ភ្នំពេញ​: ក្រុមហ៊ុន​ជប៉ុន​ប្រហែល ២២ មាន​ផែនការ​គ្រោង​នឹងចូលរួម​វិនិយោគ​លើ​ការ​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ (TIA) ដើម្បី​ចាប់យក​ការ​ស្ទុះ​ងើបឡើង​វិញ​ជា​បណ្ដើរៗ នៃ​វិស័យ​ទេសចរណ៍​ដែល​រង​ផលប៉ះពាល់ យ៉ាងខ្លាំង​ក្នុងអំឡុងពេល​នៃ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​​ ១៩ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។​

លោក ស៊ិន ចាន់​សិរី​វុត្ថា អនុ​ រដ្ឋលេខាធិការ អាកាសចរ​ស៊ីវិល (SSCA)​ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ​២៥ ខែធ្នូ​ថា ​ក្រុមហ៊ុន​ទាំងនោះ​បាន មក​ទស្សនា​ព្រលានយន្តហោះ​កាលពី​ថ្ងៃទី ​២០ ខែធ្នូ​ ដើម្បី​សិក្សា​ពី​សក្តានុពល និង​ការរីកចម្រើន​នៃ​ព្រលានយន្តហោះ​នេះ ខណៈដែល​ពួកគេ​គ្រោង​នឹង​វិនិយោគ​មួយចំនួន​ផងដែរ​។


លោក​បានឱ្យ​ឱ្យដឹងថា ព្រលាន​យន្តហោះ​អន្តរជាតិ​តេ​ជោ ជា​ព្រលាន​ យន្តហោះ​ឈានមុខ​គេ​មួយ​ក្នុងប្រទេស ខណៈដែល​គម្រោង​នេះ​សាងសង់​លើ​ផ្ទៃដី​ទំហំ ២ ៨០០​ ហិកតា នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​ខេត្តតាកែវ​។ គិត​ត្រឹម​សប្តាហ៍​ទី​១ ​នៃ​ខែធ្នូ ការ​សាងសង់​ព្រលានយន្តហោះ​នេះ សម្រេចបាន​ជាង ៥៨​ ភាគរយ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០២៤ និង​ដាក់ឱ្យ​ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២៥​។​

​លោក​ថ្លែងថា​៖ «​ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​នាពេល​ថ្មីៗ​នេះ របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ទៅកាន់​ប្រទេស​ជប៉ុន ក៏​ជា​ចំណុច​ដ៏​សំខាន់​សម្រាប់​ការទាក់ទាញ​វិនិយោគិន​ជប៉ុន ឱ្យ​ចូលរួម​ក្នុងការ​វិនិយោគ​លើ​ព្រលាន​យន្តហោះ​ផងដែរ​»​។


លោក​បន្តថា​៖ «​ការវិនិយោគ​ព្រលានយន្តហោះ​កម្ពុជា (CAI)​ អនុញ្ញាតឱ្យ​យើង​នាំយក​ក្រុមហ៊ុន​ជប៉ុន​ចំនួន ២២ មក​ទស្សនកិច្ច​សិក្សា​នៅ​ការដ្ឋាន​សំណង់ ដើម្បី​ពិនិត្យមើល​ពី​សក្តានុពល និង​វឌ្ឍនភាព​ដើម្បី​ពួកគេ​ធ្វើការ​សម្រេចចិត្ត​ក្នុង​ការចូល​រួមការ​​វិនិយោគ​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា​បានឱ្យដឹងថា ជាមួយនឹង​វត្តមាន​របស់​ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ ​(TIA)​ នឹងមាន​សារៈសំខាន់​សម្រាប់​ការ​អភិ​​វ​ឌ្ឍ​អាកាសចរណ៍​របស់​កម្ពុ​ជា ព្រោះ​វា​អាច​គ្រប់គ្រង​ការហោះហើរ​ត្រង់​រយៈ​​ចម្ងាយ​ឆ្ងាយ​ពី​គោលដៅ​ផ្សេងទៀត​ជាច្រើន​ជុំវិញ​ពិភពលោក​។​

​លោក​លើកឡើងថា​៖ «​យើង​រំពឹង​យ៉ាងខ្លាំង​ថា នៅពេលដែល​ព្រលាន​យន្តហោះ​នេះ​ដាក់ឱ្យ​ដំណើរការ យើង​នឹង​អាច​ស្វាគមន៍​គោលដៅ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ថ្មី​មួយចំនួន​ដោយផ្ទាល់​មកកាន់​ប្រទេស​របស់​យើង​។ នៅពេលនេះ យើង​អាច​មើលឃើញថា ចំនួន​នៃ​ការមកដល់​របស់​ភ្ញៀវទេសចរ​បាន​កើន​ឡើងជា​បណ្តើរៗ​ហើយ នៅពេលដែល​ព្រលាន​យន្តហោះ​ត្រូវបាន​បញ្ចប់ និង​បើក​ឱ្យ​ដំណើរការ វា​នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ស្វាគមន៍​ជើងហោះហើរ​ថ្មី​មួយ ចំនួន​ផ្សេងទៀត​»​។​

​បើតាម​លោក វុត្ថា សម្រាប់​ដំណាក់​កាល​ទី​១ នៃ​ការសាងសង់ នឹងត្រូវ​ចំណាយ​ថវិកា​ចំនួន ៨០០​ លាន​ដុល្លារ សម្រាប់​ការងារ​សំខាន់ៗ ហើយ​បច្ចុប្បន្ន ស្ថានីយ​អ្នកដំណើរ​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន ​China Construction Unit III (CCTEB) សម្រេចបាន ៤៧,៤ ​ភាគរយ​ហើយ មជ្ឈមណ្ឌល​ផ្គត់ផ្គង់​ថាមពល​សម្រេចបាន ៧៣,៧ ភាគរយ ការងារ​ទាក់ទង​នឹង​ចំណត រថយន្ត ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុមហ៊ុន shanghai baoye (Cambodia) co. ltd សម្រេចបាន ៥២,២ ​ភាគរយ​។​

​សម្រាប់​ការសាងសង់​ប៉ម​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន ​Cana Sino Construction Corporation ក៏​សម្រេចបាន ៩០,៨ ​ភាគរយ​ហើយ​។​

​លោក​លើកឡើងថា​៖ «​ប្រសិនបើ​គ្មាន អ្វី​ផ្លាស់ប្តូរ​ទេ គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២៤ ហើយ​យើង​រំពឹងថា ព្រលានយន្តហោះ​នេះ​នឹង​បើក​ដំណើរការ​នៅ​ឆមាស​ទី​១ ឆ្នាំ​ ២០២៥ ព្រោះ​យើង​ត្រូវការ​ការធ្វើ​តេស្ត​សាកល្បង និង​ការ​បញ្ជាក់​សម្រាប់​ជើងហោះហើរ​»​។​

​លោក​បន្តថា ការសាងសង់​បាន ចាប់ផ្ដើម​ដំណើរការ​កាលពី​ឆ្នាំ​ ២០១៩ TIA នឹងត្រូវ​បញ្ចប់​ក្នុងដំណាក់កាល​ទី១ ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២៤​។ នេះ​បើ​យោងតាម​ផែនការមេ ដែល​បានធ្វើ​បច្ចុប្បន្នភាព​របស់​ក្រុមហ៊ុន ​CAIC​។​

CAIC គឺជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន Overseas Cambodia Investment Corp Ltd (OCIC) និង SSCA ត្រូវបាន​បង្កើតឡើង​ដោយ​ឈរលើ​មូលដ្ឋាន ៩០:១០​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន ​OCIC នៅក្នុង​កំណត់ត្រា​នៅលើ​គេហទំព័រ​របស់ខ្លួន​។​

​បើតាម​ទិន្នន័យ​របស់ SSCA ចន្លោះ​ពី​ខែមករា ដល់​ខែកញ្ញា ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​ ៣​ របស់​កម្ពុជា​បាន​ស្វាគមន៍​អ្នកដំណើរ​សរុប​ចំនួន​ជិត ៣,៧ ​លាន​នាក់ កើនឡើង ១៦២ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។ តួលេខ​ពី​ក្រសួង​ដែល​បានចេញ​ផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន​បង្ហាញថា ក្នុង​រយៈ​ពេល ១០​ ខែ នៃ​ឆ្នាំ​ ២០២៣ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​ជាង ៤,៤ ​លាន​នាក់​កើនឡើង​ចំនួន ១៧៩,៧​ ភាគរយ បើ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២២៕​