ភ្នំពេញៈ ទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​សកល​ហាក់​មាន​ភាព​តានតឹង ក៏​យើង​អាច​និយាយបានថា ទីផ្សារ​មូល​ប​ត្រ​កម្ពុ​ជាមាន​ភាព​មមាញឹក​ក្នុង​ការទទួល​ស្វាគមន៍​ក្រុមហ៊ុន​ថ្មីៗ​ជាច្រើន​ក្នុងការ​ចុះបញ្ជី​ទាំងមូល​ប​ត្រ​កម្មសិទ្ធិ និង​មូល​ប​ត្រ​បំណុល​ពិសេស​ការកើនឡើង​ទាំង​ទំហំ​ការជួញដូរ​ប្រចាំថ្ងៃ និង​ចំនួន​នៃ​ការបើក​គណនី​ជួញដូរ​ថ្មី​។ នេះ​បើតាម​អគ្គនាយក​នៃ​ផ្សារ​​មូល​ប​ត្រ​កម្ពុជា​ ​(CSX)​។​

​អគ្គនាយក CSX លោក ហុង សុ​ហួរ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ផ្សារ​​មូល​ប​ត្រ​កម្ពុ​ជាមាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន ២១ ដែល​រួមមាន​ក្រុមហ៊ុន ១១ បាន​ចុះបញ្ជី​ជា​ភាគហ៊ុន និង​ក្រុមហ៊ុន ១០ ចុះ​បញ្ជី​ជា​សញ្ញា​បណ្ណ​សាជីវកម្ម និង​បាន​ប្រមូល​ទុន​ពី​ផ្សា​រមូល​​ប​ត្រ​សរុប​ប្រមាណ ៣៤៩ ​លាន​ដុល្លារ​អាមេរិក​។​


​លោក​បន្ថែមថា សម្រាប់​ការ​ជួញដូរ​វិញ នៅក្នុង​ខែតុលា ឆ្នាំ ​២០២៣ កន្លងទៅ បរិមាណ​នៃ​ការជួញដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃជា​មធ្យម​មាន​ចំនួន​ប្រមាណ ១៣ ម៉ឺន​ភាគហ៊ុន​ក្នុង ១ ​ថ្ងៃ ចំណែក​ទំហំ​ជួញដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃជា​មធ្យម​ប្រមាណ ២១ ​ម៉ឺន​ដុល្លារ ជាមួយនឹង​វិនិយោគិន​សកម្ម​ក្នុងការ​ជួញដូរ ​(Active investors) មាន​ប្រមាណ ១១ ​ពាន់​នាក់​។

រីឯ​ចំនួន​គណនី​ជួញដូរ បើ​គិត​ត្រឹម​ខែតុលា ឆ្នាំ ​២០២៣ CSX មាន​ប្រមាណ ៤៤​ ពាន់​គណនី ប៉ុន្តែ​បន្ទាប់ពី​មានកម្ម​វិធី​ពិព័រណ៍​ផ្សារ​ហ៊ុន​កម្ពុជា My First Stock 2023 ធ្វើឡើង​កន្លងមក ឃើញថា ចំនួន​អ្នកបើក​គណនី​ជួញដូរ​តាម​ប្រព័ន្ធ​អន​ឡាញ និង​តាម​បញ្ជរ​របស់​ក្រុមហ៊ុន​មូល​ប​ត្រ​មាន​ប្រមាណ ៣​ពាន់​គណនី ដែល​ធ្វើឱ្យ​ចំនួន​គណនី​សរុប​ហក់​ដល់​ប្រមាណ​ជា ៤៧​ ពាន់​គណនី​ជួញដូរ​។​


​លោក​បាន​ថ្លែងថា​៖ «​យើង​ក៏​រំពឹងថា នឹងមាន​ក្រុមហ៊ុន​ចុះ​​បញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ និង​សញ្ញា​បណ្ណ​សាជីវកម្ម ក៏ដូចជា​សញ្ញា​បណ្ណ​តាម​វិស័យ​ជា​បន្ត​បន្ទាប់​ក្នុង​ឆ្នាំ​ ២០២៤ ខាងមុខ​ផងដែរ​។ សម្រាប់​ឆ្នាំ​ ២០២៤​ ខាងមុខ យើង​នឹង​បន្តធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​ក្នុងការ​នាំយក​ឧបករណ៍​ហិរញ្ញវត្ថុ​មួយទៀត​ដែល​យើង​ហៅថា គម្រោង​វិ​និ​យោគ​រួម និង​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ទៀត​ដែល​គាំទ្រ និង​ជំរុញ​ដល់​ការចុះបញ្ជី​នៃ​ក្រុមហ៊ុន​សក្តា​នុ​ពល ក៏ដូចជា​បង្កើន​ចំណេះដឹង​ក្នុងការ​វិនិយោគ​ដល់​សា​ធារ​ណ​ជន​ផងដែរ​»​។​

​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋ​​កិច្ច និង​ហិរញ្ញវត្ថុ លោក ហ៊ាន សា​ហ៊ី​ប កាលពីពេល​ថ្មីៗ​នេះ​បាន​និយាយថា ចាប់តាំងពី​ឆ្នាំ​ ២០១១ រហូតដល់​ឆ្នាំ​ ២០២២ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​អនុក្រឹត្យ​ស្តីពី​ការលើកទឹកចិត្ត​ពន្ធដារ​សម្រាប់​វិស័យ​មូល​ប​ត្រ​ចំនួន​ ៤ ​លើក​រួចមកហើយ​។​

​លោក​បន្តថា​៖ «​ក្រុមហ៊ុន​ចុះ​​បញ្ជី​ទទួលបាន​ការកាត់បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល​រហូតដល់​ទៅ ៥០​ ភាគរយ រយៈពេល​ ៣ ​ឆ្នាំ​ដំបូង និង​ការអនុគ្រោះ​បំណុល​ពន្ធ​ផ្សេងៗ​ទៀត​។ យើង​នឹង​នៅតែ​បន្ត​គាំទ្រ និង​អភិវឌ្ឍ​ទីផ្សារ​នេះ​ឱ្យ​រីកចម្រើន​ទៅមុខ​»​។​

​លោក​ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​កម្មវិធី​ពិព័រណ៍​ផ្សារ​ហ៊ុន​​កម្ពុជា ដែល​បាន​ចូលរួមចំណែក​ដល់​ការបញ្ជ្រាប​ការយល់ដឹង និង​ផ្តល់ឱកាស​ដល់​សាធារណ​​ជន​ក្នុង​ការសិក្សា​ស្វែងយល់​ពី​កាលានុវត្តភាព​នៃ​ការវិនិយោគ​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​ឱ្យ​កាន់តែ​ច្រើនឡើង​។​

​លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ក៏បាន​លើកឡើង​ដែរ​ថា ទីផ្សារ​​មូល​ប​ត្រ​កម្ពុជា​កំពុង​រីកចម្រើន​ទៅមុខ និង​មានការ​ចុះបញ្ជី​លក់​មូល​ប​ត្រ​ជា​បន្ត​បន្ទាប់ពី​សំណាក់​ក្រុមហ៊ុន​បោះផ្សាយ​មូល​ប​ត្រ​ក្នុងស្រុក ដែល​ឆ្លុះបញ្ចាំង​អំពី​តួនាទី​របស់​ផ្សារ​ហ៊ុន​បាន​កំពុង​ក្លាយជា​ជម្រើស​នៃ​ប្រភព​ទុន​ថ្មី​មួយទៀត​៕