ភ្នំពេញៈ កម្ពុជា​ជំរុញ​ការពិភាក្សា​ជា​មួយ​ភាគី​ជប៉ុន​ពី​លទ្ធភាព​ការវិនិយោគ​ទៅលើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZ) ​របស់​ជប៉ុន​នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​​ជប៉ុន​កាលពីពេល​ថ្មីៗ​បានស្នើ និង​លើកទឹកចិត្ត​វិនិយោគិន​ជប៉ុន​ពិនិត្យ​លទ្ធភាព​ពី​ការបណ្តាក់ទុន​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​។​

​អនុប្រធាន​ទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) លោក ស៊ុន ចាន់ថុល កាលពី​ថ្ងៃទី​ ២៥ ខែធ្នូ ឆ្នាំ​ ២០២៣ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ជាមួយនឹង​គណៈប្រតិភូ​នៃ​ប្រទេស​ជប៉ុន​ដែល​ដឹកនាំ​ដោយ លោក UENO Atsushi ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លើ​ការងារ​ភ័ស្តុភា​រកម្ម ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​កំពង់ផែ​ដែល​ក្នុងនោះ​ក៏មាន​គម្រោង​សិក្សា និង​រៀបចំ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​ (Cambodia-Japan Special Economic Zone) ដែលជា​តំបន់​សេដ្ឋកិច្ច​ពិសេស​បង្កើតឡើង​ដើម្បី​ជំរុញ​លើកទឹកចិត្ត​បណ្តា​វិនិយោគិន​ជប៉ុន​ងាក​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យបាន​ច្រើន​។​


​ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខ​នឿន ដែល​កំពុង​សិក្សា​លទ្ធភាព​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​ជប៉ុន លើ​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន កាលពី​ថ្ងៃទី​ ២៦ ខែធ្នូ បាន​ប្រាប់ ​ភ្នំពេញ​​ ប៉ុស្តិ៍​ថា លោក​ទើបបាន​ជួបពិភាក្សា​ជាមួយនឹង​ថ្នាក់​​ដឹកនាំ​ក្រុមហ៊ុន​ជប៉ុន​ដែលមាន​បំណង​វិនិយោគ​លើ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​ចំនួន ២-៣​ ក្រុមហ៊ុន រួចមកហើយ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​វិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​អាច​ទាក់ទាញ​វិនិយោគិន​ជប៉ុន រួម​នឹង​វិនិយោគិន​ជន​ជាតិ​ផ្សេងៗ​ទៀត​ឱ្យមក​បើក​រោងចក្រ​នៅ​កម្ពុជា​កាន់តែច្រើន​។​

​លោក​បាន​បន្តថា នៅពេល​មានការ​វិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ពី​សំណាក់​វិនិយោគិន​ជប៉ុន គឺ​ពិតណាស់​វា​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​។ ជាក់ស្តែង​ដោយសារ​បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុ​ជាមាន​ម្ចាស់​ភាគច្រើន​ជា​ជន​ជាតិចិន ដូច្នេះ​វិនិយោគិន​ចិន​ក៏​ចូលមក​បើក​រោងចក្រ​នៅ​កម្ពុជា​ជាងគេ​ច្រើន​ដែរ​។​


​បើតាម​លោក សុខ​នឿន បច្ចុប្បន្ន​លោក​កំពុង​សិក្សា​ទីតាំង​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ពិសេស​តំបន់​នៅក្បែរ​គម្រោង​ព្រែកជីក ​«​ហ្វូណន​តេ​ជោ​»​ និង​នៅ​ផ្លូវជាតិ​លេខ ៣ និង​លេខ ៤ ដែលជា​តំបន់​មាន​ភាពងាយស្រួល​សម្រាប់​ការដឹក​ទំនិញ​ចេញ​-​ចូលទៅ​ទីផ្សារ​អន្តរជាតិ​។​

​លោក​បាន​អះអាងថា​៖ «​ទន្ទឹមនឹង​ការសិក្សា​ទីតាំង​បង្កើត​តំបន់​សេដ្ឋកិច្ច​នេះ ខ្ញុំ​ក៏​កំពុង​សិក្សា​ស៊ីជម្រៅ​ជាមួយ​វិនិយោគិន​ជប៉ុន​ដើម្បី​ស្វែងរក​ក្រុមហ៊ុន​ដែលមាន​លទ្ធភាព​កៀរគរ​ក្រុមហ៊ុន​ជប៉ុន​ដទៃទៀត​ឱ្យមក​បើក​រោងចក្រ​/​សហគ្រាស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន ដែល​អាច​លេច​វត្តមាន​នាពេលខាងមុខ​ផងដែរ​»​។

លោក​បន្តថា​៖ «​បើ​ក្រុមហ៊ុន​ជប៉ុន​ល្បីៗ​មក​បើក​រោងចក្រ​ផ្ទាល់​នៅ​កម្ពុជា គឺ​វា​មិន​ត្រឹមតែ​ជួយ​ឱ្យ​គុណភាព​ផលិតផល​ប្រើ​ប្រាស់​នៅ​កម្ពុជា​កាន់តែ​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​លើកកម្ពស់​សមត្ថភាព​នាំចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ផងដែរ​»​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​នាយក​រដ្ឋ​​មន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត ទៅ​ប្រទេស​ជប៉ុន​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន ឆ្នាំ​ទី​ ៥០ នៃ​មិត្តភាព និង​កិច្ច​​សហប្រតិបត្តិការ​អាស៊ាន​-​ជប៉ុន ជា​ពិសេស​ការចូលរួម​ក្នុង​សិក្ខាសាលា​វិនិយោគ​កម្ពុជា​ឆ្នាំ​ ២០២៣ កាលពី​ថ្ងៃទី​ ១៩ ខែធ្នូ កន្លងមក គឺ​ពិតជា​ចំណែក​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ និង​ទាក់​ទាញ​វិនិយោគិន​ជប៉ុន​ឱ្យមក​បណ្តាក់​​ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។ នេះ​បើ​យោងតាម​លោក សំ សុខ​នឿន​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ថា សិក្ខា​​សាលា​ស្តីពី​វិនិយោគ​កម្ពុជា ឆ្នាំ​ ២០២៣ ដែល​រៀបចំ​នៅ​ប្រទេស​ជប៉ុន​កាលពី​ថ្មីៗ​នេះ គឺ​បានធ្វើឱ្យ​វិនិយោគិន​ជប៉ុន​ជាច្រើន​បង្ហាញ​ការចាប់អារម្មណ៍​ក្នុងការ​មក​បណ្តាក់ទុន​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ន​ក៏មាន​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​នៅ​កម្ពុជា​កំពុង​ទទួលបាន​ជោគជ័យ​ទៅលើ​ការវិនិយោគ​ដូចជា ក្រុមហ៊ុន Minebea (Cambodia), Toyota, Aeon Mall និង​គម្រោង​វិនិយោគ​ជាច្រើន​ទៀត​។

លោក​បន្តថា ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កាន់តែច្រើន គឺជា​សញ្ញា​ល្អ​សម្រាប់​ទាក់ទាញ​វិនិយោគិន​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​បន្ទាប់ពី​មានដំណើរ​ទស្សនកិច្ចរ​បស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​ទៅ​ប្រទេស​ជប៉ុន គឺ​ចាប់ពី​ឆ្នាំ​ ២០២៤ តទៅ​នឹងមាន​វិ​និ​​យោគិន​ជប៉ុន​កាន់តែច្រើន​ចូលមក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា ខណៈ​ការ​​វិនិយោគ​នៅ​កម្ពុជា​គឺមាន​ការលើក​​ទឹកចិត្ត​ច្រើន​»​។​

​បើ​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) គិត​ចាប់ពី​ឆ្នាំ​ ២០០៦ ដល់​ដំណាច់​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៣ នៅ​ប្រទេស​កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុងដំណើរការ​ចំនួន ២៤ ដោយមាន​ទុនវិនិយោគ​ប្រមាណ ៨,១​ ពាន់​លាន​ដុល្លារ ហើយ​ភាគច្រើន​ស្ថិតនៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង សម្ភារ​ធ្វើដំណើរ វិស័យ​គ្រឿង​បង្គុំ​រថយន្ត គ្រឿង​អេឡិចត្រូនិក រោងចក្រ​ផលិត​សម្បក​កង់ ឧស្សាហ​​កម្ម​ដំឡើងរថយន្ត និង​កង់​។ នៅក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ២៤ គឺមាន​រោងចក្រ​/​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​រហូតដល់ ៦៥៥ គម្រោង ដែល​ស្មើ​ទុនវិនិយោគ​ប្រមាណ ៨,១ ពាន់​លាន​ដុល្លារ​អាមេរិក​៕