ព្រះសីហនុៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត តាមរយៈ​តេ​ឡេ​ក្រាម​នៅ​ព្រឹក​ថ្ងៃទី​ ២៨ ខែធ្នូ​នេះ បាន​សម្តែង​ការ​ស្វាយ​គម​ន៍​នាវា​ទេសចរណ៍​ខ្នាត​យក្ស Westerdam ដែល​បាន​មកកាន់​កម្ពុជា​សាជាថ្មី ដោយបាន​នាំ​ភ្ញៀវទេសចរ​ប្រមាណ​ជាង ២ ០០០​ នាក់ មក​ទស្សនា​ប្រទេស​កម្ពុជា​។ 

​ប្រភព​ដដែល​បានឱ្យដឹងថា ការ​មកកាន់​កម្ពុជា​សាជាថ្មី​នៃ​នាវា​ខ្នាត​យក្ស Westerdam នេះ​បានធ្វើឱ្យ​អន្តរជាតិ​កាន់តែ​ស្គាល់​ប្រទេស​កម្ពុជា  ហើយ ភ្ញៀវទេសចរ​ដែល​បាន​ចូល​មកលេង​កម្សាន្ត​នៅ​កម្ពុជា​ពេលនេះ នឹង​បានឃើញ​ជាក់ស្តែង​ពី​សុ​ខុ​ដុម​នីយកម្ម នៃ​សន្តិភាព ការរីកចម្រើន វឌ្ឍនភាព និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ទេសចរណ៍​ផងដែរ​។ 


​តាមរយៈ​តេ​ឡេ​ក្រាម​លោក ហ៊ុន ម៉ា​ណែ​ត​ បានឱ្យដឹងថា នាវា​ខ្នាត​យក្ស​ ១​ នេះ ធ្លាប់​បានធ្វើ​ការចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​៣​ឆ្នាំមុន​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​ ១៩ គឺ​នៅ​ថ្ងៃទី ​១៣ ខែកុម្ភៈ ឆ្នាំ​ ២០២០ បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​កាលនោះ​។ ពេលវេលា​នោះ ជា​ពេលដែល​កំពុងមាន​ការរីក​រាលដាល​ធ្ងន់ធ្ងរ នៃ​ជំងឺ​កូ​វីដ​ ១៩ ពាសពេញ​ពិភពលោក ហើយ​ទង្វើ​មនុស្សធម៌ ក្នុងការ​ជួយសង្គ្រោះ​ជិវិត​មនុស្ស នៅលើ​នាវា​នោះ គឺជា​ការលើកកម្ពស់​សិ​ទ្ធិ​មនុស្ស និង​ផ្តល់​គុណ​តម្លៃ​នៃ​មនុស្សជាតិ​។ 

​លោក​បញ្ជាក់ថា​៖«​កម្ពុជា​តូច តែ​បេះដូង​ធំ បានគិត​គូរ​អំពី​បញ្ហា​មនុស្សធម៌ និង​អាយុជីវិត​អ្នកទេសចរ​ជាង ២២០០​នាក់ ដែល​តែលតោល​លើ​មហាសាគរ និង​អនុញ្ញាត​ឱ្យចូល​ចត​លើ​ទឹកដី​កម្ពុជា ថែមទាំង​បានទទួល​នូវ​បដិសណ្ឋារកិច្ច​ដល់​អ្នក​ទេសចរ​ទាំងអស់ ដើម្បី​ផ្តល់ឱកាស ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​របស់ខ្លួន​វិញ​»​។​


​លោក​បន្ថែមថា​៖ «​ការ​ត្រឡប់មកវិញ​នេះ គឺជា​ការ​រំឭក ដឹងគុណ និង​យល់ច្បាស់​អំពី​សក្តានុពល​របស់​កម្ពុជា ព្រមទាំង​បេះដូង​មនុស្សធម៌ ដែល​បាន​គិតគូរ​ពី​អាយុ​ជី​វិ​តិ ជាជាង​ភាពភ័យខ្លាច គឺ​បាន​សបញ្ជាក់​ច្បាស់ ពី​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ និង​ប្រកបដោយ​ភាពប្រាកដនិយម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​»​។ 

​តាម​ការផ្សាយ​ព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា នាវា​ខ្នាត​យក្ស​នេះ នឹង​ត្រឡប់​ទៅវិញ នា​វេលា​ម៉ោង ៩​យប់​ថ្ងៃ​ដដែល​នេះ ខណៈ​អ្នកទេសចរ​ប្រមាណ ​៦០០​ នាក់ នឹង​បន្ត​ស្នាក់នៅ និង​ធ្វើដំណើរ​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា​៕​