គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ LOLC ដែលជា​ស្ថាប័ន​ឈានមុខ​គេ​មួយ​របស់​កម្ពុជា បានចេញ​ផ្សាយ​របាយការណ៍​និរន្តរភាព​របស់ខ្លួន​ដែល​បង្ហាញថា ៩០ ភាគរយ​ក្នុងចំណោម​អ្នកឆ្លើយ​សំណួរ​ចំនួន ៧៥០ នាក់​ នៃ​អ្នក​កម្ចី​បាន​សម្តែង​ការពេញចិត្ត​របស់​ពួកគេ​ចំពោះ​ការរួមចំណែក​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​នេះ ចំពោះ​ស្ថានភាព​ ដែល​បានធ្វើឱ្យ​ល្អប្រសើរ​ឡើង​របស់​ពួកគេ​ក្នុង​រយៈពេល ១២​ ខែ ​មុន ខណៈដែល ៨០​ ភាគរយ ​ក្នុងចំណោម​អ្នកឆ្លើយ​សំណួរ​ចំនួន ៤០៩ នាក់​នៃ​អ្នក​សន្សំ​បានឱ្យដឹងថា​ការ​សន្សំ​ប្រាក់​របស់​ពួកគេ​បាន​កើនឡើង​ក្នុង​រយៈពេល ១២ ​ខែ​។​

​យោងតាម​របាយការណ៍​ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ថ្ងៃទី​៥ ខែធ្នូ  LOLC បាន​សហការ​ក្នុង​កម្មវិធី​ការ​ស្វ័យ​យល់ដឹង​របស់​អតិថិជន​ជាមួយ Oikocredit​ ដោយបាន​សម្ភាស​អ្នកឆ្លើយ​សំណួរ​ចំនួន ៧៦០ ​នាក់ ​អំពី​ការផ្លាស់ប្តូរ​ហិរញ្ញវត្ថុ និង​មិនមែន​ហិរញ្ញវត្ថុ​ដែល​បាន​កើតឡើង​ក្នុង​ជីវិត​របស់​ពួកគេ​នៅ​ចន្លោះ​ខែឧសភា ឆ្នាំ ២០២២ ដល់​ខែឧសភា ឆ្នាំ​២០២៣​។ ការស្ទង់មតិ​នេះ​បានកំណត់​គោលដៅ​អតិថិជន​មកពី​សាខា​ចំនួន ៨ ទូទាំង​តំបន់​សំខាន់ៗ​រួមមាន​តំបន់​ឆ្នេរសមុទ្រ វាលទំនាប តំបន់ភ្នំ និង​បឹង​ទន្លេសាប​។​


​របាយការណ៍​នេះ​ បានបង្ហាញ​ពី​អ្នកឆ្លើយ​សំណួរ​ចំនួន ៩០ ភាគរយ​បាន បង្ហាញ​ពី​ការពេញចិត្ត​របស់​ពួកគេ​ចំពោះ​ការរួមចំណែក​របស់ LOLC ចំពោះ​ស្ថានភាព​ល្អប្រសើរ​ឡើង​រប​ស់​ពួកគេ​ក្នុង​រយៈពេល ១២ ខែ​មុន​។ របាយការណ៍​នេះ​បានបង្ហាញ​ការរកឃើញ​គួរឱ្យកត់សម្គាល់​មួយចំនួន ដែល​បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់ LOLC ក្នុងការ​លើកកម្ពស់​ស្ថានភាព​ហិរញ្ញវត្ថុ​ក្នុងចំណោម​អតិថិជន​របស់ខ្លួន​។​

របាយការណ៍​បាន​បង្ហាញថា​អតិថិជន​របស់ LOLC ចំនួន​ ៨០ ភាគរយ​ ដែលមាន​ប្រាក់​សន្សំ​បានទទួល​ការកើនឡើង​ផលប័ត្រ​ប្រាក់​សន្សំ​របស់​ពួកគេ​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ​។ របាយការណ៍​បន្តថា​៖ «​ការណ៍​នេះ​គូសបញ្ជាក់​ពី​សមត្ថភាព​របស់ LOLC ក្នុងការ​បណ្តុះ​វិន័យ​ហិរញ្ញវត្ថុ និង​បណ្តុះ​ស្ថិរភាព​ហិរញ្ញវត្ថុ​រយៈពេល​វែង​ក្នុងចំណោម​អតិថិជន​របស់ខ្លួន​»​។​


ខណៈពេលដែល អតិថិជន​៩០ ភាគរយ​ដែល​បាន​រាយការណ៍​ពី​ការកើនឡើង​នៃ​ប្រាក់ចំណូល​បាន​បញ្ជាក់ថា​ប្រាក់ចំណូល​របស់​ពួកគេ​គឺ​គ្រប់គ្រាន់​ដើម្បី​បំពេញតម្រូវការ​មូលដ្ឋាន​របស់​ពួកគេ។​

លោក សុខ វឿន អគ្គនាយក LOLC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជាមួយនឹង​លទ្ធផល​នៃ​ការស្ទង់មតិ​នេះ គឺជា​សក្ខីភាព​មួយ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ស្ថាប័ន​លោក​ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ហិរញ្ញវត្ថុ និង​ការគាំទ្រ​ដល់​អតិថិជន ដែល​ពួកគេ​ត្រូវការ​ដើម្បី​ទទួលបាន​ជោគជ័យ​។​

លោក សុខ វឿន បាន​បញ្ជាក់ថា អតិថិជន​របស់លោក​ចំនួន ៩៤ ភាគរយ ដែល​បាន​រាយការណ៍​ប្រាក់ចំណូល​កើនឡើង ដោយ​ថា​ LOLC មាន​ឥ​ទិ្ធ​ពល​ខ្លះ​ក្នុងការ​ធ្វើឱ្យមាន​ការកើនឡើង​នេះ​។ លោក​បន្តថា​៖ «​ការណ៍​នេះ​បង្ហាញថា​យើង​កំពុង​ធ្វើឱ្យមាន​ភាពខុសគ្នា​ពិតប្រាកដ​មួយ​នៅក្នុង​ជីវិត​អតិថិជន​របស់​យើង​»​។​

​លោក​លើកឡើងថា​៖ «​យើង​ក៏​ប្តេជ្ញាចិត្ត​គាំទ្រ​ដល់​ដំណើរការ​ហិរញ្ញវត្ថុ​របស់​អតិថិជន​យើង​ផងដែរ​។ យើង​ពិតជា​រីករាយ​ដែល​ឃើញថា អតិថិជន​របស់​យើង ៦៣ ភាគរយ​ មាន​អាជីវកម្ម និង ៩៤ ភាគរយ ​មាន​ប្រាក់​សន្សំ​។ ទាំងនេះ​គឺជា​សូចនាករ​វិជ្ជមាន​នៃ​ភាព​ធន់​ផ្នែក​ហិរញ្ញវត្ថុ​អតិថិជន​របស់​យើង​»​។​

លោក ឡាយ សុខ​ហេង ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ថ្លែង​ក្នុង​សន្និសីទ​មួយ​ កាលពី​ចុងខែ​វិច្ឆិកា​ថា វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា នៅតែ​រក្សាបាន​នូវ​ភាពល្អប្រសើរ ទោះបី​ជាមាន​ឧបសគ្គ​ពី​ខាងក្រៅ​បណ្តាលមកពី​ភាពមិនច្បាស់លាស់​នៃ​សេដ្ឋកិច្ចពិភពលោក​នៅពេល​បច្ចុប្បន្ន​ក៏ដោយ​។​

លោក​ថ្លែងថា​៖ «​កំណើន​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​បន្ត​កើនឡើង​ក្នុង​ល្បឿន​ដ៏​ល្អប្រសើរ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​ភាគច្រើន​ដោយសារ​ការរួមចំណែក​ពី​ក្រុមគ្រួសារ វិស័យ​ជួញដូរ និង​ពាណិជ្ជកម្ម កសិកម្ម និង​វិស័យ​សេវាកម្ម​»​។ 

លោក​លើកឡើងថា​៖ «​មូលនិធិ​កម្ចី​ក្នុង​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើន​ឡើងជា​លំដាប់ ហើយ​ភាគច្រើន​ជា​រយៈពេល​វែង ដែល​ជួយ​ឱ្យ​ពួកគេ​គ្រប់គ្រង​ហានិភ័យ​សន្ទនីយ​ភាព​របស់​ពួកគេ​កាន់តែ​ប្រសើរឡើង​។ ប្រាក់ចំណេញ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ បាន​ធ្លាក់ចុះ​តិចតួច ដោយសារ​ការចំណាយ​កាន់តែ​ខ្ពស់​។ ដើមទុន​របស់​ធនាគា​រ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅតែមាន​ភាពល្អប្រសើរ និង​ខ្ពស់ជាង​តម្រូវការ​បទ​ប្បញ្ញត្តិ ចំនួន ១៥ ភាគរយ​»​។​

បើ​យោងតាម សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គិត​ត្រឹម​ត្រីមាស​ទី​៣​ឆ្នាំ​២០២៣ វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​សមតុល្យ​ឥណទាន​សរុប​ជាង​៥​ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ឥណទាន​សរុប ជាង ​១,៥​ លាន​នាក់ ខណៈដែល សមតុល្យ​ប្រាក់​បញ្ញើ​នៅតាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ មាន​ជាង ​២​ ពាន់​លាន​ដុល្លារ​ សហរដ្ឋអាមេរិក និង​មាន​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​សរុប​ជិត​ ២​ លាន​នាក់​។ 

ចំណែក​ការិយាល័យ​ប្រតិបត្តិ​មាន​សរុប​ជាង​ ៩០០ ​ការិយាល័យ និង​មាន​បុគ្គលិក ​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ជាង​ ២​ ម៉ឺន ​នាក់​៕