​ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ជំរុញ និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឱ្យប្រើ​ប្រាស់​យានយន្ត​អគ្គិសនី​ឱ្យបាន​កាន់តែច្រើន តាមរយៈ​ការតាក់តែង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ដើម្បី​គ្រប់គ្រង និង​អភិវឌ្ឍ​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា ខណៈ​ការ​នាំចូល​យានយន្ត​អគ្គិសនី​បាន​កើន​ឡើងជា​លំដាប់​។​

​ក្នុងឱកាស​ចូលរួម​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​រថយន្ត AION ម៉ូ​ដែល Y Plus ឆ្នាំ​២០២៣ របស់​ក្រុមហ៊ុន AION Cambodia កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២៣ លោក ពៅ ម៉ាលី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានលើកឡើង​ពី​សារៈសំខាន់​នៃ​ការចូលរួម​របស់​ផ្នែក​ឯកជន​ក្នុង​ការជំរុញ​វិស័យ​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា និង​បានកត់សម្គាល់​ពី​ការកើនឡើង​ចំនួន​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​។ 


លោក​បន្តថា កំណើន​នៃ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​នាពេលនេះ គឺ​ដោយសារ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ពី​គុណប្រយោជន៍​នៃ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី ដែលមាន​ផលចំណេញ​ច្រើន​បើ​ធៀប​នឹង​ការប្រើប្រាស់​យានយន្ត​ចំហេះ​ក្នុង​(​ម៉ាស៊ីន​ប្រើ​ឥន្ធនៈ​)​។​

លោក​បន្តថា រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​នឹង​កំពុង​ជំរុញ​ការពង្រឹង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ដូចជា​ការបង្កើត​ស្ថានីយ​សាក​យានយន្ត​ ឱ្យបាន​ច្រើន​បន្ថែម​នៅតាម​រាជធានី ខេត្ត ដោយ​បច្ចុប្បន្ន​​ មាន​ចំនួន​ ១៨​ ទីតាំង និង​ ២៣​ ស្ថានីយ​សាក​ (​ទូ​សាក​) ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​យានយន្ត​អគ្គិសនី នៅតាម​បណ្តា​ខេត្ត តំបន់​ឆ្ងាយៗ ក៏ដូចជា​នៅតាម​ផ្លូវជាតិ​សំខាន់ៗ​។​


​លោក​បាន​និយាយថា​៖«​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​ថ្មីៗ​នេះ​ឱ្យ​ដឹកនាំ​គណៈកម្មាធិការ​បច្ចេកទេស​អន្តរក្រសួង ដើម្បី​តាក់តែង​លិខិតបទដ្ឋាន​គតិយុត្ត គោលនយោបាយ និង​យុទ្ធសាស្ត្រ​ជាតិ សម្រាប់​គ្រប់គ្រង និង​អភិវឌ្ឍ​យានយន្ត​អគ្គិសនី ដើម្បី​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ក្នុង​ការគាំទ្រ​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​យានយន្ត​អគ្គិសនី ក្នុងតម្លៃ​សមរម្យ​អាច​ប្រើប្រាស់​បាន​យ៉ាង​ទូលំទូលាយ​នាពេលខាងមុខ​»​។​

ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា (Cambodia Automotive Industry Federation) លោក តាន់ មុនី​វណ្ណ ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការប្រើប្រាស់​យានយន្ត​អគ្គិសនី មានគុណ​សម្បត្តិ​ច្រើនជាង​គុណវិបត្តិ ជាពិសេស​បើ​អ្នកប្រើប្រាស់​ចង់​ចូលរួម​លើកកម្ពស់​ការថែរក្សា​ប​រិ​ស្ថាន គួរប្រើ​ប្រាស់​យានយន្ត​អគ្គិសនី​។​

លោក​បញ្ជាក់ថា​៖«​នៅតាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន ​នៅលើ​ពិភពលោក គេ​បានចាប់ផ្តើម ប្រើប្រាស់ E Bus  រួចទៅហើយ ដើម្បី​ថែរក្សា​បរិស្ថាន​ប្រកបដោយ​ចីរភាព​។ ម្យ៉ាងទៀត​ការប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​ក៏មាន​កំណើន នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ និន្នាការ​នេះ នឹងមាន​ការកើនឡើង​បន្តទៀត នៅពេល​មនុស្ស​ចាប់ផ្តើម​គិតគូរ​ពី​បញ្ហា​បរិស្ថាន ការប្រែប្រួល​អាកាសធាតុ​ជាដើម វា​ជា​ឱកាសល្អ​មួយ ដែល​ជំរុញឱ្យមាន​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​ច្រើន ព្រោះថា យានយន្ត​ប្រភេទ​នេះ មានគុណ​សម្បត្តិ​ច្រើន​»​។​

​ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​យានយន្ត​អគ្គិសនី កាលពីដើមឆ្នាំ​២០២៣ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ទម្លាក់​ពន្ធ​នាំចូល​រថយន្ត​អគ្គិសនី​ប្រមាណ ៥០ ​ភាគរយ​។​

អតីតរដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលពី​ខែមីនា ឆ្នាំ​២០២៣ បាន​និយាយថា យុទ្ធសាស្ត្រ​ក្នុងការ​បន្ធូរ​បន្ថយពន្ធ​នាំចូល​អគ្គិសនី គឺ​ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា​ឱ្យ​កាន់តែច្រើន សំដៅ​កាត់បន្ថយ​ការបំពុល​បរិស្ថាន​នៃ​ឧស្ម័ន​កាបូនឌីអុកស៊ីត ដែល​បញ្ចេញ​ពី​យានយន្ត​ប្រើប្រាស់​ប្រេងឥន្ធនៈ​ខណៈ​ការ​នាំចូល​យានយន្ត​ដែល​ដើរ​ដោយ​ប្រេងឥន្ធនៈ តម្រូវឱ្យ​បង់ពន្ធ​នាំចូល​រហូតដល់ ១២០​ភាគរយ​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គិត​ត្រឹម​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៣ ចំនួន​យានយន្ត​អគ្គិសនី​ចុះបញ្ជី​មាន​ចំនួន​សរុប ៧៩៤ គ្រឿង ក្នុងនោះ​រថយន្ត​មាន​ចំនួន ៤០៨ គ្រឿង ម៉ូតូ​កង់​បី ៣៥៥ គ្រឿង​និង​ម៉ូតូ​មាន​ចំនួន ៣១ គ្រឿង បើ​ប្រៀបធៀប​រវាង​ការចុះបញ្ជី​យានយន្ត​អគ្គិសនី​ក្នុង​ឆ្នាំ​២០២២ ដែលមាន​ចំនួន ​៦៦២ គ្រឿង និង​ឆ្នាំ​២០២១ យានយន្ត​អគ្គិសនី មាន​ចំនួន ៦៣ គ្រឿង​គឺមាន​កំណើន​ប្រមាណ​ ៩៥១​ ភាគរយ​៕