​ភ្នំពេញៈ Toyota (Cambodia) ជា​ក្រុមហ៊ុន​ចែកចាយ ដែល​ទទួលបាន​សិទ្ធិ​ពី​ក្រុមហ៊ុន Toyota Motor Corporation របស់​ជប៉ុន បាន​បញ្ជាក់ថា ពុំ​មានការ​ប្រមូលយក​មកវិញ​នូវ​រថយន្ត​ចំនួន ៣​ ម៉ូ​ដែល គឺ Yaris Cross, Wigo និង Avanza/Veloz នៅក្នុង​ទីផ្សារ​កម្ពុជា​ទេ បន្ទាប់ពី​ក្រុមហ៊ុនមេ​បានប្រកាស​ផ្អាក​ការនាំចេញ​រថយន្ត​ម៉ូ​ដែល​ទាំងនេះ ដោយសារតែ​ភាពមិនប្រក្រតី​ផ្នែក​នីតិវិធី​។​

​យោងតាម​ការប្រកាស​បាន​ពី​ក្រុមហ៊ុន Toyota​ (Cambodia) កាលពី​ថ្ងៃទី​ ២១ ខែធ្នូ បន្ទាប់ពី​ក្រុមហ៊ុន Daihatsu Motor Co., Ltd(Daihatsu) ជា​ផ្នែក​មួយក្រុម​ហ៊ុន Toyota Motor បានប្រកាស​ពី​ភាពមិនប្រក្រតី​ផ្នែក​នីតិវិធី​នៃ​ការចេញ​វិញ្ញាបនបត្រ​កាលពី​ថ្ងៃទី​ ២៨ ខែមេសា គណៈកម្មាធិការ​ភាគី​ទី​៣ ឯករាជ្យ​ត្រូវបាន​បង្កើតឡើង និង​បាន​ស៊ើបអង្កេត​បញ្ហា​នេះ​យ៉ាង​ហ្មត់ចត់​ចាប់​​តាំងពី​ពេលនោះ​មក​។​


​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ ក្រុម​ហ៊ុន Daihatsu បានទទួល​លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ភាគី​ទី ​៣ ហើយ​បាន​រាយការណ៍​ពី​លទ្ធ​ផល​នៃ​ការស៊ើបអង្កេត​ទាំងនេះ រួម​ជាមួយនឹង​ពេលវេលា​នៃ​ការ​ស៊ើបអង្កេត​ទៅ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ និង​ទៅ​ក្រសួង​​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សា​ហ​កម្ម​នៅ​ប្រទេស​ជប៉ុន​។​

​ដោយសារ​កាលពី​ថ្ងៃទី​ ២០ ខែធ្នូ រាល់​ការដឹកជញ្ជូន​ទាំង​អស់​ដែល​បាន​ជាប់ទាក់ទង​នឹង​ដំណើរការ​អភិវឌ្ឍន៍រ​បស់​ក្រុម​​ហ៊ុន Daihatsu ត្រូវបាន​ផ្អាក ដោយសារ​ការជាប់​ទាក់ទង​នឹង​ភាពមិនប្រក្រតី​នៃ​វិញ្ញាបនបត្រ​។​


​ក្រុមហ៊ុន Toyota Cambodia បានឱ្យដឹងថា​៖«​យើង​សូមបញ្ជាក់ថា នៅពេលនេះ​មិន​មានការ​តម្រូវឱ្យ​អតិថិជន​ដែល​ប្រើ​​ប្រាស់​រថយន្ត​ម៉ូ​ដែល​ទាំងនេះ ត្រូវ​ចាត់វិធានការ​ណាមួយ​ទេ ដូច្នេះ​ពួកគេ​អាច​បន្ត​ប្រើប្រាស់​យានយន្ត​ទាំងនេះ​ជាធម្មតា​»​។​

​ក្រុមហ៊ុន​បញ្ជាក់ថា​៖ «​ការត្រួត​ពិនិត្យ និង​ការធ្វើ​តេស្ត​ទាំងនេះ​បាន​បញ្ជាក់ថា យានយន្ត​ទាំង​​នេះ បាន​បំពេញ​តាម​ស្តង់ដា​ដែល​បាន​កំណត់ដោយ​បទ​​ប្បញ្ញត្តិ ហើយ​វា​ហាក់ដូចជា​មិនមាន​ភាពចាំបាច់​ក្នុងការ​បញ្ឈប់​ការប្រើប្រាស់​យានយន្ត​ដែល​រង​ផលប៉ះពាល់​នោះទេ​»​។​

​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន Daihatsu បាន​ផ្អាក​ជា​បណ្តោះ​​អាសន្ន​នូវ​ការដឹកជញ្ជូន​រថយន្ត​ម៉ូ​ដែល Yaris Cross, Wigo និង​ម៉ូ​ដែល Avanza/Veloz​ ដែល​វិញ្ញាបនបត្រ​កំពុង​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​អាជ្ញាធរ​អ​ធិ​​ការ​កិច្ច និង​វិញ្ញាបនបត្រ​ឯក​រាជ្យ ខណៈ Toyota Cambodia បាន​រាយការណ៍​ករណីនេះ​ភ្លាមៗ​ទៅ​អាជ្ញាធរ​កម្ពុជា ដើម្បី​ពន្យល់​អំពី​ការពិត​ខាងលើ និង​ពិភាក្សា​អំពី​វិធានការ​បន្ទាប់​។​

«​ក្នុងនាម Toyota Cambodia យើង​នឹង​ចាប់ផ្តើម​ការនាំ​ចូល​ម៉ូ​ដែល Yaris Cross និង Wigo ឡើងវិញ​បន្ទាប់ពី​ទទួល​បានការ​ណែនាំ​ពី​អាជ្ញាធរ​អ​ធិ​ការ​កិច្ច និង​វិញ្ញាបនបត្រ​ឯក​​រាជ្យ និង​អាជ្ញាធរ​កម្ពុជា​»​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​។​

​លោក កែវ វឌ្ឍនៈ អ្នក​គ្រប់​​គ្រង​ទូទៅ​ទទួលបន្ទុក​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន​ Toyota (Cambodia) ​បាន​ប្រាប់​ភ្នំ​​ពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៦ ខែធ្នូ​ថា រហូតមកដល់​ពេលនេះ ទីផ្សារ​កម្ពុជា​មិនមាន​ការប្រកាស​ប្រ​មូល​រថយន្ត​វិញ​ទេ ដោយសារ​វា​មិនមាន​បញ្ហា​ជាមួយ​គុណ​ភាព​ផលិតផល​នោះទេ គឺ​វា​ជាប់ទាក់ទង​នឹង​របាយការណ៍​សាកល្បង​តែប៉ុណ្ណោះ​។

លោក​បាន​បន្តថា​៖ «​ក្រុមហ៊ុន Toyota Cambodia បានធ្វើ​របាយ​ការណ៍​ទៅ​អាជ្ញាធរ​កម្ពុជា ​(ISC) រួចរាល់​អស់ហើយ​»៕