ភ្នំពេញៈ ការនាំចេញ​ផលិតផល​ស្បែក​​ជើង និង​វត្ថុ​ប្រហាក់ប្រហែល​ផលិត​នៅ​កម្ពុជា​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ១០​ ​ខែ​ដើមឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​ជិត ១,១​ ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ​ជិត ១/៤ ​ដង ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ចំនួន​នេះ​គឺ​ស្មើនឹង​ជិត ៦​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា​ (GDCE)​។​

​តារាង​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម​នាំចេញ​របស់ GDCE ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​ ២០២៣ ការនាំចេញ​ទំនិញ​ក្នុង​ជំពូក ​(HS ២​ខ្ទង់​)​ លេខ​កូដ ៦៤ ដែល​រួមមាន ស្បែកជើង ស្រោម​ជើង និង​វត្ថុ​ប្រហាក់ប្រហែល មានទឹក​ប្រាក់​សរុប ១,០៩ ពាន់​លាន​ដុល្លារ ធ្លាក់​​ចុះ ២៤,៦​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដែលមាន ១,៤៤ ​ពាន់​លាន​ដុល្លារ​។ ទឹកប្រាក់​នាំចេញ​ទំនិញ​លេខ​កូដ ៦៤ គឺ​ស្មើនឹង​ប្រមាណ ៥,៩ ​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​រយៈ​ពេល ១០ ​ខែ​ដើមឆ្នាំ​២០២៣ ដែលមាន ១៨,៥៩ ​ពាន់​លាន​ដុល្លារ​។ កាលពី​រយៈពេល​ ១០ ខែ ឆ្នាំ​ ២០២២ ទឹកប្រាក់​នាំចេញ​ទំ​និ​ញ​ខាងលើ គឺ​ស្មើនឹង ៧,៨​ ភាគរយ​នៃ​ការនាំចេញ​សរុប​ដែលមាន​ចំនួន ១៧,០៨​ ពាន់​លាន​ដុល្លារ​។​


GDCE បានឱ្យដឹង​ទៀតថា សម្រាប់​ខែតុលា ឆ្នាំ ​២០២៣ ការនាំចេញ​ស្បែកជើង ស្រោម​ជើង និង​វត្ថុ​ប្រហាក់ប្រហែល មាន​ចំនួន ៩៧,៤​ លាន​ដុល្លារ ថយចុះ ១៩,៤​ភាគរយ​ពី​ចំនួន ១២០,៩២​ លាន​ដុល្លារ​ធៀប​ខែតុលា ឆ្នាំ​ ២០២២​។​

​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា លោក លី ឃុន​ថៃ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការធ្លាក់ចុះ​ចំនួន​ទឹកប្រាក់​នាំចេញ​ផលិត​ផល​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល រយៈពេល​ជាង ១ ​ឆ្នាំ​មកនេះ គឺ​ដោយសារតែ​ការបញ្ជាទិញ​ធ្លាក់ចុះ ខណៈ​សមត្ថភាព​ផលិតកម្ម​នៅ​កម្ពុជា​គឺ​នៅ​រឹងមាំ​ដដែល​។ មូល​ហេតុដែល​បណ្តាលឱ្យ​ការបញ្ជាទិញ​ធ្លាក់ចុះ គឺ​ដោយសារ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​ពិភព​លោក​មិនសូវ​ល្អ ដែល​ជំរុញ​ឱ្យ​ប្រជាជន​កាត់បន្ថយ​ការចំណាយ​ដូចជា ការធ្វើ​ទេសចរណ៍ និង​ការប្រើ​ស្បែកជើង​ថ្មី ជាដើម​។​


​លោក​ថ្លែងថា​៖ «​ឥទ្ធិពល​នៃ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន និង​បញ្ហា​អវិជ្ជមាន​មួយចំនួន​ដែល​កំពុង​កើតមាន​លើ​ពិភព​​លោក បានធ្វើឱ្យ​ការបញ្ជាទិញ​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល​ពី​កម្ពុជា​ធ្លាក់​​ចុះ ខណៈ​ទំនិញ​ដែល​ក្រុមហ៊ុន​នានា​បញ្ជា​ទិញ​កាលពី​ឆ្នាំមុន​ក៏​អាចមាន​នៅសល់​ក្នុង​ស្តុក​ច្រើន​ដែរ​»​។​

​ទោះយ៉ាងណា​ប្រធាន​សមា​​គម​ស្បែកជើង​កម្ពុជា​រំពឹងថា ការនាំចេញ​ទំនិញ​របស់​កម្ពុជា រួមទាំង​ផលិតផល​ស្បែកជើង នឹងមាន​កំណើន​ឡើងវិញ​ចាប់​​ពី​ចុងឆ្នាំ​ ២០២៣ នេះ​ទៅ ព្រោះ​នៅពេល​ប្រាក់ចំណូល​កើន ប្រជាជន​នឹងធ្វើ​ដំណើរ​កម្សាន្ត​ច្រើន ហើយ​តម្រូវការ​ស្បែក​ជើង ក៏​កើនឡើង​ដែរ​។​

​បើតាម ឃុន​ថៃ ផលិតផល​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល​ដែល​ផលិត​នៅ​កម្ពុជា​ត្រូវបាន​នាំទៅ​គោល​​ដៅ​សំខាន់ៗ​មួយចំនួន​ដូចជា អាមេរិក​, អឺរ៉ុប​, កាណាដា​, អង់​​គ្លេ​ស និង​ប្រទេស​ក្នុង​តំបន់​។ ស្បែកជើង​ផលិត​នៅ​កម្ពុ​ជាមាន​ម៉ាក​អន្តរជាតិ​ល្បីៗ​ជាច្រើន​ដូចជា Adidas, Clarks, និង Timberland ជាដើម​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ថា ដោយសារ​ផលិត​ផល​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​ទីផ្សារ​អន្តរជាតិ ដូច្នេះ​បើ​តម្រូវការ​នៅ​ទីផ្សារ​​អន្តរជាតិ​ធ្លាក់ចុះ ចំណូល​របស់​កម្ពុជា​ក៏​ធ្លាក់ចុះ​ដែរ​។ ទីផ្សារ​នេះ​នឹង​ល្អ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ ខណៈ​បច្ចុប្បន្ន​ក៏មាន​រោងចក្រ​ផលិត​ស្បែកជើង ជា​បន្តបន្ទាប់​បាន​ចូលមក​បើក​ដំណើរការ​នៅ​កម្ពុជា​។​

​លោក​បន្តថា​៖ «​នៅពេល​មាន​ការបើក​រោងចក្រ​ថ្មីៗ​កាន់តែច្រើន​មានន័យថា ការបញ្ជាទិញ​នឹងមាន​កាន់តែច្រើន​ផងដែរ ព្រោះ​មុននឹង​បញ្ចេញ​ទុន គឺ​អ្នកវិនិយោគ​ប្រាកដជា​បាន​សិក្សា និង​ធ្វើការ​ព្យាករ​ពី​សម្ទុះ​នៃ​តម្រូវការ​រួចហើយ​»​។​

​ក្នុង​ឆ្នាំ​ ២០២២ ការនាំចេញ​ទំនិញ​លេខ​កូដ ​៦៤ មានទឹក​​ប្រាក់​សរុប ១,៧៤​ ពាន់​លាន​ដុល្លារ កើន ២៤,៨​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២១ ដែលមាន ១,៣៩ ​ពាន់​លាន​ដុល្លារ​។ ទឹក​ប្រាក់​នាំចេញ​ទំនិញ​លេខ​កូដ ៦៤ ស្មើនឹង ៧,៧ ​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ២២,៤៨ ​ពាន់​លាន​ដុល្លារ​៕​