​ភ្នំពេញ​: រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​រថ​លើកដាក់​ចល័ត​នៅ​គែម​ផែ​ចំនួន​ ២ ដែលមាន​សមត្ថភាព​អាច​លើកដាក់​ទំនិញ​ទូ​ទៅជា​អតិបរមា ១០០ តោន និង​លើក​កុងតឺន័រ​ជា​មធ្យម ១៥​ កុងតឺន័រ​/​ម៉ោង ហើយ​មានតម្លៃ​សរុប​ប្រហែល ចំនួន ១៣,៩​ លាន​ដុល្លារ​អាមេរិក ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ (PAS) សម្រាប់​បម្រើ​ដល់​ប្រតិបត្តិការ​របស់​កំពង់​ផែ​។​

​យោងតាម​ឯកសារ​របស់ PAS ផ្ញើ​ទៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា កាលពី​ថ្ងៃទី​ ២២ ខែធ្នូ កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​បាន​ជូនដំណឹង​ដល់​វិនិយោគិន និង​សាធារណជន​ថា រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​រថ​លើកដាក់​ចល័ត​នៅ​គែម​ផែ​ចំនួន ​២ ​ដែលមាន​សមត្ថភាព​អាច​លើកដាក់​ទំនិញ​ទូទៅ​ជា​អតិ​​បរមា ១០០ ​តោន ដើម្បី​ពង្រីក​សមត្ថភាព​កំពង់ផែ​។​


«​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​បានទទួល​រថ​លើក​ដាក់​ចល័ត​នៅ​គែម​ផែ (Mobile Harbor Cranes) ចំនួន ២ ​គ្រឿង ដែលមាន​សមត្ថភាព​អាច​លើកដាក់​ទំនិញ​ទូ​ទៅជា​អតិបរមា ១០០ ​តោន និង​លើក​កុងតឺន័រ​ជា​មធ្យម​ ១៥ កុងតឺន័រ​/​ម៉ោង ដែលមាន​តម្លៃ សរុប​ប្រហែល ចំនួន ១៣,៩ លាន​ដុល្លារ​អាមេរិក ដែលជាជំនួយឥត​សំណង​ពី​រដ្ឋាភិបាល នៃ​ប្រទេស​ជប៉ុន​ហើយ​បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នា​ថ្ងៃទី​ ២២ ខែធ្នូ ឆ្នាំ​ ២០២៣ នេះ​ផងដែរ ក្រោម​អធិបតីភាព លោក​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ថ្មី​ជំហាន​ទី ​១ និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គ្រឿងចក្រ​លើកដាក់​ចល័ត​នៅ​គែម​ផែ ចំនួន ២ គ្រឿង ដែល​បាន​ប្រារព្ធ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ​»​។​ ​នេះ​បើ​យោងតាម​ឯកសារ​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​កាលពី​ថ្ងៃទី​ ២២ ខែធ្នូ លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ជាមួយ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​មានដំណើរ​ការល្អប្រសើរ កម្ពុជា​នៅតែ​ជា​ប្រទេសមួយ​ដែល​ទាក់ទាញ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) ពី​ក្នុង​តំបន់ និង​ពិភពលោក​។ លោក​បានបញ្ជាក់​ដោយយោង​តាម FDI Standouts Watchlist 2024 ដែល​បានចេញ​ផ្សាយ​ដោយ​ទស្សនា​វ​ដ្តី fDi​ ថា ប្រទេស​​កម្ពុជា​ឈានមុខ​គេ​សម្រាប់​ការវិនិយោគ​ដោយផ្ទាល់​នៅ​ឆ្នាំ ២០២៤​។​


«​កម្ពុជា​បាន​ឈរលើ​លេខ​​រៀង​ទី១ នៃ​ប្រទេស​ដែលមាន​សម្ទុះ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស (FDI) ដោយ​ទទួលបាន​ពិន្ទុ Index Score ៩៦.១១ លើ​ ១០០​។ លើសពីនេះ កម្ពុជា​សម្បូរ​ពោរពេញ​ដោយ​កម្លាំង​ពលកម្ម​ដែលមាន​វ័យក្មេង ប្រកបដោយ​សក្តា​នុ​ពល និង​ជា​កាតាលីករ​ដ៏​សំ​ខាន់​នៅក្នុង​ចរន្ត​សេដ្ឋកិច្ច​ជាតិ​។ កម្ពុជា​ក៏បាន​ធ្វើ​ទំនើប​កម្ម​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បាន​យ៉ាង​ល្អប្រសើរ រាប់​ចាប់ពី​អាកាសយានដ្ឋាន​អន្តរជាតិ កំពង់ផែ​ទឹក​ជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជា​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក បូកផ្សំ​នឹង​ទីតាំង​ដ៏​មាន​សក្តា​នុ​ពល​ដែល​ផ្តល់នូវ​កាលា​នុ​វត្ត​ភាព​ប្លែក​ពី​គេ​សម្រាប់​ការវិនិយោគ​។ »​។ នេះ​បើ​យោង តាម លោក ហ៊ុន ម៉ា​ណែ​ត​។​

​លោក លូ គឹមឈុន ប្រធាន PAS បានឱ្យដឹងថា កំពង់ផែ​នេះ នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រតិបត្តិការ​អាជីវ​កម្ម និង​សេវាកម្ម​របស់ខ្លួន ដើម្បី​សម្រេចបាន​លទ្ធផល​ល្អ​បំផុត​សម្រាប់​ជា​ប្រយោជន៍​ដល់​ម្ចាស់​ភាគហ៊ុន​របស់​ពួកគេ​។​

​លោក​ថ្លែងថា​៖ «PAS បាន​ពង្រឹង​ប្រសិទ្ធភាព​របស់ខ្លួន និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​ដែល​កំពុង​កើន​ឡើង និង​កំណើនសេដ្ឋកិច្ច​។ ជាមួយនឹង​ការកើនឡើង​នៃ​បរិមាណ​ទំនិញ និង​កុងតឺន័រ​ឆ្លងកាត់ ​PAS បាន​ជួសជុល​កំពង់ផែ​ថ្មី (​ដែល​បាន​សាង​សង់​កាលពី​ឆ្នាំ​ ១៩៦៩ មាន​ប្រវែង ៣៥០ ​ម៉ែត្រ​) ឱ្យ​ក្លាយជា​ចំណត​ផែ​កុងតឺន័រ​បន្ថែម​ដែលមាន​ប្រវែង ២៥៣ ម៉ែត្រ បច្ចុប្បន្ន​មាន​ចំណត​ផែ​តែ ២​ ប៉ុណ្ណោះ​»​។​

​យោងតាម​ឯកសារ​របស់ PAS ផ្ញើ​ទៅកាន់​ CSX នៅ​ថ្ងៃទី​ ១៤ ខែសីហា ផែ​នេះ​រកបាន​ប្រាក់​ចំណូល​ជាង ៩២​ ពាន់​លាន​រៀល​និង​ប្រាក់ចំណេញ​សុទ្ធ​ជិត​ ៣០​ ពាន់​លាន​រៀល​ក្នុង​ត្រីមាស​ទី​ ២ ​ឆ្នាំ ​២០២៣ ខណៈដែល​ប្រាក់​​ចំណូល​បាន​កើនឡើង​ ០,៩១ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២២​។​

​សម្រាប់​ប្រាក់ចំណេញ​សុទ្ធ​បន្ទាប់ពី​បង់ពន្ធ​រួច បាន​ធ្លាក់ចុះ​ជិត ​១៥ ​ពាន់​លាន​រៀល​ស្មើនឹង​ ៣៣,២៥​ ភាគរយ​។ ការធ្លាក់​ចុះ​នេះ គឺ​ដោយសារតែ​ការ​កើន​​ឡើង​នៃ​ទំនិញ​កុងតឺន័រ និង​ទំនិញ​ឆ្លងកាត់ ប៉ុន្តែ​ដោយសារ​តែ​ការធ្លាក់ចុះ​នៃ​ការ​កើន​ថ្លៃ​នៃ​អត្រា​ប្តូរប្រាក់​បរទេស (​ប្រាក់​​យ៉េន​ជប៉ុន​)​ បាន​នាំឱ្យមាន​ការធ្លាក់ចុះ​ប្រាក់ចំណេញ​សុទ្ធ​បន្ទាប់ពី​បង់ពន្ធ​រួច ធៀប​នឹង​ត្រីមាស​ទី២ ឆ្នាំ​ ២០២២៕