​ភ្នំពេញៈ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល​កម្ពុជា រយៈពេល ៣ ​ត្រីមាស​ដើមឆ្នាំ​ ២០២៣ បាន​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​ថ្មី​ជាមួយ​ឥណាយិក​ជិត ៨០០ ​លាន​ដុល្លារ​អាមេរិក កើន​ជិត ១ ៧០០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២​។ នេះ​បើតាម​ក្រ​​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

«​ឥណាយិក​»​សំដៅ​ដល់​អ្នកទទួលបាន​ឥណទាន​។ នៅក្នុង​បរិការណ៍​បច្ចុប្បន្ន​រប​ស់​កម្ពុជា ឥណាយិក អាចជា​រដ្ឋាភិបាល​ក្នុង​ក្របខ័ណ្ឌ​នៃ​ការខ្ចីប្រាក់​ពី​គេ ឬ​អាចជា​គ្រឹះស្ថាន​សា​ធារ​ណៈ​រដ្ឋបាល​, សហគ្រាស​សា​ធារ​ណៈ​, ក្រុមហ៊ុនចម្រុះ​ដែល​រដ្ឋ​មាន​ភាគកម្ម​សាធារណៈ​ជា​ចំនួន​ភាគតិច​, និង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក្នុង​ក្រប​ខ័​ណ្ឌ​នៃ​ការផ្តល់​ឥណទាន​របស់​រដ្ឋ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​


​ឯកសារ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច ឱ្យដឹងថា ក្នុង​ត្រីមាស​ទី ​៣ ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ឥណទាន​ថ្មី ជាមួយ​ឥណាយិក​សរុប​ចំនួន ១៤២ ​លាន​ដុល្លារ​អាមេរិក ហើយ​បើ​សរុប​ចាប់ពី​ត្រីមាស​ទី​ ១ ដល់​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ឥណទាន​ជាមួយនឹង​ឥណាយិក​សរុប​ចំនួន ៧៩២,៤៣​ លាន​ដុល្លារ​អាមេរិក​។ ចំនួន​នេះ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ គឺ​ការចុះ​កិច្ចព្រមព្រៀង​ផ្តល់​ឥណ​ទាន​ថ្មី មាន​កំណើន​ប្រមាណ ១ ៦៩៧​ភាគរយ​។​

​ឯកសារ​ឱ្យដឹងទៀតថា នៅក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ ​២០២៣ ឥណាយិក​បាន​ដក​សាច់ប្រាក់​ទៅប្រើ​ប្រាស់​ជាក់ស្ដែង​ចំនួន ១៥៣,៨​ លាន​ដុល្លារ​អាមេរិក បើ​សរុប​ពី​ត្រីមាស​ទី​ ១ ទៅដល់​ត្រីមាស​ទី ​៣ ឆ្នាំ​ ២០២៣ ការ​ដក​សាច់ប្រាក់​ជាក់ស្តែង​ចំនួន ៣១៦,៨៥​ លាន​ដុល្លារ កើន​ប្រមាណ ៧៤ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។​


​លោក ហុង វណ្ណៈ សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣១ ខែធ្នូ​ថា ការចុះ​កិច្ចព្រមព្រៀង​ឥណទាន​ថ្មី​ជាមួយ​ឥណាយិក គឺ​សុទ្ធតែ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ការផ្តល់​ឥណទាន​ទៅ​អភិវឌ្ឍន៍​ធនធានមនុស្ស បង្កើត​ការងារ បង្កើន​ផលិតភាព និង​ការដោះស្រាយ​បញ្ហា​អសកម្ម​ក្នុងសង្គម​។ លោក​បន្តថា គ្រប់​ឥណទាន ត្រូវបាន​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព និង​ចំ​​គោលដៅ ព្រោះ​វា​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ជាទីបំផុត​។​

​លោក​អះអាងថា​៖«​ឥណទាន​ទាំងអស់​កំពុង​ក្លាយជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុង​ការជួយ​នាំ​រដ្ឋាភិបាល​ឱ្យ​ឈានទៅ​សម្រេច​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៣០ និង​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៥០»​។​

​ក្រសួង​ឱ្យដឹងទៀតថា ទន្ទឹម​នឹង​ការចុះ​កិច្ចព្រមព្រៀង​ឥណ​ទាន​ថ្មី​ជាមួយ​ឥណាយិក រដ្ឋា​​ភិ​បាល​កម្ពុជា ក្នុង​រយៈពេល ៣​ ត្រីមាស ឆ្នាំ ​២០២៣ ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​ស​ម្ប​ទាន ​(​កម្ចី​)​ ថ្មី​ជាមួយ​ដៃគូ​អភិ​វ​ឌ្ឍ​នានា​សរុប ១​ ពាន់​លាន​ដុ​ល្លារ​អាមេរិក សមមូល​ទៅនឹង ៧៦២,៥២​ លាន​អេស​ដេ​អ៊ែរ ស្មើនឹង​ប្រមាណ ៤៥ ​ភាគរយ​នៃ​ពិតាន​ដែល​ច្បាប់​អនុញ្ញាត ​(១ ៧០០​ លាន​អេស​ដេ​អ៊ែរ​) ក្នុងនោះ​ក្របខ័ណ្ឌ​ទ្វេភាគី មាន​ប្រមាណ ៤៥ ​ភាគរយ និង​ក្រប​​ខណ្ឌ​ពហុភាគី ៥៥ ​ភាគរយ​។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ការចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ថ្មី​សរុប​ពី​ត្រីមាស​ទី ​១ រហូតដល់​ត្រីមាស​ទី ​៣ ឆ្នាំ​ ២០២៣ បាន​ថយចុះ​ប្រមាណ ១៧ ​ភាគរយ​៕