ភ្នំពេញៈ ស្របពេល​ប្រទេស​កម្ពុជា ​កំពុង​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុ​ភាគី​ ​(FTAs) ទាំង​ក្នុង​តំបន់ និង​ពិភពលោក វា​បានធ្វើឱ្យ​ការប្រមូល​ចំណូល​ពន្ធគយ​បន្ត​ធ្លាក់ចុះ ដោយសារ​កម្ពុជា​បាន​កាត់បន្ថយ​អត្រាពន្ធគយ​ជាមួយ​ប្រទេស​ជា​ដៃគូ​របស់ខ្លួន​។​

​ជាមួយនឹង​ការសម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន អត្រាពន្ធ​ប្រមាណ ៩៨​ ភាគរយ ​ពី​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន និង ៩០​ ភាគរយ​នៃ​ការនាំចេញ​របស់​ចិន​មក​កម្ពុជា ត្រូវបាន​លើក​​លែង​ពី​ពន្ធគយ​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នេះ​ត្រូវបាន​អនុវត្ត​ចាប់តាំងពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២២ ​មក​ខណៈ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ពហុភាគី បាននិងកំពុង​អនុវត្ត​តាំងពី​ដើមឆ្នាំ​ ២០២២​ មក​នោះបាន​ជំរុញ​ការនាំចេញ កើនឡើង ប៉ុន្តែ​វា​ក៏​រួមចំណែក​ដល់​ការកាត់បន្ថយ​ចំណូល​ពន្ធ​នាំចូល​មួយចំនួន​ផងដែរ​។ ជាមួយគ្នានេះ កម្ពុជា​នឹង​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េខាងត្បូង​ក្នុងពេល​ឆាប់ៗ​នេះ​។​


​យោងតាម​ទិន្នន័យ​ពី​អគ្គ​​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​ ការប្រមូល​ចំណូល​ពន្ធគយ​រយៈពេល ១១ ​ខែ​ដើមឆ្នាំ​ ២០២៣ សម្រេចបាន ២,៨ ​ពាន់​លាន​ដុល្លារ ដែល​ចំនួន​នេះ​ធ្លាក់ចុះ​ប្រមាណ ៤០០ ​លាន​ដុល្លារ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​លោក គុណ ញឹម អគ្គនាយក GDCE បានឱ្យដឹង​ក្នុង​សិក្ខា​​សាលា​មួយ​កាលពី​ថ្ងៃទី​ ​២៥ ខែធ្នូ​ថា ការធ្លាក់ចុះ​ប្រមូល​ចំណូល​គយ គឺ​ដោយសារតែ​ការអនុវត្ត FTAs ដែល​កម្ពុជា​កាត់បន្ថយ​ពន្ធ​លើ​មុខទំនិញ​ជាច្រើន​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន​។​


​លោក​ថ្លែងថា​៖ «​ការប្រមូល​ចំណូល​របស់​យើង​បន្ត​ធ្លាក់ចុះ​រហូតមកដល់​ពេលនេះ​។ ជាក់​​ស្តែង​ក្នុង​ឆ្នាំ​ ២០២៣ ប្រាក់ចំណូល​គយ​ដែល​បាត់បង់​ដោយសារ​ការអនុវត្ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី មាន​ជិត ៤០០ ​លាន​ដុល្លារ​។ ចំណែក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ឧស្សា​ហក​ម្ម​ផលិតកម្ម​របស់​កម្ពុជា​ក៏បាន​ធ្វើឱ្យ​កម្ពុជា​អាច​ផលិត​ទំនិញ​មួយចំនួន​ដើម្បី​ជំនួស​ការនាំ​ចូល ក៏​ជា​កត្តា​កាត់បន្ថយ​ពន្ធ​នាំចូល​ផងដែរ​»​។​

​លោក​អះអាងថា កាលពី ​១៥​ ឆ្នាំមុន កម្ពុជា​បាន​នាំចូល​ច្រើន​ដែលនាំឱ្យ​ស្ថាប័ន​លោក​អាច​រកចំណូលបាន​ច្រើន ប៉ុន្តែ​បច្ចុប្បន្ន​កម្ពុជា​បាន​កាត់បន្ថយ​ការ​នាំចូល​ទំនិញ​មួយចំនួន ដែល​ធ្វើឱ្យ​ការប្រមូល​ចំណូល​ពន្ធ​ធ្លាក់ចុះ​។ លើសពីនេះ ការ​​បង្កើត​រោងចក្រ​ដំឡើងរថយន្ត​នៅ​កម្ពុជា ក៏​ប៉ះពាល់​ដល់​ការប្រមូល​ចំណូល​ពី​វិស័យនេះ​ផងដែរ​។​

​លោក មាស សុខ​សេន​សាន្ត អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​កាលពីពេល​កន្លងមក​ថា ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​រវាង​កម្ពុជា និង​ប្រទេស​ដៃគូ​ពិតជា​ធ្វើឱ្យ​រដ្ឋាភិបាល​បាត់​ចំណូល​ពន្ធគយ ប៉ុន្តែ​វា​បានផ្តល់​នូវ​ឱកាស​ឱ្យ​កម្ពុជា​ក្នុងការ​ពង្រីក​ទីផ្សារ​ប្រកួតប្រជែង បង្កើត​ការងារ និង​ការទាក់ទាញ​វិនិយោគ​លើ​វិស័យ​ផលិតកម្ម​ច្រើនជាង​មុន​។​

​លោក​ថ្លែងថា​៖ «​ជាធម្មតា​នៅពេលដែល​យើង​អនុវត្តន៍​ពាណិជ្ជកម្ម​សេរី​ទៅវិញទៅមក មានន័យថា​យើង​កាត់បន្ថយ​ពន្ធ​ខាងយើង ខាងគេ​ក៏​កាត់​បន្ថយពន្ធ ដូច្នេះ​យើង​បាន​ចំណេញ​ទីផ្សារ យើង​អាច​បង្កើន​ទីផ្សារ​ប្រកួតប្រជែង ដោយសារតែ​យើង​បើក​របាំង​នាំចូល ខាងគេ​ក៏​បើក​របាំង​នាំចូល ដូច្នេះ​ការប្រកួតប្រជែង​នេះ​មាន​ទៅវិញទៅមក អ៊ីចឹង​យើង​បាន​ចំណេញ​ទីផ្សារ​មានន័យថា​យើង​បង្កើន​ការនាំចេញ ហើយ​ចង្វាក់​ផលិតកម្ម​នៅក្នុង​ស្រុក​យើង​ក៏​កើន​ទៅតាម​នោះ ដែរ​»​។​

​លោក​ពន្យល់ថា នៅពេល​សេដ្ឋកិច្ច​កាន់តែ​រឹងមាំ ពន្ធគយ​នឹង​បាត់​បន្តិច​ម្តងៗ ដូច្នេះ​រដ្ឋាភិបាល​បង្កើន​ចំណូល​មកវិញ​តាមរយៈ​ការពង្រឹង​រដ្ឋបាល​សារពើពន្ធ​ក្នុងស្រុក​ដើម្បី​ប្រមូល​ចំណូល​។​

​លោក​បញ្ជាក់ថា​៖ «​ការបាត់​ចំណូល​នេះ ទោះបី​ហាក់​ធំ​ពិតមែន ប៉ុន្តែ​យើង​ត្រូវ​មើលថា​ការបង្កើន​ចង្វាក់​ផលិតកម្ម​នៅក្នុង​ស្រុក​វា​ជាការ​បង្កើតឱ្យមាន​ការ​​ផ្តល់ឱកាស​ការងារ​ដ​ល់​ប្រជា​ពលរដ្ឋ​យើង​នៅក្នុង​ស្រុក ហើយ​ពន្ធ​ក្នុងស្រុក ​(​ពន្ធដារ​)​ ក៏​នឹង​កើនឡើង​ដែរ​»​។​

​លោក គី សេរី​វឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា ចំពោះ​ការបាត់បង់​ចំណូល​ពន្ធគយ​ដោយសារតែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ គឺ​ដោយសារ​មាន​ផលិត​ផល​ជាច្រើន​បាន​នាំចូល​ពី​ប្រទេស​ចិន​ដែល​កម្ពុជា​បាន​អនុវត្តន៍​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។​

​លោក​ថ្លែងថា​៖ «​ការបាត់បង់​ចំណូល​ពន្ធគយ​នេះ​នឹង​ជំនួស​ដោយ​ចំណូល​ពន្ធដារ ដូច្នេះ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​ក៏​ជំរុញឱ្យមាន​កំណើន​ផលិតកម្ម​នៅក្នុង​ស្រុក​សម្រាប់​ធ្វើការ​នាំ​ចេញទៅ​ប្រទេស​ចិន​វិញ​ផងដែរ​។​

​លោក​បន្ថែមថា ទោះបី​អ​តុល្យ​ភាព​នៃ​ការ​នាំចូល និង​ការនាំ​​ចេញ​ក៏ដោយ ក៏​ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ចិន​មាន​កំណើន​ខ្ពស់ជាង​មុន ដែល​ធ្វើឱ្យ​ចំណូល​បានមកពី​ផលិតកម្ម​ក្នុងស្រុក និង​អាចបង្កើត​ការងារ និង​ជំរុញ​ផលិតផល​ក្នុងស្រុក​ប្រសើរ​ជាង​មុន​។​

​លោក​បញ្ជាក់ថា​៖ «​ការបាត់​​បង់​ចំណូល​ពី​ពន្ធគយ​នោះ ខ្ញុំ​ជឿថា​វា​គឺជា​កត្តារួម​ចំណែក​មួយ​នៃ​ការកាត់បន្ថយ​ចំណូល​របស់​រដ្ឋាភិបាល ប៉ុន្តែ​ការជំនួស​មកវិញ​នៃ​ចំណូល​ពន្ធដារ និង​ការ​​បង្កើត​ការងារ​ជូន​ប្រជាជន​ពិត​ជាមាន​សារៈសំខាន់​និង​ភាពប្រសើរ​ជាជាង​ការនាំ​ចូល​»​។​

​លោក គុណ ញឹម បាន​ពន្យល់ថា បើ​និយាយ​ពី​រចនាសម្ព័ន្ធ​ចំណូល​សារពើពន្ធ កម្ពុជា​ស្ថិតនៅ​ក្នុងស្ថានភាព​ផ្លូវ​ត្រ​ឡែ​ង​​កែង ដែលមាន​ការប្រែប្រួលរ​ច​នា​សម្ព័ន្ធ​ចំណូល​របស់​រដ្ឋ​។ កន្លងមក​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល​បាន​ច្រើន​អាច​ចាត់ទុកជា​អង្គ​ភាព​មួយ​ប្រមូល​ចំណូល​សារពើ​ពន្ធ​បាន​ច្រើនជាងគេ​។​

​លោក​បាន​ថ្លែងថា​៖ «​នៅក្នុង​ចំណោម​អង្គភាព​ដែលមាន​ភារៈ​ទទួល​ការប្រមូល​ចំណូល​នេះ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​ ២០២០ មក យើង​ដឹង​ហើយ​ថា​មានការ​ធ្លាក់​ស្រុត​ខ្លាំង​។ ឆ្នាំ ​២០១៩ ចំណូល​របស់​គយ​គឺ​ខ្ពស់បំផុត បន្ទាប់មក​ឆ្នាំ​ ២០២០ ស្រុត​ដោយសារ​កូ​វីដ​ ១៩, ឆ្នាំ​ ២០២១ ក៏​បន្ត​, ឆ្នាំ ​២០២២ យើង​ប្រមូល​ចំណូល​បាន​លើស​ផែនការ​បន្តិច ហើយ​ឆ្នាំ​ ២០២៣​ នេះ ប្រមូលបាន​ប្រមាណ​ជាង ៨២ ​ភាគរយ នៃ​ផែនការ​ដែលមាន​ចែង​នៅក្នុង​ច្បាប់​ថវិកា​»៕