ភ្នំពេញៈ ភ្ញៀវ​ជនជាតិ​ចិន​ចំនួន​ជិត ៥០​​ ម៉ឺន​នាក់​បានធ្វើ​ដំណើរ​មក​ក​ម្ពុ​ជា​ក្នុង​រយៈពេល ១១​ ខែ​ក្នុង​ឆ្នាំ​ ២០២៣ ដោយ​កើនឡើង​ជិត ៤៥០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ខណៈ​ក្នុង​រយៈពេល​ជិត ១ ​ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​ជាង ៤,៩​ លាន​នាក់​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​។​

​របាយការណ៍​ស្ថិតិ​ទេសចរណ៍ ឱ្យដឹងថា ចន្លោះ​ពី​ខែមករា ទៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប​ជិត ៤,៩២ ​លាន​នាក់ កើន ១៥៦,៩​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ក្នុងចំណោម​ភ្ញៀវ​ទាំងអស់ គឺ​ភ្ញៀវ​មកពី​ប្រទេស​ចិន​ស្ថិតនៅ​លេខ​រៀង​ទី ​៣ គឺ ៤៩៨ ២៥០ ​នាក់ ​(​ស្មើ ១០,១​ ភាគរយ​ចំនួន​ភ្ញៀវ​បរទេស​សរុប​) កើន ៤៤៩,៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។ យ៉ាង​ណាក៏ដោយ ចំនួន​នេះ​នៅ​ទាប បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ (​កំណត់ត្រា​ភ្ញៀវ​បរទេស​ច្រើន​បំផុត​នៅ​កម្ពុជា​)​ ដែលមាន ៦,៦១​ លាន​នាក់ ក្នុងនោះ​ជនជាតិ​ចិន​នៅ​លេខ ​១ គឺ​ចំនួន ២,៣៦ ​លាន​នាក់​។​


​ក្រសួង​បានឱ្យដឹង​ទៀតថា សម្រាប់​ភ្ញៀវ​បរទេស​ដែល​ចូលមក​កម្ពុជា​ច្រើនជាង​គេ​នៅក្នុង​រយៈពេល ១១ ​ខែ​ក្នុង​ឆ្នាំ ២០២៣ គឺ​ជនជាតិ​ថៃ ចំនួន ១,៦៦ ​លាន​នាក់​, ចំណាត់ថ្នាក់​ទី​ ២ វៀតណាម ៩២០ ០៩៣ ​នាក់​, ទី​៤ ជនជាតិ​ឡាវ ៣៣០ ៧២៤​ នាក់ និង​ប្រទេស​មួយចំនួនទៀត​ដូចជា អាមេរិក​, កូរ៉េ​ខាង​​ត្បូង​, ឥណ្ឌូនេស៊ី​, និង​បារាំង ជាដើម​។​

​ថ្នាក់ដឹកនាំ​សមាគម​មគ្គុទ្ទេសក៍​ទេស​ចរណ៍​ភាសា​ចិន​-​កម្ពុជា លោក គង់ សម្បត្តិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៦ ខែធ្នូ ថា ចំនួន​ភ្ញៀវទេសចរ​បរទេស​ចូលមក​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ជិត ១ ​ឆ្នាំនេះ​ពិតជា​កើន​ច្រើន បើ​​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ប៉ុន្តែ​បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០១៩ (​មុន​វត្តមាន​កូ​វីដ​ ១៩) គឺ​នៅ​តិចតួច​នៅឡើយ​។ លោក​បន្តថា សម្រាប់​រយៈ​ពេល​ស្នាក់នៅ​របស់​ភ្ញៀវ​បរទេស គឺជា​មធ្យម​ចន្លោះ​ពី ២-៣ ​យប់ ខណៈ​មុន​ឆ្នាំ​ ២០២០ ការ​ស្នាក់នៅ​ភាគច្រើន​ចន្លោះ​ពី ៤-៥​ យប់​។ លោក​បន្តថា ទោះ​យ៉ាង​ណា ស្ថានភាព​ភ្ញៀវ​បរទេស​មក​កម្សាន្ត​នៅ​កម្ពុជា បានចាប់ផ្តើម​បង្ហាញ​ភាព​ល្អប្រសើរ​ឡើងវិញ​បណ្តើរៗ​ហើយ​។​


​លោក​លើកឡើងថា​៖«​ដោយសារតែ​កម្ពុជា គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​នៃ​ទំនាក់ទំនង​រវាង​ប្រជាជន និង​វប្បធម៌ រវាង​ប្រទេស​កម្ពុជា​-​ចិន នៅ​ថ្ងៃទី ​១៤ ខែមករា ឆ្នាំ​២០២៤ ខាងមុខ ដូច្នេះ​ខ្ញុំ​ជឿថា តាមរយៈ​ព្រឹត្តិការណ៍​នេះ​នឹង​ជំ​រុញឱ្យ​ភ្ញៀវទេសចរ​ចិន​ធ្វើដំណើរ​មក​កម្ពុជា​កាន់​តែ​ច្រើន ពិសេស​មក​ទស្សនា​ប្រាសាទបុរាណ​នៅក្នុង​ខេត្តសៀមរាប ដែលជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​បំផុត​របស់​កម្ពុជា​»​។​

​លោក សម្បត្តិ ប្រាប់ទៀតថា ចំនួន​ភ្ញៀវទេសចរ​តែង​អាស្រ័យ​លើក​ត្តា​ជា​ច្រើន​ដូចជា ទំនាក់ទំនង​នយោបាយ​, កំណើនសេដ្ឋកិច្ច​សកល​, ចំណូលចិត្ត​, និង​ចំនួន​ជើងហោះហើរ​ត្រង់ ជាដើម​។ វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវការ​ពេល​បន្ថែមទៀត​ដើម្បី​អាច​ស្រូប​ទាញ​ភ្ញៀវ​​ទេសចរ​បរទេស រួមទាំង​ជនជាតិ​ចិន ឱ្យមក​កម្សាន្ត​ច្រើន​ដូច​មុន​ឆ្នាំ ​២០២០​។​

​លោក​អះអាងថា​៖«​បើតាម​ខ្ញុំ​ដឹង គឺ​បច្ចុប្បន្ន​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ចិន​មក​ព្រលានយន្តហោះ​ខេត្តសៀមរាប គឺមាន​តែ​ពី​ទីក្រុង​គុន​មីង ប៉ុណ្ណោះ ខណៈ​ជើងហោះហើរ​ពី​ទីក្រុង​សំខាន់ៗ​របស់​ចិន​រួមទាំង​រដ្ឋធានី​ប៉េកាំង ទីក្រុង​សៀង​ហៃ និង​គ័ង​ចូ​វ ជាដើម គឺមាន​ច្រើន​នៅ​រាជធានី​ភ្នំពេញ​»​។​

​បន្ថែម​លើ​នេះ លោក ខៀវ ធី ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ (​ខេត្ត​សៀមរាប​) បាន​ប្រាប់ថា ទោះបី​ចំនួន​ភ្ញៀវ​ចិន​មក​កម្ពុជា​នៅមាន​ចំនួន​តិច​បើ​ធៀប​នឹង​ឆ្នាំមុន​ឆ្នាំ​ ២០២០ ប៉ុន្តែ​វា​កើន​ឡើងវិញ​ជា​បណ្តើរៗ​ហើយ ខណៈ​ម​គ្គុ​​ទេស​ក៍​ទេសចរណ៍​មួយចំនួន​ដែល​បាន​ងាក​ទៅ​ចាប់​មុខរបរ​ផ្សេង​កាលពី​អំឡុង​ឆ្នាំ ២០២០-២០២២ ក៏បាន​ចូលមកក្នុង​វិស័យ​ទេសចរណ៍​វិញ​បណ្តើរៗ​ដែរ​។​

​លោក​និយាយថា​៖«​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​បាន​កើនឡើង​បណ្តើរៗ​ហើយ​។ ទោះយ៉ាងណា​កម្ពុជា​ត្រូវតែ​ខិតខំ​ធ្វើឱ្យ​កាន់តែ​សកម្ម​បន្ថែមទៀត​លើ​ការរៀបចំ​ផ្ទៃក្នុង​របស់ខ្លួន ដោយ​រាប់​ចាប់តាំងពី​បរិស្ថាន និង​សេវាកម្ម​ផ្សេងៗ​ដូចជា កន្លែង​ស្នាក់នៅ កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍ រមណីយដ្ឋាន​ទេ​​ស​ចរណ៍ និង​មធ្យោបាយ​ធ្វើដំណើរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​មក​កម្សាន្ត ឱ្យមាន​ជម្រើស​កាន់តែច្រើន​សម្រាប់​ការកម្សាន្ត និង​ទិញ​ទំនិញ​ផ្សេងៗ​»៕