​ភ្នំពេញៈ កា​រ​អនុម័ត​ជា​បន្តបន្ទាប់​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) លើ​គម្រោង​វិនិយោគ​ថាមពល​អគ្គិសនី​ពី​ប្រភព​ស្អាត ឬ​កកើត​ឡើងវិញ បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ចេញពី​ចំហេះ​ហ្វូ​ស៊ី​ល​ដូចជា​ធ្យូងថ្ម និង​ប្រេង​ខ្មៅ ទៅក្នុង​បរិយាកាស និង​ក៏​អាចជួយ​ឱ្យ​អគ្គិសនី​នៅ​កម្ពុជា​មានតម្លៃ​កាន់តែ​ទាប និង​អាច​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​ផ្ទាល់ ព្រមទាំង​ជួយ​លើកកម្ពស់​សមត្ថភាព​នាំចេញ​ទៅ​នំ​និ​ញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ​។​

បណ្តាញ​សង្គម​ផ្លូវការ​របស់ CDC កាលពី​ចុង​សប្តាហ៍​មុន​ឱ្យដឹងថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ CDC បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ឱ្យ​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព ៦០​ មេ​ហ្គា​វ៉ា​ត់ ជាមួយ​ប្រព័ន្ធ​ផ្ទុក​ថាមពល​អគ្គិសនី របស់​ក្រុមហ៊ុន Schneitec Vibrant Co., Ltd ស្ថិតនៅ​ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង ក្រោម​ទុនវិនិយោគ ៦៥,៥ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៣៥​ កន្លែង​។​


​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ នៅក្នុង​វេទិកា​ពិភាក្សា​ស្តីពី​«​គោលនយោបាយ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា​» កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា បាន​និយាយថា វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ​បាន​ឆ្លង​ដំណាក់កាល​ដ៏​លំបាក​ជាច្រើន​ក្នុង​រយៈពេល​ជាង ៤​ ទសវត្សរ៍​កន្លងមក ​ដោយ​ចាប់ផ្តើម​ពី​គ្មាន​អគ្គិសនី​ប្រើប្រាស់ រហូតដល់​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ នឹង​កំពុង​ឈានទៅ​នាំ​ចេញទៅ​លក់​ឱ្យ​ប្រទេសជិតខាង​ក្នុង​តំបន់​ទៀតផង​។ 

លោក​បន្តថា ទន្ទឹមនឹង​ការកើនឡើង​នៃ​សមត្ថភាព​ផលិត​នេះ កម្ពុជា​ក៏ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់ថា ជា​ប្រទេស​ដែលមាន​ថាមពល​ពី​ប្រភព​ស្អាត​ដ៏​ច្រើន​ផងដែរ ដោយ​ថាមពល​អគ្គិសនី​ ដែល​កំពុង​ប្រើប្រាស់​នៅក្នុង​ប្រទេស​បច្ចុប្បន្ន គឺមាន​លើសពី ៦០ ​ភាគរយ​ បានមកពី​ថាមពល​ស្អាត ឬ​កកើត​ឡើងវិញ ​(​ថាមពល​ពី​ពន្លឺព្រះអាទិត្យ ខ្យល់ ទឹក និង​រលក​ទឹក ជាដើម​)​។​


លោក​ថ្លែងថា​៖«​កាលពីមុន​យើង​ប្រើ​ភ្លើង​ដែល​ចេញពី​ប្រេងម៉ាស៊ូត ឬ​ប្រេង​ខ្មៅ​មាន​ផ្សែងហុយ​ទ្រលោម និង​ថ្លង់​គ្រប់កន្លែង ប៉ុន្តែ​ឥឡូវនេះ​ភ្លើង​នៅក្នុង​បណ្តាញ​ជាតិ​របស់​យើង​មាន ៦២​​ ភាគរយ​ បើ​គិត​ត្រឹម​ចុងឆ្នាំ​២០២២ ដែលជា​ភ្លើង​យកចេញ​មកពី​ប្រភព​ថាមពល​ស្អាត និង​កកើត​ឡើងវិញ​»​។​

បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល គិត​ត្រឹម​ចុងឆ្នាំ​២០២២ ថាមពល​អគ្គិសនី​នៅក្នុង​បណ្តាញ​ជាតិ​​ ដែល​កម្ពុជា​ប្រើប្រាស់ គឺមាន ៦២​ភាគរយ​បានមកពី​ប្រភព​ថាមពល​ស្អាត និង​កកើត​ឡើងវិញ គឺ​ប្រភព​វា​រី​អគ្គិសនី មាន​ជាង ៤០​ភាគរយ ពី​ថាមពល​ពន្លឺព្រះអាទិត្យ ជាង ១០ ​ភាគរយ រួមផ្សំ​ជាមួយនឹង​ថាមពលជីវម៉ាស់​បន្តិច​បន្តួច និង​រួមផ្សំ​ជាមួយ​ការនាំ​ចូល​ថាមពល​ស្អាត​ពី​ប្រទេស​ឡាវ ផ្គុំ​គ្នា​មក​បាន ៦២ ​ភាគរយ​។​

លោក​លើកឡើង​ទៀតថា នៅពេល​កម្ពុ​ជាមាន​អគ្គិសនី​ពី​ប្រភព​ស្អាត​ច្រើន វា​ក៏​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ឱ្យ​ចូលមក​បណ្តាក់ទុន​ផ្ទាល់​កាន់តែច្រើន​ដែរ​។​

លោកស្រី កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លី​លី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គ្រប់មុខ​ជំនួញ​សុទ្ធតែ​ត្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ជា​ចាំបាច់ ហើយ​បើកាលណា​និយាយ​ពី​អ្នកវិនិយោគ​បរទេស​វិញ មុននឹង​ទៅ​បណ្តាក់ទុន​នៅ​ប្រទេស​ណា សំណួរ​មុនគេ គឺ​អគ្គិសនី​នៅ​ទីនោះ​មាន​គ្រប់គ្រាន់​ដែរឬទេ​? តើ​អគ្គិសនី​មានតម្លៃ​ខ្ពស់ ឬ​ទាប​? លោកស្រី​បញ្ជាក់ថា ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី គឺ​ពិតជា​ផ្តល់​ទំនុកចិត្ត​យ៉ាងច្រើន​សម្រាប់​អ្នកវិនិយោគ ក៏ដូចជា​អ្នកប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា​ដែរ​។​

លោកស្រី​បាន​និយាយថា​៖«​តម្លៃ​អគ្គិសនី​កាន់តែ​ទាប ធ្វើឱ្យ​ថ្លៃដើម​ផលិត​កាន់តែ​ទាប ដែល​នឹង​ជួយ​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​កាន់តែ​ខ្ពស់​ជាមួយនឹង​ទំនិញ​របស់​ប្រទេស​នានា​លើ​ពិភពលោក​»​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​បិទ​ស្ទឹង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ អានុភាព ១៥០​ មេ​ហ្គា​វ៉ា​ត់ នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា​បាន​និយាយថា អគ្គិសនី គឺជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម​វិស័យ​អាទិភាព​នានា ​ដែល​រាជរដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ជំរុញ​ការអភិវឌ្ឍ​។​

លោក​បាន​ថ្លែងថា​៖«​ខ្ញុំ​សូមបញ្ជាក់ថា​ការអភិវឌ្ឍ​វិស័យ​អគ្គិសនី នៅតែ​ជា​របៀបវារៈ​ដ៏​សំខាន់​នៃ​នយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ព្រោះ​ថាមពល​មិន​ត្រឹមតែ​ជា​ផលិតផល​មួយ​ដែលជា​តម្រូវការ​សម្រាប់​ប្រជាជន​បច្ចុប្បន្ន​ទេ ប៉ុន្តែ​ជា​ផលិតផល​មួយ​ដែល​ចាំបាច់​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ផ្សេងៗ​។ 

ដូច្នេះ​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ថាមពល​អគ្គិសនី​ឱ្យបាន​ត្រឹមត្រូវ រីកចម្រើន​ឱ្យបាន​ឆាប់រហ័ស ​ដើម្បី​ឈានទៅ​សម្រេចបាន​ការផ្គត់ផ្គង់​ថាមពល​មួយ​គ្រប់គ្រាន់ ប្រកបដោយ​ចីរភាព ស្ថិរភាព គុណភាព មានតម្លៃ​កាន់តែ​សមរម្យ នៅ​គ្រប់​ទីកន្លែង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការជួយ​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច ប្រកបដោយ​ចីរភាព​របស់​ប្រទេស និង​ជួយ​បង្កើត​សុ​ខុ​ដុម​នី​យ​ភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​»៕