ភ្នំពេញ​: ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway បាន​បើក​ទិសដៅ​ថ្មី​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ ដោយ​ហោះហើរ​ត្រង់​ពី​ទីក្រុង​បាងកក​ ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​ចំនួន​អ្នកដំណើរ​ចូលមក​ទស្សនា​តំបន់​ឧទ្យាន​អង្គរ​។​

​យោងតាម​លោក ស៊ីន ចាន់​សិរី​វុត្ថា ដែលជា​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល (SSCA) ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​ចុះចត​នៅ​ព្រ​​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ កាលពី​ថ្ងៃទី​​​ ១ ខែធ្នូ ដោយមាន​អ្នកដំណើរ​ចំនួន ១៥០ នាក់​។​


​លោក​ថ្លែងថា​៖ «​នេះ​ជាការ​ចាប់ផ្តើម​ជើងហោះហើរ​ដំបូង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Thai Airways រវាង​ទីក្រុង​បាងកក​ទៅ​ខេត្តសៀមរាប​ចាប់ តាំងពី​ពួកគេ​បានធ្វើការ​នៅទីនេះ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​ដែល ក្រុមហ៊ុន​នេះ​ធ្វើការ​ហោះហើរ​តែ​រវាង​បាងកក​-​ភ្នំពេញ​តែប៉ុណ្ណោះ​»​។ លោក ថា​នៅពេលនេះ ក្រុមហ៊ុន​បាន​បើក​ដំណើរ​ការ​ជើងហោះហើរ រវាង​ទីក្រុង​បាងកក​-​សៀមរាប មួយ​ជើង​ក្នុង​មួយថ្ងៃ និង​ភ្នំពេញ​-​បាងកក ២​ ដង​ក្នុង​មួយថ្ងៃ​។​

​លោក​បាន​លើកឡើងថា​ដោយសារតែ​ការកើនឡើង​ចំនួន​ភ្ញៀវទេសចរ​មកពី​ប្រទេស​ថៃ ធ្វើដំណើរ​មក​កម្ពុជា បច្ចុប្បន្ន នេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​មួយ ចំនួន​ទៀត​កំពុងដំណើរការ​។​


​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA)​ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា បច្ចុប្បន្ននេះ​មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​ច្រើន​កំពុង​មកពី​តំបន់​នេះ ជាពិសេស​ប្រទេស​ថៃ វៀត​ណា​ម ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី មក​កម្ពុជា ខណៈដែល​ចំនួន​ភ្ញៀវទេសចរ​ជនជាតិ​ចិន និង​អឺរ៉ុប​កំពុង​កើន​ឡើងជា​លំដាប់​។​

​លោក​បាន​ថ្លែង​បន្តទៀតថា​៖ «​ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ​Thai Airway ក្នុងការ​បើកផ្លូវ​ហោះហើរ​ថ្មី​ទៅកាន់​ខេត្តសៀមរាប ដោយសារ​តែមាន​តម្រូវ​ការកើនឡើង​យ៉ាងខ្លាំង​ពី​អ្នកដំណើរ​ដែល​ចង់​មាន​ជើងហោះហើរ​ត្រង់​ទៅ​ខេត្ត​មួយ​នេះ​។ យើង​មើលឃើញថា​មាន​ភ្ញៀវទេសចរ​យ៉ាងច្រើន​កុះករ​មកពី​តំបន់​នេះ ដើម្បី​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​ផ្សេងៗ​ទៀត​ក្នុង​ខេត្ត​នេះ​»​។​

​កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប​ជាង ៤,៤ ​លាន​នាក់​ ក្នុង​រយៈពេល ១០ ​ខែ ដោយ​កើនឡើង​ខ្ពស់​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន ២ នៅ តែ​បន្ត​ឈរ​លំដាប់​ឈានមុខ​គេ​នៃ​ការ មកដល់​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​នេះ​។ នេះ​បើ​យោងតាម​តួលេខ​ពី​ក្រសួងទេសចរណ៍​៕