​ភ្នំពេញៈ ប្រទេស​កម្ពុជា និង​វៀតណាម បានដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ​នូវ​គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់ QR ឆ្លងដែន​ ដើម្បី​លើកកម្ពស់​ភ្ញៀវទេសចរ ពាណិជ្ជ​​កម្ម និង​ការវិនិយោគ​ប្រទេស​ទាំង​​ ២​។​

​ការដាក់ឱ្យ​ប្រើប្រាស់​គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លងដែន​តាមរយៈ​ឃ្យូ​អរ​កូដ (QR Code)​ នេះ​ត្រូវបាន​ធ្វើឡើង​រវាង​លោកស្រី ជា សិរី ទេសាភិបាល​ធនា​​គារ​ជាតិ​នៃ​កម្ពុជា ​(NBC) និង​លោកស្រី Nguyen Thi Hong ទេសាភិបាល​​ធនាគារ​រដ្ឋ​វៀតណាម​ (SBV)  ​កាលពី​ថ្ងៃទី ​៣ ខែធ្នូ ឆ្នាំ​ ២០២៣ នៅ​ទី​រួម​ខេត្ត​សៀមរាប​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ NBC ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ​ទូទាត់​ឆ្លងដែន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​អនុស្សរណៈ​នៃ​ការ​យោគ​​យល់​គ្នា ​(MoU) ត្រូវបាន​ចុះហត្ថលេខា​រវាង​ធនាគារកណ្តាល​ប្រទេស​ទាំង​ ២ កាលពី​ថ្ងៃទី​ ៨ ខែវិច្ឆិកា ឆ្នាំ​ ២០២២​។ បន្ទាប់ពី​ចុះហត្ថលេខា​ក្រុមការងារ​បច្ចេក​ទេស​នៃ​ធនាគារកណ្តាល​ប្រទេស​ទាំង​ ២ បានរៀបចំ​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អំពី​បែបបទ​នៃ​ការភ្ជាប់​ទំនាក់ទំនង និង​បាន​ឯកភាពគ្នា​លើ​ការប្រើប្រាស់​ម៉ូ​ដែល​ឧបត្ថម្ភ​សម្រាប់​គម្រោង​នេះ​។​

​បន្ទាប់មក NBC បានជ្រើសរើស​ធនា​​គារ អេស៊ីលីដា ជា​ធនាគារ​ទំនាក់ទំនង (Sponsoring Bank) របស់​កម្ពុជា ដើម្បី​ទទួលខុសត្រូវ​លើ​ការធ្វើ​សមា​ហ​​រណកម្ម​បច្ចេកទេស និង​ដើរតួ​ជា​ធនាគារ​ទូទាត់​សម្រាប់​កម្ពុជា​។ ចំណែក​នឹង​នេះ SBV បានជ្រើសរើស​សាជីវកម្ម​ទូទាត់​ជាតិ​វៀតណាម (NAPAS) ជា​ប្រតិបត្តិ​​ករ​សម្រាប់​ការតភ្ជាប់​បច្ចេកទេស ហើយ ធនាគារ BIDV ដើរតួ​ជា​ធនាគារ​ទូទាត់​នៃ​ភាគី​វៀតណាម​។ ធនាគារ​អេស៊ីលីដា បាន​បន្តធ្វើ​ការងារ​ជាមួយ​ធនាគារ ​Sacom Bank ធនាគារ BIDV និង NAPAS នៃ​ប្រទេស​វៀតណាម​។​


NBC បានឱ្យដឹងថា​៖«​ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារ​រដ្ឋ​វៀតណាម សម្រេច​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​នៃ​ការតភ្ជាប់​ការទូទាត់​ឆ្លង​ដែន​រវាង​កម្ពុជា និង​វៀតណាម​សម្រាប់​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​ការ​​ទូទាត់​តាម QR​។ ការណ៍​នេះ​បង្ហាញ​ពី​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត​សម្រាប់​ធនាគារកណ្តាល​ក​ម្ពុ​ជា និង​វៀតណាម​លើ​ការតភ្ជាប់​នវានុវត្តន៍​ផ្នែក​ហិរញ្ញវត្ថុ​និង​ប្រព័ន្ធ​ទូទាត់​ប្រទេស​ទាំង​ ២ ​នេះ​។ ប្រព័ន្ធ​នេះ​អាចឱ្យ​ប្រជាជន​ប្រទេស​ទាំង​ ២ ធ្វើការ​ទូទាត់​ឆ្លងដែន​ប្រកបដោយ​សុវត្ថិភាព ងាយស្រួល និង​តម្លៃ​សមរម្យ​។ ប្រព័ន្ធ​នេះ​ក៏​លើកកម្ពស់​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​ផងដែរ​។ ការដាក់ឱ្យ​ដំណើរការ​ការទូទាត់​ឆ្លងដែន​តាម ​QR រវាង​ប្រទេស​ទាំង ​២ ក៏​រំពឹងថា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​​កម្ពុជា និង​វៀតណាម ជាពិសេស​ភ្ញៀវ​ទេសចរ និង​ពាណិជ្ជករ​ផងដែរ​»​។​

​លោកស្រី ជា សិរី បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល CamTech ឆ្នាំ ២០២៣ កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា​ថា ជា​អ្នក​​សម្របសម្រួល​ក្នុង​ប្រព័ន្ធ​ទូទាត់ ធនា​​គារ​កណ្តាល​បាន​ទទួលយក​បច្ចេកវិទ្យា​ថ្មីៗ​ក្នុង​ការធ្វើ​ទំនើបកម្ម​។ ប្រព័ន្ធ​បាគង​មាន​គោលបំណង​ដោះស្រាយ​បញ្ហា​អន្តរ​​ប្រតិបត្តិការ ប្រសិទ្ធភាព បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​ភាពងាយស្រួល​នៃ​ការប្រើ​ប្រាស់​ប្រាក់រៀល​កម្ពុជា ​(KHR)​។ ចាប់​​តាំងពី​ការដាក់ឱ្យ​ប្រើប្រាស់​កាលពី​ខែ​​តុលា ឆ្នាំ​ ២០២០ គ្រឹះស្ថាន ៧១ បាន​ក្លាយជា​សមាជិក​ក្នុងនោះ​គ្រឹះស្ថាន ៥២ ​បាន​ប្រតិបត្តិការ​រួចហើយ ទៅដល់​អតិ​ថិ​ជន​ជាង ១០​ លាន​នាក់ និង​ដំណើរ​ការប្រតិបត្តិ​ការសរុប ៦៣​ លាន​ដង​។​

​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បាន​លើកឡើងថា ជាមួយនឹង​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា ធនាគារ អេស៊ីលីដា និង​ធនាគារ BIDV ត្រូវបាន​ជ្រើសរើស​ជា​ធនាគារ​ទំនាក់ទំនង​សម្រាប់​ការទូទាត់​ឆ្លងដែន​តាម​ឃ្យូ​អរ​កូដ​នៅ​កម្ពុជា និង​វៀតណាម ក្នុង​គោលដៅ​លើកកម្ពស់​ការទូទាត់​ប្រាក់​រៀល​ឱ្យ​កាន់តែ​ទូលំទូលាយ​ក្នុង​ថ្នាក់​តំបន់ និង​ដើម្បី​ជំរុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ស្របតាម​សមាហរណកម្ម​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន​៕