ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​សំដៅ​ដល់​ការផ្ដល់ ឬ​ការប្រមូល​ដោយ​ចេតនា​នូវ​ទ្រព្យសម្បត្តិ មូលនិធិ ឬ​សេវាកម្ម​ផ្សេងៗ​ក្នុង គោលបំណង​ប្រើប្រាស់ ឬ​ដោយ​ដឹងថា ​ទ្រព្យ​សម្បត្តិ​មូលនិធិ ឬ​សេវា​នេះ​នឹង​ត្រូវបាន ឬ​អាច​ប្រើប្រាស់​ទាំងមូល ឬមួយ​ផ្នែក​សម្រាប់​គាំទ្រ​ក្នុងការ​បង្កើត​អាវុធ​ផ្ទុះ​អា​តូ​មិ​ក ឬ​នុយ​ក្លេរ​អ៊ែរ អាវុធ​សម្ភារ​វិទ្យុសកម្ម អាវុធ​គីមី និង​អាវុធ​ជីវ​​សាស្ដ្រ ដែល​អាច​សម្លាប់ ឬ​បង្ក​មហន្ដរាយ​ដល់​មនុស្ស ឬ​សត្វពាហនៈ ព្រមទាំង​អាវុធ​ផ្សេងទៀត ដែល​ត្រូវបាន​ផលិត​នាពេល​អនាគត ដែលមាន​លក្ខណៈ​បង្ក​នូវ​ផល​បំផ្លិចបំផ្លាញ​ដូចនឹង​គ្រាប់បែក​អា​តូ​មិ​ក ឬ​នុយ​ក្លែ​អ៊ែរ ឬ​អាវុធ​ដទៃទៀត​។​

​ច្បាប់​ស្ដីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​​សាយភាយ​អាវុធ​មហា​ប្រល័យ ត្រូវបាន​ប្រកាស​ឱ្យប្រើ​ប្រាស់​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/ ០៦២០/០១៩ ចុះ​ថ្ងៃទី​ ២៧ ខែមិថុនា ឆ្នាំ​ ២០២០ ដែល​បែង​ចែកចេញជា​៨ ជំពូក​មាន ២៤ មាត្រា ដែល​កំណត់​អំពី​នីតិវិធី​ការដាក់​ឈ្មោះ ក្នុង​បញ្ជី​និង​ការ​បង្កក​ទ្រព្យសម្បត្តិ ការស្នើសុំ​ដក​ឈ្មោះ​ចេញពី​បញ្ជី និង​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ការហាមឃាត់ និង​កាតព្វកិច្ច​ការ រាយការណ៍ ការ​រឹបអូស​ទ្រព្យសម្បត្តិ​បង្កក និង​យន្ដការ​គ្រប់គ្រង​ដើម្បី​ការបង្ការ ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​


ការ​បង្កក​ទ្រព្យសម្បត្តិ​សំដៅ​ដល់​ការទប់ស្កាត់ ការលក់ ការផ្គត់ផ្គង់ ភតិសន្យា ការផ្ទេរ ការ​​បំប្លែង ការធ្វើ​មត៌ក ឬ​អនុប្បទាន ការ​ចល័ត ឬ​ការប្រើប្រាស់​ទ្រព្យ​។ ការ​បង្កក​ទ្រព្យសម្បត្តិ​នេះ ត្រូវអនុវត្ត​ទៅបាន​តាម​សេចក្ដីសម្រេចចិត្ត​ដាក់ឈ្មោះ​បុគ្គល ឬ​អង្គភាព​ក្នុង​បញ្ជី​ដោយ​ក្រុមប្រឹក្សាសន្ដិសុខ​នៃ​អង្គការសហប្រជាជាតិ ឬ​គណៈកម្មាធិការ​នៃ​ក្រុមប្រឹក្សា​នេះ ដែល​សេចក្ដីសម្រេចចិត្ត​ដាក់ឈ្មោះ​បុគ្គល ឬ​អង្គភាព​ត្រូវ​បញ្ជូនមក​ក្រសួងការបរទេស និង​សហ​​ប្រតិបត្តិការ​អន្ដរជាតិ ហើយ​ត្រូវបញ្ជូន​ដោយ​គ្មាន​បង្អង់​នូវ​សេចក្ដីសម្រេចចិត្ត​ដាក់ឈ្មោះ​បុគ្គល ឬ​អង្គភាព​ជាប់​ក្នុង​បញ្ជី​ទៅ​ក្រសួង យុត្តិធម៌ ហើយ​ក្រសួងយុត្តិធម៌​ត្រូវ​ចាត់​បញ្ជូន​ឯកសារ​ទាំងនោះ​ទៅ​តុលាការ​ដោយ​គ្មាន​បង្អង់ (​ដូច​មាន​តារាង​ភ្ជាប់​មកជា​មួយ​)​។ 

 


ការស្នើសុំ​សេចក្ដីសម្រេច​បង្កក​ទ្រព្យសម្បត្តិ មាន​ដូចខាងក្រោម​៖​ក​.​ទ្រព្យសម្បត្តិ​ដែលជា​កម្មសិទ្ធិ ឬ​គ្រប់គ្រង​ដោយ​បុគ្គល ឬ​អង្គភាព​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ ​ទោះ​មួយផ្នែក ឬ​ទាំងស្រុង ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ក្ដី ហើយ​មិនមែន​ត្រឹមតែ​ជា​ទ្រព្យសម្បត្តិ​ដែល​អាច​ជាប់​ជា​សកម្មភាព ផែនការ​ទុច្ចរិត ឬ​ការ​គំរាម​គំហែង​ជាក់លាក់​នោះទេ​។​

ខ​.​ទ្រព្យសម្បត្តិ​របស់​បុគ្គ​ល ឬ​អង្គភាព​តំណាង​ឬ​ស្ថិតក្រោម​ការដឹកនាំ​ផ្ទា​ល់ពី​បុគ្គល ឬ​អង្គភាព​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​។ គ​.​ទ្រព្យសម្បត្តិ​បង្វែរ​មកពី ឬ​រកបាន​មកពី​ទ្រព្យ​សម្បត្តិ​ដែល​បានកំណត់​នៅក្នុង​វាក្យខណ្ឌ (​ក​) និង (​ខ​)​។​

​ឃ​.​នាវា​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ដោយ​ក្រុមប្រឹក្សា​​សន្ដិសុខ​នៃ​អង្គការសហប្រជាជាតិ ឬ​គណៈ​​ក​ម្មា​ធិ​ការ​នៃ​ក្រុមប្រឹក្សា​នេះ អនុលោម​តាម​សេចក្ដីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្ដិសុខ​នៃ​អង្គការសហប្រជាជាតិ​។​

សេចក្ដីសម្រេច​បង្កក​ទ្រព្យសម្បត្តិ​ចេញ​ដោយ​តុលាការ​ពុំមាន​រយៈពេល​កំណត់​ឡើយ លើកលែង តែ​សេចក្ដីសម្រេច​នោះ​ត្រូវបាន​លុបចោល​។​

ក្នុងករណី​មាន​មូលដ្ឋាន​សម​ហេតុផល និង​ជឿជាក់ថា​បុគ្គល ឬ​អង្គភាព​នោះ​ត្រូវ​នឹង​លក្ខខណ្ឌ​ដូច​មានចែង​លម្អិត​ក្នុង​កថាខណ្ឌ​ទី ​៣២ នៃ​សេចក្ដីសម្រេចចិត្ត​លេខ ២២៧០ របស់​ក្រុម​​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ និង សេចក្ដីសម្រេចចិត្ត​បន្ដបន្ទាប់ រដ្ឋមន្ដ្រីក្រសួង​​យុត្តិធម៌​អាចធ្វើ​អធិបញ្ជា​ឱ្យ​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍ ឬ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ដើម្បី​ស្នើសុំ​ទៅ​តុលាការ​ដាក់ឈ្មោះ​បុគ្គល ឬ​អង្គភាព​ក្នុង​បញ្ជី និង​បង្កក​ទ្រព្យសម្បត្តិ (​ដូច​មាន​តារាង​ភ្ជាប់​មកជា​មួយ​)​។​

រាល់​បុគ្គល​ឬ​អង្គភាព​ណា​ដែល​ទទួលរង​ផល​ប៉ះពាល់​ដោយ​សេចក្ដីសម្រេចចិត្ត​ដាក់ឈ្មោះ​របស់​តុលាការ​ដូច​បានកំណត់​ខាងលើនេះ ត្រូវ​បង្កក​ទ្រព្យសម្បត្តិ​ទាំងនោះ​ដោយ​គ្មាន​បង្អង់ និង​ដោយ​គ្មាន​ការជូនដំណឹង​ជាមុន​ឡើយ​។​

បុគ្គល​រាយការណ៍​ដែល​បាន​បង្កក​ទ្រព្យសម្បត្តិ​ស្របតាម​សេចក្ដីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្ដិសុខ​នៃ​អង្គការសហប្រជាជាតិ និងសេចក្ដីសម្រេច​ចិត្ត​ដាក់ឈ្មោះ​របស់​តុលាការ ត្រូវ​រាយការណ៍​ក្នុង​រយៈពេល​មិន​លើសពី ៣ (​បី​) ថ្ងៃ អំពី​ការ​បង្កក​ទ្រព្យសម្បត្តិ និង​រាល់​ការប៉ុនប៉ង​ធ្វើ​ប្រតិបត្តិការ​ទៅលើ​ទ្រព្យសម្បត្តិ ដែល​បាន​បង្កក​ទៅ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​។ បុគ្គល​រាយការណ៍​ត្រូវដាក់​របាយការណ៍​អំពី​ការ​បង្កក​ទ្រព្យសម្បត្តិ​ទៅ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា ហើយ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ត្រូវ​ថតចម្លង​របាយការណ៍​អំពី​ការ​បង្កក​ទ្រព្យ​​សម្បត្តិ​ជូន​ក្រសួងយុត្តិធម៌​។​

បុគ្គល​រាយការណ៍​ដែល​បានធ្វើ​របាយការណ៍​ត្រូវ​ផ្ដល់ព័ត៌មាន​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​របាយការណ៍​នេះ​ឱ្យបាន​ឆាប់រហ័ស​តាម​ការស្នើសុំ​របស់​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា ឬ​ក្រសួងយុត្តិធម៌​។ អង្គភាព​ក្រៅពី​បុគ្គល​រាយការណ៍ ដែល​បាន​បង្កក​ទ្រព្យសម្បត្តិ​ស្របតាម​សេចក្ដីសម្រេចចិត្ត​របស់ ក្រុម ប្រឹក្សាសន្ដិសុខ​នៃ​អង្គការសហប្រជាជាតិ និង សេចក្ដីសម្រេចចិត្ត​ដាក់ឈ្មោះ​របស់​តុលាការ ត្រូវ​រាយការណ៍​ក្នុង​រយៈពេល​មិន​លើសពី ៣ (​បី​) ថ្ងៃ អំពី​ការ​បង្កក​ទ្រព្យសម្បត្តិ និង​រាល់​ការប៉ុនប៉ង​ធ្វើ​ប្រតិបត្តិការ​ទៅលើ​ទ្រព្យសម្បត្តិ ដែល​បាន​បង្កក​ទៅ​ក្រសួងយុត្តិធម៌​។​ 

 

​បុគ្គល​រាយការណ៍ ត្រូវដាក់​របាយការណ៍​អំពី​ការ​បង្កក​ទ្រព្យសម្បត្តិ​ទៅ​ក្រសួងយុត្តិធម៌ ហើយ​ក្រសួងយុត្តិធម៌​ត្រូវ​ថតចម្លង​របាយ​ការណ៍​អំពី​ការ​បង្កក​ទ្រព្យសម្បត្តិ​ជូន​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​។ បុគ្គល​រាយការណ៍​ដែល​បានធ្វើ​របាយការណ៍ ត្រូវ​ផ្ដល់ព័ត៌មាន​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​របាយការណ៍​នេះ​ឱ្យបាន​ឆាប់រហ័ស​តាម​ការស្នើសុំ​របស់​ក្រសួងយុត្តិធម៌​ឬ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​។​

បុគ្គល​ណា​ដែល​បាន​បំពាន​សេចក្ដីសម្រេច​បង្កក ឬ​ប្រគល់​ទ្រព្យសម្បត្តិ ឬ​កាតព្វកិច្ច​រាយ​​ការណ៍​ដែល​បានចែង​ក្នុង​ច្បាប់​ស្ដីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​​ប្រល័យ ត្រូវ​ផ្ដន្ទាទោស​តាមច្បាប់់​៕ 


រៀបចំ​ដោយ​៖ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ ​នាយកដ្ឋាន​កិច្ចការ​គតិយុត្ត​
​អ៊ីមែ​ល​៖ legal@serc.gov.kh
​ទូរស័ព្ទ​៖ ០២៣ ៨៨៥ ៦១១