ភ្នំពេញៈ កម្ពុជារកចំណូលពីការលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ បានជាង ៣២ លានដុល្លារ ក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២៣ កើនឡើងជាង ២៦០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើយោងតាមគ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវបង្កើតឡើងកាលពីឆ្នាំ ២០១៦ ដោយស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន រមណីយដ្ឋានអង្គរ, ប្រាសាទកោះកេរ, និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ ថ្ងៃមានតម្លៃ ៣៧ ដុល្លារ, រយៈពេល ៣ ថ្ងៃតម្លៃ ៦២ ដុល្លារ និង ៧ ថ្ងៃ មានតម្លៃ ៧២ ដុល្លារ។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី ១ ខែធ្នូ ឱ្យដឹងថាចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ ភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មាន ៦៩៩ ៩៩៦ នាក់ដោយរកចំណូលពីការលក់សំបុត្របាន ៣២,៥៥ លានដុល្លារបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺចំនួនភ្ញៀវទិញសំបុត្រ បានកើនឡើង ២១០,៨៥ ភាគរយ និងចំនួនប្រាក់កើន ២៦១,១២ ភាគរយ។
ដោយឡែកក្រៅពីចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏រកចំណូលបាន ៦៨៥ ២៣៣ ដុល្លារផងដែរ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនានៅប្រាសាទកោះកេរ ដែលមានចំនួន ១៨៤ ២០០ ដុល្លារ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស ចំនួន ៥០១ ០៣៣ ដុល្លារ។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចំនួនភ្ញៀវបរទេសដែលមកកម្សាន្តនៅខេត្តសៀមរាបបានកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែមិនឡើងជាគំហុកទេ ដោយមូលហេតុគឺអាចបណ្តាលមកពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកមិនទាន់ល្អ ខណៈនៅកម្ពុជាក៏មិនសូវមានផលិតផលទេសចរណ៍ថ្មីៗសម្រាប់ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវបរទេសដូចប្រទេសជិតខាង។
លោកបន្តថា៖ «ជាក់ស្តែងនៅប្រទេសជិតខាង (ថៃ) ក្រៅពីមានការផ្សព្វផ្សាយទូលំទូលាយ មានសោភណភាពបរិស្ថាននិងការគ្រប់គ្រងសំរាមបានល្អ ប្រទេសគេក៏មានវត្ថុអនុស្សាវរីយ៍ដែលមានគុណភាពល្អសម្រាប់លក់ទៅឱ្យភ្ញៀវ ខុសពីនៅកម្ពុជាទោះបីអាជ្ញាធរចុះណែនាំយ៉ាងណា ក៏នៅតែមានការលក់វត្ថុអនុស្សាវរីយ៍បន្លំគុណភាពជាច្រើនដដែល»។
លោកបញ្ជាក់ថា ដើម្បីអាចទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន គឺទាមទារឱ្យរដ្ឋាភិបាល និងផ្នែកឯកជនត្រូវតែខិតខំធ្វើការរួមគ្នាឱ្យបានច្រើនបន្ថែមទៀតទាំងការរៀបចំផែនការ និងការចូលរួមអនុវត្តកិច្ចការដែលគាំទ្រដល់វិស័យទេសចរណ៍។
ទាក់ទងនឹងការមកដល់យ៉ាងច្រើននៃភ្ញៀវបរទេសមកកម្ពុជាក្នុងរយៈពេលជាង ១ ខែកន្លងមកនេះ លោកអះអាងថា គឺជាភ្ញៀវតាមរដូវកាលតែប៉ុណ្ណោះ (High Season)។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាននិយាយថា ទោះក្តីបារម្ភពីជំងឺកូវីដ ១៩ លើពិភពលោកបានបិទបញ្ចប់ស្ទើរទាំងស្រុង ប៉ុន្តែចំនួនភ្ញៀវបរទេស ជាពិសេសជនជាតិចិនដែលធ្វើដំណើរមកកម្ពុជានាពេលនេះ គឺនៅមានចំនួនតិចតួចនៅឡើយបើធៀបមុនឆ្នាំ ២០២០។
លោកស្រីបន្តថា កំណើនភ្ញៀវបរទេសក្នុងល្បឿនមិនសូវលឿននេះ ក៏ដោយសារតែមានសារព័ត៌មានមួយចំនួនធ្វើការផ្សព្វផ្សាយមិនល្អពីកម្ពុជាដែលធ្វើឱ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់ភ្ញៀវចង់មកកម្សាន្តផងដែរ។
លោកស្រីបានប្រាប់ថា៖ «ព័ត៌មានអវិជ្ជមានពីខាងក្រៅបានធ្វើឱ្យប៉ះពាល់ដល់លំហូរភ្ញៀវទេសចរបរទេសមួយចំនួនមកកម្ពុជា។ ទោះយ៉ាងណា យើងរំពឹងថា អ្វីៗនឹងល្អប្រសើរចាប់តាំងពីពេលនេះតទៅ»។
កាលពីឆ្នាំ ២០២២ គ្រឹះស្ថានអង្គររកចំណូលពីការលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសបាន ១១,៧៨ លានដុល្លារ ក្នុងនោះចំណូលពីរមណីយដ្ឋានអង្គរចំនួន ១១,៥៣លានដុល្លារ, ប្រាសាទកោះកែរ ៩០ ៤៥០ ដុល្លារ និងកំពង់ផែចុងឃ្នៀស ១៦៥ ៣០៨ ដុល្លារ។
ជាមួយនឹងកំណត់ត្រាទទួលបានភ្ញៀវទេសចរបរទេសច្រើនបំផុតកាលពីឆ្នាំ ២០១៩ ដែលមានប្រមាណជាង ៦,៦ លានដុល្លារ គឺគ្រឹះស្ថានអង្គររកចំណូលពីការលក់សំបុត្រឱ្យភ្ញៀវបរទេសបានរហូតដល់ជាង ៨០,៧ លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ៕