ភ្នំពេញ​: សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ភីអិលស៊ី (CGCC) បានចេញ​លិខិតបញ្ជាក់​ការធានា​ឥណទាន (LG)  ​ចំនួន ១ ៨៨០ គណនី​ក្នុង​ទំហំ​ទឹកប្រាក់​កម្ចី​ប្រមាណ ១៥៩,៦៩ លាន​ដុល្លារ​គិត​ត្រឹម​ដំណាច់ខែ​វិច្ឆិកា ដើម្បី​គាំទ្រ​ដល់​សហគ្រាស​មីក្រូ ធុន​តូច និង​មធ្យម (MSMEs) ដែល​រង​ផលប៉ះពាល់​ដោយ​ការរីក​រាល​​ដាល​ជំងឺ​រា​ត​កូ​វីដ​​ ១៩ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​

​យោងតាម​តួលេខ​ចុងក្រោយ​បំផុត​ត្រឹម​ថ្ងៃទី​ ២២ ខែធ្នូ គិត​ត្រឹម​ចុងខែ​វិច្ឆិកា ទំហំ​ប្រាក់កម្ចី​ដែលមាន​ការធានា​មាន​ចំនួន ១១៣,៩៦ លាន​ដុល្លារ ហើយ​ចំនួន​ទឹកប្រាក់​ធានា​មាន​ចំនួន ៨២,១២ លាន​ដុល្លារ ខណៈដែល​អនុ​បាត​ប្រាក់កម្ចី​មិន​ដំណើរការ នៃ​ចំនួន​ទឹកប្រាក់​ធានា​មាន​ចំនួន ៥,៤១ ភាគរយ និង​ប្រាក់​ទូទាត់​សំណង​មាន​ចំនួន ១២៣ ៣៣៦ ដុល្លារ​។ ក្នុង​ទឹកប្រាក់​ដែល​បានផ្តល់​នោះ​មាន ១ ៧៣១ ជា MSME និង ១៤៩ ជា​ក្រុមហ៊ុន​ធំៗ​។​


​លោក ម៉ី វ៉ាន់​រដ្ឋលេខាធិការ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​កាលពី​ខែ​ថ្មីៗ​នេះ​ថា សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម របស់​កម្ពុជា​តាមរយៈ​ការរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ចំនួន ៥០,២​ ភាគរយ​កាលពី​ឆ្នាំ​ ២០០៣ មក​ត្រឹមតែ ១៧,៨ ​ភាគរយ​កាលពី​ឆ្នាំ ​២០២០ តាមរយៈ​ការបង្កើន​ការងារ និង​ប្រាក់ចំណូល​សម្រាប់​ប្រជាជន​កម្ពុជា​។​

​លោក​បានឱ្យដឹងថា ការបង្កើត​សាជី វ​កម្ម​ធានា​ឥណទាន​កម្ពុជា​ភីអិលស៊ី (CGCC) គឺ​ដើម្បី​ចែករំលែក ហានិភ័យ ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ក្នុង​ការផ្តល់​ប្រាក់កម្ចី​ក្នុង​គោលបំណង​បង្កើន​លទ្ធ​​ភាព​ទទួលបាន​ប្រាក់កម្ចី​ដល់​អាជីវកម្ម ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម​។​


​លោក​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​បាន​ចាត់ទុកថា ការប្រើប្រាស់​ថវិការដ្ឋ​ក្នុងការ​​ទ្រទ្រង់​ហិរញ្ញប្បទាន តាមរយៈ​យន្តការ​ធានា​ឥណទាន​មាន​អត្ថប្រយោជន៍​ចម្បង​ទី​ ១ គឺ «​ប្រសិទ្ធភាព​ការប្រើប្រាស់​» ដោយ ប្រើប្រាស់​ដើមទុន​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ក្នុង​ការធានា​កម្ចី​បង្វិល ព្រោះ​ដើមទុន​នេះ ប្រើប្រាស់​តែ នៅ ពេលដែល​ប្រាក់កម្ចី​ធានា​ត្រូវបាន​បាត់បង់​។ ដូច្នេះ​ថវិការដ្ឋ​ចំនួន ២០០ លាន​ដុល្លារ ដែល​ផ្តល់​ដល់​សាជីវកម្ម ធានា​ឥណទាន​កម្ពុជា ធ្វើជា​ដើមទុន វា​នឹង​អាច​ទ្រទ្រង់​ការចេញ​ប្រាក់កម្ចី​ថ្មី ដែលមាន​ការធានា​ជាង ២០០ ​លាន​ដុល្លារ​។ ទី​២ «​ឧបករណ៍​ទប់ទល់​វិបត្តិ​»​តាមរយៈ​ការរក្សា​ទំនុកចិត្ត​ទីផ្សារ ជា​​ពិសេស​ក្នុងអំឡុងពេល​មាន​វិបត្តិ ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​សកម្មភាព​សេដ្ឋកិច្ច​»​។​

​លោក តូច ចៅ​ចេក នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ភីអិលស៊ី (CPBank) ដែលជា ដៃគូ​របស់ CGCC បាន​គូសបញ្ជាក់ថា សហគ្រាស​ធុន​តូច និង​មធ្យម (SME) ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​ស្វែងរក​ប្រាក់កម្ចី ដោយមាន​ជំនួយ​ពី​សាជីវកម្ម​ធានា​ឥណទាន​រដ្ឋ​កម្ពុជា ភីអិលស៊ី ជា​សហគ្រាស​រដ្ឋ មាន​ហានិភ័យ​តិចជាង​ដៃគូ​របស់​ពួកគេ​ដែល​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​។​

​គូសបញ្ជាក់ថា កាលពីដើម​ខែមករា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានប្រកាស​បន្ត​ដាក់ឱ្យ​ដំណើរការ​នូវ​គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម (BRGS)  ​របស់ CGCC ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម ទាំង​មីក្រូ សហគ្រាស​ធុន​តូច និង​មធ្យម (MSMEs) និង​សហគ្រាស​ធំៗ ក្នុងការ​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញ​ប្ប​ទាន ពី​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ចូលរួម  (PFIs) សម្រាប់​ជា​ទុន​បង្វិល ការ​ វិនិយោគ និង​ការពង្រីក​អាជីវកម្ម​៕