ភ្នំពេញ៖​ ​ធនាគារ DEUTSCHE BANK AG របស់​អាល្លឺម៉ង់​សាខា​ក្នុងប្រទេស​សិង្ហ​បុរី បានសម្រេច​ផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ថោក ចំនួន ៥០​ លាន​ដុល្លារ​ដល់​ក្រុមហ៊ុន CAMGSM ជា​ក្រុមហ៊ុន ចុះបញ្ជី​ភាគហ៊ុន​ក្នុងស្រុក ដើម្បី​យកទៅ​ពង្រីក​ប្រព័ន្ធ​បណ្តាញ​បច្ចេកវិទ្យា​របស់ខ្លួន​។​

យោងតាម​ឯកសារ​បាន​ពី​ក្រុមហ៊ុន​ដែល​ផ្ញើ​ទៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) កាលពី​ថ្ងៃទី​២៦ ខែធ្នូ ក្រុមហ៊ុន CAMGSM Plc​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ធនាគារ DEUTSCHE BANK AG សាខាប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៣ ក្នុងតម្លៃ​កម្ចី​ចំនួន ៥០ ​លាន​ដុល្លារ សម្រាប់​រយៈពេល ១០ ​ឆ្នាំ ចាប់ពី​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០៣៤ ហើយ​អត្រា​ការប្រាក់​ចំនួន ៣​ ភាគរយ​+ SOFR រយៈពេល ៦ ​ខែ​។​


​ក្រុមហ៊ុន​នេះ បានឱ្យដឹង​នៅក្នុង​ឯកសារ​នេះ​ថា​៖ «​ប្រាក់កម្ចី​រយៈពេល​វែង​នេះ​មាន​គោលបំណង​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការចំណាយ​ដើមទុន​សម្រាប់​ការពង្រីក​ប្រព័ន្ធ​បណ្តាញ​បច្ចេកវិទ្យា​»​។​

លោក ហុង សុ​ហួរ អគ្គនាយក CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ២៦ ខែធ្នូ​ថា ទោះបីជា​ក្រុមហ៊ុន​ត្រូវបាន​ចុះបញ្ជី​លើ​ផ្សារ​ហ៊ុន​នេះ​ក៏ដោយ ក៏​ពួកគេ​នៅតែ​អាច​ទទួលយក​ហិរញ្ញប្បទាន ឬ​កម្ចី​ពី​ប្រភព​ណាមួយ​ដើម្បី​គាំទ្រ​ដល់​កំណើន​អាជីវកម្ម​របស់​ពួកគេ​ដែរ​។​​លោក​ថ្លែងថា​៖ «​ជាធម្មតា ក្រុមហ៊ុន​ណាមួយ​ដែល​បាន​ចុះបញ្ជី​នៅតែមាន​លទ្ធភាព​ទទួល​យកប្រាក់​កម្ចី ឬ​ហិរញ្ញប្បទាន​ពី​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេងទៀត ដើម្បី​គាំទ្រ​ដល់​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ ពីព្រោះ​ពួកគេ​មិនអាច​ប្រើប្រាស់​មូលនិធិ​ដែល​ពួកគេ​ប្រមូលបាន​ពី​ទីផ្សារ​មូលធន​តែមួយ​មុខ ដើម្បី​គាំទ្រ​អាជីវកម្ម​របស់​ពួកគេ​បានទេ​»​។​


លោក​លើកឡើងថា​៖ «​ខ្ញុំ​មើលឃើញថា​កម្រិត​បំណុល​របស់​ក្រុមហ៊ុន​នេះ​គឺ​មិន​បង្កឱ្យមាន​ការព្រួយបារម្ភ​ណាមួយ​សម្រាប់​ក្រុមហ៊ុន​យក្ស​ដូចជា​ក្រុមហ៊ុន​ CMGSM ទេ ព្រោះថា​ពួកគេ​មាន​សមត្ថ​ភាពខ្លាំង ក្នុងការ​គ្រប់គ្រង​បំណុល​។ ជាការ​ពិតណាស់ ខ្ញុំ​មិន​បដិសេធថា​ការកើនឡើង​បំណុល​របស់​ក្រុមហ៊ុន​ណាមួយ​ដែល​បាន​ចុះបញ្ជី​នឹង​បង្ក​ហានិភ័យ​ខ្លះៗ​សម្រាប់​ភាគ​ហ៊ុ​និក និង​វិនិយោគិន ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​មើលថា​តើ​បំណុល​កម្រិតណា និង​របៀប​ដែល​ក្រុមហ៊ុន​ប្រើប្រាស់​បំណុល​ដើម្បី​បង្កើត​ប្រាក់ចំណូល​បន្ថែមទៀត ដូច្នេះ​វា​មិន​មានន័យថា នៅពេលដែល​យើង​មើលឃើញ​បំណុល​កើនឡើង យើង​មានការ​ព្រួយបារម្ភ​នោះទេ​។ ប៉ុន្តែ បំណុល​ដែល​កើនឡើង​ត្រូវបាន​ប្រើ​សម្រាប់​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ ដូច្នេះ​ប្រាក់ចំណូល​របស់​ពួកគេ​នឹង​កើនឡើង​ដែរ​»​។​

យោងតាម CSX ជាមួយនឹង​ប្រាក់កម្ចី​នេះ អនុ​បាត​បំណុល​ធៀប​នឹង​មូលធន​សរុប​របស់​ក្រុមហ៊ុន​ CamGSM មាន​ចំនួន ១៨២,០៧ ភាគរយ​។​

កាលពី​ខែសីហា ក្រុមហ៊ុន CamGSM​ក៏​សម្រេចបាន​លក្ខខណ្ឌ​កម្ចី​រយៈពេល ៥​ឆ្នាំ​ចំនួន​៤ ដែលមាន​ចំនួន​សរុប ១១២,៥​លាន​ដុល្លារ​ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ជាថ្មី លើ​បំណុល​ដែលមាន​ស្រាប់​របស់​ពួកគេ​ពី​ធនាគារ​ចំនួន​ ៣ ទៅ​ធនាគារ​។ យោងតាម​ឯកសារ​របស់​ពួកគេ​ផ្ញើ​ទៅ CSX ការផ្តល់ប្រាក់​កម្ចី​នេះ ក្រុមហ៊ុន​ទទួលបាន ៤០​ លាន​ដុល្លារ​ពី​ធនាគារ ​Malayan Banking Berhad​នៅក្នុង​ប្រទេស​សិង្ហ​បុរី និង ២០​ លាន​ដុល្លារ​ ពី​ធនាគារ​កាណាឌីយ៉ា ភីអិលស៊ី ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុងស្រុក ខណៈដែល​ប្រាក់កម្ចី​ចំនួន ២០ ​លាន​ដុល្លារ ជាមួយនឹង​អត្រា​ការប្រាក់​៨,៧៥​ភាគរយ​ត្រូវបាន​បញ្ចេញ​កាលពី​ថ្ងៃទី​២៧ ខែកក្កដា និង​ប្រាក់កម្ចី ៤០ ​លាន​ដុល្លារ​ ជាមួយនឹង SOFR + ៤,៨៥​ភាគរយ​ត្រូវបាន​បញ្ចេញ​កាលពី​ថ្ងៃទី​២៨ ខែកក្កដា​។ ប្រាក់កម្ចី​ទាំង​២ នេះ មាន​ឥណប្រតិទាន​ដល់​ឆ្នាំ​២០២៨​។​

​ប្រាក់កម្ចី​ចំនួន​២​ទៀត​មាន​ចំនួន ៤២,៥​លាន​ដុល្លារ និង ៤១,៥ ពាន់​លាន​រៀល (​ប្រហែល ១០​លាន​ដុល្លារ​) ត្រូវបាន​ផ្តល់​ដោយ​ធនាគារ​ Maybank (Cambodia) Plc​ក្នុង​អត្រា​ការប្រាក់​ពី ៧ ទៅ ៨ ភាគរយ​។ រយៈពេល​សម្រាប់​ប្រាក់កម្ចី​ទាំងនេះ ចាប់ពី​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២៨​។​

កាលពីដើម​ខែតុលា​ក្រុមហ៊ុន​ CAMGSM PLC បានទទួល​ការយល់ព្រម​ពី​ក្រុមប្រឹក្សាភិបាល​របស់ខ្លួន​សម្រាប់​ការចេញ​មូល​ប​ត្រ​បំណុល (​សញ្ញា​បណ្ណ​និរន្តរភាព​) ដើម្បី​ប្រមូល​មូលនិធិ​ចំនួន ២០​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ១០​ឆ្នាំ​។ មូលនិធិ​មូល​ប​ត្រ​បំណុល​នេះ នឹងត្រូវ​បាន​ប្រើ​សម្រាប់​ការពង្រីក​បណ្តាញ និង​ការផ្តល់​ហិរញ្ញប្បទាន​ជាថ្មី​សម្រាប់​បំណុល​។ នេះ​បើ​យោងតាម CSX៕