ភ្នំពេញៈ សេដ្ឋវិទូ និង​អ្នក​ជំនួញ មាន​សុទិដ្ឋិនិយម​ថា ប្រាក់​ដែល​បាន​ពី​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​គោលដៅ​ចម្បង​ទាំង ៥ នឹង​បន្ត​កើនឡើង​ថែមទៀត​នៅពេល​ខាងមុខ ខណៈ​រយៈ​ពេល ១១​ ខែ​នៃ​ឆ្នាំ ​២០២៣ កម្ពុជា​អាច​ប្រមូលប្រាក់​បាន​ជិត ១៤​ ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ជាង ២/៣ ​នៃ​ចំនួន​ទឹកប្រាក់​នាំ​ចេញ​ទំនិញ​សរុប​ជាង ២០ ​ពាន់​លាន​ដុល្លារ​។​

​តារាង​ស្ថិតិ​ទំនិញ​ពាណិជ្ជ​កម្ម​នាំចេញ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE) បាន​បង្ហាញថា ចន្លោះ​ពី​ខែមករា​-​ខែវិច្ឆិកា ឆ្នាំ ​២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុងតម្លៃ​សរុប​ជាង ២០,៤៩​ ពាន់​លាន​ដុល្លារ កើនឡើង ១,២ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ២០,២៤​ ពាន់​លាន​ដុល្លារ​។


ក្នុង​ចំនួន​ទឹកប្រាក់​នាំ​ចេញ​ខាងលើ គឺ​ការ​ចេញទៅ​ទីផ្សារ​ធំ​ទាំង ​៥ រួមមាន អាមេរិក​, វៀតណាម​, ចិន​, ជប៉ុន​, និង​ប្រទេស​កាណាដា មានទឹក​ប្រាក់​សរុប ១៣,៩១ ​ពាន់​លាន​ដុល្លារ កើនឡើង ៤,៤៥​ ភាគ​​រយ​។ ចំនួន​ទឹកប្រាក់​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ទាំង​ ៥ គឺ​ស្មើនឹង ៦៧,៨ ​ភាគរយ​នៃ​ការនាំ​ចេញ​សរុប ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ មាន​ចំនួន ៦៥,៩​ ភាគរយ​។​

​ផ្អែក​តាម GDCE គឺ​ចាប់ពី​ខែ​​មករា​-​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​អាមេរិក មាន​ទឹកប្រាក់​ច្រើនជាងគេ គឺ​ចំនួន ៨,១៤ ​ពាន់​លាន​ដុល្លារ​ (​ស្មើ ៣៩,៧ ​ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​សរុប​)​ ធ្លាក់ចុះ ០,៩​ ភាគរយ ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២, វៀត​ណា​ម ២,៦១​ ពាន់​លាន​ដុល្លារ ​(១២,៧​ភាគរយ​) កើន ៣៧,៨​ ភាគរយ​, ចិន ១,៣១ ​ពាន់​លាន​ដុល្លារ ​(៦,៤​ភាគរយ​)​កើន ១៨,៨ ​ភាគរយ​, ជប៉ុន ១,០៦ ​ពាន់​លាន​ដុល្លារ ​(៥,២​ភាគរយ​) ធ្លាក់ចុះ ០,៣ ​ភាគរយ​, និង​ប្រ​ទេស​កាណាដា ៧៧៣,៧១​ ពាន់​លាន​ដុល្លារ​ (៣,៨​ភាគរយ​) ធ្លាក់ចុះ ២៤,៦​ ភាគរយ​។​


​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៧ ខែធ្នូ​ថា កំណើន​ទំហំ​ទឹកប្រាក់​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរ​​ជាតិ​គឺជា​រឿង​ល្អ ជាពិសេស​ក្នុងដំណាក់កាល​ដែល​កំណើន​សេដ្ឋ​កិច្ច​ពិភពលោក​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ដូច​ពេលនេះ​។

លោក​បន្តថា មូល​ហេតុដែល​ប្រទេស​ទាំង ​៥ គឺជា​ចំណែក​សំខាន់​ក្នុង​ការទិញ​ទំនិញ​ពី​កម្ពុជា គឺអាច​ដោយសារ​កត្តា​មួយចំនួន​ដូចជា ភាពល្អប្រសើរ​នៃ​ទំនាក់​​ទំនង​ការទូត​, គុណភាព​ទំនិញ​កម្ពុជា​ស្របតាម​ការចង់បានរ​បស់​អ្នកបញ្ជា​ទិញ​, និង​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ពហុភាគី​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ចរាចរណ៍​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ពិ​​សេស​ប្រទេស​ទាំង​ ៥ នឹងមាន​ច្រើន​បន្ថែមទៀត​ចាប់ពី​ឆ្នាំ​ ២០២៤ ទៅ ខណៈ​សមត្ថភាព​ផលិតកម្ម និង​គុណភាព​ទំនិញ​កម្ពុជា មាន​ភាពល្អប្រសើរ​ជា​លំដាប់​»​។​

​បើតាម លោក វណ្ណៈ សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​អាមេរិក​-​កាណាដា គឺ​កម្ពុជា​ទទួលបាន​ប្រព័ន្ធ​អនុ​​គ្រោះ​ពន្ធ GSP រីឯ​ជាមួយ​ប្រ​ទេស​ចិន គឺមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ប្រទេស​វៀតណាម​-​ជប៉ុន គឺជា​ក្រុម​ប្រទេស​សមាជិក​នៃ​កិច្ច​​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ដែលមាន​កម្ពុជា​ក្នុងនោះ​ផង​​ដែរ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា ការកើនឡើង​នៃ​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​នេះ​បាន​ជួយ​ឱ្យ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅគ្រប់​គោលដៅ​លើ​ពិភពលោក​កើនឡើង​កាន់​​តែ​ខ្ពស់​។ កំណើន​ផលិតកម្ម​ក្នុងស្រុក គឺ​មិន​ត្រឹមតែ​ជួយ​ឱ្យ​កម្ពុជា​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការ​នាំចូល​ពី​បរទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​គុណភាព​ផលិតផល​កម្ពុជា​ត្រូវបានគេទទួលស្គាល់​កាន់តែច្រើន​។ លោក​បន្តថា ជាមួយនឹង​ការ​ខិតខំ​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន កម្ពុជា​បាន​ពង្រឹង និង​ពង្រីក​ទីផ្សារ​របស់ខ្លួន​បាន​កាន់​​តែ​ធំ​នាពេលនេះ​។​

​លោក​ថ្លែងថា​៖ «​ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យ​ចូលមក​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា ក៏ដូចជា​ធ្វើ​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា គឺ​កន្លងមក​សភា​ពាណិជ្ជ​​កម្ម​កម្ពុជា​បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅ​ប្រទេស​មួយចំនួន​រួចហើយ​»​។ កា​រិ​យា​ល័យ​នេះ បាន​ក្លាយជា​ចំណែក​សំខាន់​ក្នុងការ​លើកកម្ពស់​ការ​នាំចេញ និង​កំណើន​សេដ្ឋកិច្ចកម្ពុជា​»​។​

​បច្ចុប្បន្ន​ការិយាល័យ​តំណាង​របស់​សភាពាណិជ្ជកម្ម​កម្ពុជា មាននៅ​ក្នុង​ប្រទេសមួយ​ចំនួន​ដូចជា កាណាដា ជប៉ុន និង​អូស្ត្រាលី ជាដើម​។ នេះ​បើតាម លោក លឹម ហេង​។​

​ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេ​ន បាន​ប្រាប់ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​នាំចេញ​ទំនិញ​សក្តានុពល​របស់ខ្លួន​កាន់តែច្រើន​ទៅ​ប្រទេស​ទាំង​៥ ដែលមាន​ដូចជា ផលិតផល​វាយ​ន​​ភណ្ឌ ស្បែកជើង កាបូប និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក​អគ្គិសនី និង​កសិផល ជាដើម​។​

​លោក​និយាយថា​៖ «​ដោយ​សារ​ប្រទេស​កម្ពុជា​យើង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ទាំង​ ៥ ដែលជា​ហេតុនាំឱ្យ​ការនាំចេញ​ទំនិញ​ពី​កម្ពុ​ជាមាន​សម្ទុះ​កើនឡើង​។ ខ្ញុំ​គិតថា ការនាំ​ទំនិញ​ទៅ​ប្រទេស​ទាំង ៥ នឹងមាន​សម្ទុះ​កើនឡើង​ថែមទៀត​ពេល​ថ្ងៃ​ខាងមុខ​»​។​

​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់​ដា​រ៉ា បាន​លើកឡើងថា ការរៀបចំ​បានល្អ​លើ​ប្រព័ន្ធ​ច្បាប់​វិនិយោគ ធនធានមនុស្ស និង​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​ដឹកជញ្ជូន ព្រមទាំង​ការ​ពង្រីក​ទីផ្សារ​នាំចេញ​បាន​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​អ្នកវិនិយោគ​បាន​កាន់តែច្រើន​ឱ្យ​ចូលមក​បណ្តាក់ទុន​។

លោក​បន្ថែមថា នៅពេល​ការនាំចេញ​-​នាំចូល​មាន​កាន់តែច្រើន ចរន្ត​សេដ្ឋកិច្ច​ជាតិ​នឹង​កើនឡើង ហើយ​សកម្ម​ភាព​ក្នុង​វិស័យ​ដឹកជញ្ជូន​ក៏​ល្អ​ប្រសើរឡើង​ដែរ​។​

​លោក​លើកឡើងថា​៖ «​ខ្ញុំ​មានជំនឿថា ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​គោលដៅ​នានា​លើ​ពិភពលោក ពិសេស​ប្រទេស​ទាំង​ ៥ នឹងមាន​ភាពល្អប្រសើរ​ចាប់ពីពេលនេះ​តទៅ ខណៈ​កម្ពុជា​ពេលនេះ គឺ​កំពុង​បង្ហាញ​ពី​ភាពល្អប្រសើរ​លើ​គ្រប់​វិស័យ​ទាំង​សមត្ថភាព​ផលិតកម្ម និង​ការដឹកជញ្ជូន​»​។​

​យោងតាម​លោក ចាន់​ដា​រ៉ា បន្ទាប់ពី​វិបត្តិ​នានា​លើ​ពិភព​លោក​ដែល​កំពុង​កើតមាន​ក្នុង​ពេលនេះ​បិទ​បញ្ចប់ ការនាំចេញ​ផលិតផល​សំខាន់ៗ​របស់​កម្ពុជា​ប្រាកដជា​នឹង​ហក់​ឡើង​ខ្ពស់ ដែលមាន​ដូចជា វាយ​ន​ភណ្ឌ គ្រឿង​បង្គុំ និង​កសិកម្ម​។​

​កាលពី​ឆ្នាំ​ ២០២២ ការនាំ​ទំនិញ​ទៅ​ប្រទេស​ទាំង​ ៥ មាន​ទឹកប្រាក់​សរុប ១៤,៦៧ ពាន់​លាន​ដុល្លារ ​(​ស្មើនឹង ​៦៥,២​ ភាគ​រយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​សរុប​) កើនឡើង ១២,៥៦​ ភាគ​​រយ​ពី​ចំនួន ១៣,០៣​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម GDCE៕