីនេះ វា​បាន​ជួយ​សម្រួល​ដល់​ការសម្រេចបាន​ការវិនិយោគ​ចំនួន ១០ ​លាន​ដុល្លារ​។ ភាពជោគជ័យ​នៃ​គម្រោង TEST គឺជា​ឧទាហរណ៍​ជាក់ស្តែង​នៃ​ឧស្សាហកម្ម​បៃតង​សម្រាប់​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​ផ្សេងទៀត​»​។​


​លោក សុខ ណារិន តំណាង​អង្គការ UNIDO ប្រចាំ​កម្ពុជា ក៏បាន​គូស​បញ្ជាក់​ផងដែរ​ថា គម្រោង​នេះ​ក៏បានផ្តល់​អត្ថប្រយោជន៍​ដល់​កម្មករ​ប្រមាណ ១៣ ​ម៉ឺន​នាក់ ក្នុងនោះ​ជាង ៨០​ ភាគរយ​ជា​ស្ត្រី​រោងចក្រ និង​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​ទទួលផល តាមរយៈ​ការជួយ​ដល់​រោងចក្រ​ទាំងនេះ ក្នុងការ​សម្រេចបាន​នូវ​និរន្តរភាព និង​ស្តង់ដា​អនុលោម​ភាព​។

គម្រោង​នេះ បាន​កសាង​សមត្ថភាព​របស់​បុគ្គលិក​សំខាន់ៗ​របស់​រោងចក្រ ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព និង​សុវត្ថិភាព​របស់​កម្មក​រ កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​លើ​សហគមន៍​ជុំវិញ និង​ជំរុញ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​ឆ្ពោះទៅរក​សកម្មភាព និង​ការអនុវត្ត​បៃតង​។​

​លោក ណារិន ថ្លែងថា​៖ «​គម្រោង​នេះ​អាចរួមចំណែក​ដោយផ្ទាល់​ដល់​ការកាត់បន្ថយ​ឧស្ម័ន​កាបូ​និក​ (CO2) ជា​មធ្យម ៤០ ០០០ តោន​ក្នុង ​១​ ឆ្នាំ ក្នុងអំឡុងពេល​ឆ្នាំ​២០១៨ ​ដល់​ឆ្នាំ ២០២៨ ខណៈពេលដែល​វា​ក៏​រួម​ចំណែក​ដល់​ការកាត់បន្ថយ​ប្រកប​ដោយ​និរន្តរភាព​នៃ​ការបញ្ចេញ​ទឹក​សំណល់ សំណល់​រឹង និង​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ផងដែរ​»​។​

​លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួង​ MISTI​ បានឱ្យដឹងថា ជាមួយនឹង​ភាពជោគជ័យ​នៃ​គម្រោង TEST នេះ លោក​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សម្រាប់​ការ​សហ​ការ​សម្រាប់​ជំនួយ​បច្ចេកទេស GEF​។

លោក​លើកឡើងថា គម្រោង TEST បាន​ជួយ​រោងចក្រ និង​សហគ្រាស​​ធុន​តូច និង​មធ្យម​ជាច្រើន ពង្រឹង​ប្រសិទ្ធភាព​ធនធាន និង​ផលិតកម្ម​ស្អាត (RECP) ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន (EMS) និង​គណនេយ្យ​គ្រប់គ្រង​បរិស្ថាន (EMA) ការបង្កើន​ផលិតភាព ការកាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម និង​ការបង្កើន​សមត្ថភាព​ប្រកួតប្រជែង​នៃ​វិស័យ​ផលិតកម្ម​សម្រាប់​ទីផ្សារ​ក្នុងស្រុក តំបន់ និង​អន្តរជាតិ​។​

​លោក​បញ្ជាក់ថា​៖ «​យើង​អាច​ពង្រីក និង​លើកទឹកចិត្ត​ឱ្យមាន​គំនិត​ផ្តួចផ្តើម និង​ការប្តេជ្ញាចិត្ត​បន្ថែមទៀត ដូចដែល​បាន​រៀបរាប់​នៅក្នុង​យុទ្ធ​​នា​ការ ១០០ ​ថ្ងៃ ឆ្ពោះទៅរក​វិស័យ​ឧស្សាហកម្ម​បៃតង និង​និរន្តរភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​»​។​

​លោក​ក៏បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទាំងអស់ វិស័យ​សាធារណៈ និង​ឯកជន និង​ស្ថាប័ន​ក្រោម​ឱវាទ MISTI ប្តេជ្ញា និង​បន្ត​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​ខាងលើ ជាពិសេស​ក្នុងចំណោម​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ៦០ ០០០ និង​រោងចក្រ​ចំនួន ២ ០០០​។​

​លើសពីនេះ លោក​ថា ដើម្បី​គាំទ្រ​បន្ថែមទៀត​ជាមួយនឹង​កម្រិត TEST កម្រិត​ខ្ពស់​សម្រាប់​ផលប៉ះពាល់​កាន់តែ​ធំ​នៅក្នុង​ឧស្សាហកម្ម​បៃតង ដូចជា​គំនិត​ផ្តួចផ្តើម​សួន​ឧស្សាហកម្ម​អេកូ (EIP) ដែលមាន​គោលដៅ​ពង្រឹង​នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZs) ឬ​សួន​ឧស្សាហកម្ម (IP) នៅ​កម្ពុជា​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា បន្ទាប់ពី​គម្រោង TEST ទទួលបាន​លទ្ធផល​ជោគជ័យ​៕