ភ្នំពេញៈ ក្រុមហ៊ុន CIA First International School Co., Ltd នឹងធ្វើ​ការចុះបញ្ជី​បោះផ្សាយ​សញ្ញា​បណ្ណសា​ជីវ​កម្ម​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ ​(CSX)​ ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​កៀរគរ​ទុន​បន្ថែម​សម្រាប់​ការពង្រីក​អាជីវកម្ម​។ សាលា​នេះ​គឺជា​ក្រុមហ៊ុន​ទី​២ មកពី​វិស័យ​អប់រំ​ដែល​ចុះបញ្ជី​នៅលើ​ទីផ្សារ​មួយ​នេះ​។​

​យោងតាម​សេចក្តីប្រកាស​របស់ CSX នៅ​ថ្ងៃទី​ ២៩ ខែវិច្ឆិកា សាលារៀន CIA First International School Co., Ltd បានទទួល​ការយល់ព្រម​ជា​គោល​ការណ៍​ពី CSX នៅ​ថ្ងៃទី​ ២៣ ខែវិច្ឆិកា​។ ពួកគេ​នឹង​ស្វែងរក​ការអនុម័ត​ថែមទៀត​ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​(SERC)​។​


​សេចក្តីប្រកាស​ព័ត៌មាន​បានឱ្យដឹងថា​៖ «​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) មាន​កិត្តិយស​សូម​ជូនដំណឹង​ដល់​សា​ធារ​ណ​ជន​ថា ផ​.​ម​.​ក​. បានផ្តល់​ការយល់​ព្រម​ជាគោលការណ៍​លើ​ការត្រួតពិនិត្យ​ភាពស្របច្បាប់​លើ​ការដាក់​ពាក្យសុំ​ចុះ​បញ្ជី​សញ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន CIA First International School Co., Ltd នៅ​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។ ដើម្បី​ចុះបញ្ជី​ជា​ផ្លូវការ និង​មានការ​ជួញដូរ​មូល​ប​ត្រ​របស់ខ្លួន​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក្រុមហ៊ុន CIA FIRST នឹង​ទទួល​​បានការ​យល់ព្រម​ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា និង​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវការ​ចុះបញ្ជី​បន្ថែមទៀត​របស់ CSX»​។​

CSX បញ្ជាក់ថា ក្រុមហ៊ុន CIA First International School Co., Ltd គឺជា​ក្រុមហ៊ុន​ទី​ ៣ ដែល​ទទួល​បានការ​យល់ព្រម​ជាគោលការណ៍​លើ​ការត្រួត​ពិនិត្យ​ភាពស្របច្បាប់​លើ​ការដាក់​ពាក្យ​សុំ​ចុះបញ្ជី​មូល​ប​ត្រ​បំណុល​ពី CSX ក្នុង​ឆ្នាំ​ ២០២៣​។ ក្រុមហ៊ុន CIA FIRST ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៦ ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អប់រំ​អន្តរ​ជាតិ​ឈានមុខ​គេ​នៅ​រាជធានី​ភ្នំពេញ​។បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងដំណើរការ​ជាមួយ​សាខា​ចំនួន​ ៣ ដើម្បី​ផ្តល់​សេវា​អប់រំ​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ ទៅដល់​ថ្នាក់​ទី​ ១២​ ប្រកបដោយ​ស្តង់ដា និង​គុណភាព​។​


​លោក ហុង សុ​ហួរ អគ្គនាយក CSX បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៤ ខែ​​ធ្នូ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងធ្វើការ​ងារ​ជាមួយ SERC ដើម្បី​ស្វែងរក​ការយល់​​ព្រម​សម្រាប់​ការចុះបញ្ជី​នៅលើ​ទីផ្សារ​​ហ៊ុន​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​យើង​ជឿថា ក្រុមហ៊ុន​នេះ​នឹង​ជម្រះ​ការងារ​ដែល​នៅសល់​ក្នុងពេល​ឆាប់ៗ ដូច្នេះ​ពួកគេ​អាច​ចុះបញ្ជី​នៅ​ចុង​ឆ្នាំនេះ​បាន​។ ដោយសារ​ការចេញលក់​សញ្ញា​បណ្ណ​របស់​ពួកគេ គឺ​សម្រាប់​វិនិយោគិន​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ដូច្នេះ​ពួកគេ​មិនមាន​បញ្ហា​អ្វី​សម្រាប់​ការរៀបចំ​របស់​ពួកគេ​ទេ​»​។​

​លោក​លើកឡើងថា​៖ «​ចំពោះ​មូលនិធិ​ដែល​ពួកគេ​គ្រោង​នឹង​ប្រមូល​ពី​ផ្សារ​ហ៊ុន​ក៏មាន​ចំនួន​ច្រើន​ដែរ ប៉ុន្តែ​នៅពេលនេះ​ពួកគេ​ត្រូវធ្វើ​ការងារ​ជាមួយ​និយ័ត​ករ​​មូល​ប​ត្រ​កម្ពុជា ហើយ​ក្រុមហ៊ុន​ក៏​កំពុង​ពិភាក្សា​ជាមួយ​វិនិយោគិន​របស់​ពួកគេ​ផងដែរ ដូច្នេះ​យើង​មិនដឹងថា​ពួកគេ​នឹង​ប្រមូល​មូលនិធិ​ចំនួន​ប៉ុន្មាន​ទេ ប៉ុន្តែ​វា​គឺជា​ចំនួន​ដ៏​ច្រើន​»​។​

​លោក ស៊ូ សុជាតិ អគ្គនាយក SERC បាន​ប្រាប់ថា លោក​បានទទួល​ឯកសារ​ស្នើសុំ​ពី​ក្រុមហ៊ុន​នេះ​រួចហើយ ដោយ​ក្រុមបច្ចេកទេស​កំពុង​ពិនិត្យមើល​មុនពេល​ស្វែងរក​ការយល់ព្រម​ពី​ប្រធាន​អាជ្ញាធរ​​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។​

​លោក​បន្តថា​៖ «​យើង​ចាំបាច់​ត្រូវ​ពិនិត្យមើល​ពាក្យសុំ​របស់​ពួកគេ​ដោយ​ប្រយ័ត្ន ប៉ុន្តែ​អ្វីដែល​យើង​ចង់បាន គឺ​ធ្វើឱ្យ​វា​កាន់​​តែ​លឿន​តាម​ដែល​យើង​អាចធ្វើ​ទៅបាន​។ យើង​គិតថា យើង​អាច​អនុម័ត​លើ​ពាក្យសុំ​មុន​ដំណាច់​ឆ្នាំនេះ ឬ​ដើមឆ្នាំ​ក្រោយ ពីព្រោះ​ក្រុមហ៊ុន​នេះ អាចមាន​ពេលវេលា​ក្នុង​ការធ្វើ​បរិវិសកម្ម​មុនពេល​ចុះបញ្ជី​នៅលើ​ផ្សារ​ហ៊ុន​»៕