​ភ្នំពេញៈ រដ្ឋាភិបាល​បន្ត​សម្រួល​អត្រាពន្ធ​នាំចេញ​ផលិត​ផល​កៅស៊ូ​ទៅ​ទីផ្សារ​អន្តរជាតិ​ ២ ​ឆ្នាំ​ទៀត​ចាប់ពី​ថ្ងៃទី​ ១ ​ខែមករា​ឆ្នាំ ​២០២៤ ​តទៅ ដើម្បី​ជាការ​​លើកទឹកចិត្ត​ដល់​ការដាំដុះ និង​ការជួយ​ដល់​អ្នក​ដាំ​ដុះ និង​ក្រុមហ៊ុននាំចេញ​ដែល​បាន​កំពុង​ប្រឈម​នឹង​ការធ្លាក់​ថ្លៃ​ជ័រកៅស៊ូ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ដោយសារតែ​តម្រូវ​ការ​អន្តរជាតិ​ធ្លាក់ចុះ​។​

​យោងតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​ ថ្ងៃទី​ ២៣ ខែវិច្ឆិកា និង​ទទួលបាន​ដោយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៨ ខែធ្នូ ការកែសម្រួល​អត្រា​អាករ​នាំចេញ​លើ​មុខទំនិញ​កៅស៊ូ ដែល​ក្នុងនោះ​រួមមាន​៖ ពុំ​ជាប់​អាករ​នាំចេញ បើ​តម្លៃ​គិត​អាករ​នាំចេញ​ទាប​ជាង​ ១ ៦០០ ​ដុល្លារ​ ក្នុង​ ១ ​តោន​; ជាប់​អាករ​នាំចេញ​ ២៥​ ដុល្លារ​ក្នុង​ ១ ​តោន បើ​តម្លៃ​គិត​អាករ​នាំចេញ​ចាប់ពី​ ១ ៦០០​ ដុល្លារ​ឡើង តែ​ទាប​ជាង​ ២ ០០០ ​ដុល្លារ​ ក្នុង​ ១ ​តោន​; ជាប់​អាករ​នាំចេញ ​៥០ ដុល្លារ​ក្នុង ​១ ​តោន បើ​តម្លៃ​គិត​អាករ​នាំចេញ​ចាប់ពី​ ២ ០០០​ ដុល្លារ​ឡើង តែ​ទាប​ជាង​ ២ ៧០០ ​ដុល្លារ​ ក្នុង​ ១ ​តោន​; ជាប់​​អាករ​នាំចេញ ​១០០ ​ដុល្លារ​ក្នុង​ ១​ តោន បើ​តម្លៃ​គិត​អាករ​នាំចេញ​ចាប់ពី​ ២ ៧០០ ​ដុល្លារ​ឡើង តែ​ទាប​ជាង​ ៣ ៧០០​ ដុល្លារ​ ក្នុង​ ១​ តោន​; ជាប់​អាករ​នាំចេញ ​២០០ ​ដុល្លារ​ក្នុង​ ១ ​តោន បើ​តម្លៃ​គិត​អាករ​នាំចេញ​ចាប់ពី ​៣ ៧០០​ ដុល្លារ​ឡើងទៅ​។​


​អនុក្រឹត្យ​នេះ​បាន​គូសបញ្ជាក់ថា​៖ «​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ត្រូវ​ទទួល បន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ​ចាប់ពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ ​២០២៤​ តទៅ​»​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​មកកាន់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២៨​ ខែធ្នូ​ថា ការសម្រេច​របស់​រដ្ឋា​ភិ​បាល​នេះ​ធ្វើឡើង​ក្រោយពី​វិស័យ​ឯកជន ក្នុង​វេទិកា​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​កាលពី​ថ្ងៃទី​ ១៣ ខែវិច្ឆិកា​ បានស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​សម្រួល​ដល់​ផ្នែក​ពន្ធ​នាំចេញ​ដោយសារតែ​តម្លៃ​កៅស៊ូ​សកល​បាន​បន្ត​ធ្លាក់​ថ្លៃ​ជាច្រើន​ឆ្នាំ​ជាប់ៗ​គ្នា​ដែល​ធ្វើឱ្យ​ប្រទេស​ផលិត​កៅស៊ូ​ជាច្រើន​បាន​ដួល​រលំ​។​


​លោក​បាន​ថ្លែងថា​៖ «​ក្នុង​វេទិកា​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​កាលពី​ថ្ងៃទី ​១៣ ខែវិច្ឆិកា​ សមាជិក​រប​ស់​សភាពាណិជ្ជកម្ម​កម្ពុ​ជា​យើង​ដែលមាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា​បាន​លើកសំណើ​ទៅកាន់​លោក​នាយករដ្ឋមន្ត្រី ក្រោយមក​យើង​ឃើញថា​រាជរដ្ឋាភិបាល​បានឱ្យ​អគ្គនាយកដ្ឋាន​គយ​ពិភាក្សា​លើក​ពន្ធ​នាំចេញ​ក្នុងនោះ​យើង​បាន ទទួល​នូវ​លទ្ធផល​វិជ្ជមាន​ពី​រដ្ឋាភិបាល​បានសម្រេច​កាល ពី​ពេល​ថ្មីៗ​នេះ ដោយបាន​បន្ត​លើកលែង​ពន្ធ​នាំចេញ​កៅស៊ូ​រយៈពេល​ ២​ ឆ្នាំ​បន្តទៀត​។​

​លោក​បាន​គូសបញ្ជាក់ថា​ ការលើកទឹកចិត្ត​ពន្ធដារ​លើ​វិស័យ​កសិកម្ម​ជាពិសេស​លើ​វិស័យ​កៅស៊ូ​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​វិស័យ​កៅស៊ូ ដោយសារតែ មាន​ប្រទេស​មួយចំនួន​បាន​កំពុង​ដួលរលំ​ដោយសារតែ​តម្លៃ​មិនអាច​ទប់ទល់​នឹង​ការ​​ចំណាយបាន​។ ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​រហូតដល់​ប្រមាណ​ជាង​ ៤០ ​ម៉ឺន​ហិកតា ដូច្នេះ​ការផ្គត់ផ្គង់​កៅស៊ូ​អាច​រក្សា​លំនឹង​បាន​។​

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ សម្រាប់​តម្លៃ​ជ័រកៅស៊ូ​វិញ គិត​ត្រឹម​ខែ វិច្ឆិកា គឺមាន​តម្លៃ ១ ៣៣៣​ ដុល្លារ ក្នុង​ ១ ​តោន ថយចុះ​ចំនួន ១១១ ​ដុល្លារ​ក្នុង ១​ តោន ស្មើ នឹង ​៧,៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២​។​

​របាយការណ៍​ដដែល​បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុ​ជាមាន​ផ្ទៃដី​កៅស៊ូ​សរុប​ចំនួន ៤០៤ ៥៧៨ ហិកតា ក្នុងនោះ ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​ទំហំ ៣១៥ ៣៣២ ហិកតា ត្រូវបាន​ចៀរ​ជ័រ ស្មើនឹង ៧៨ ភាគរយ និង​ផ្ទៃដី​ថែទាំ ៨៩ ២៤៦ ហិកតា ស្មើនឹង ២២ ភាគរយ​៕