ភ្នំពេញៈ កម្ពុជា​រកប្រាក់​បាន​ជិត ៤​ ពាន់​លាន​ដុល្លារ​ពី​ការនាំ​​ចេញ​កសិផល​ជាង ៧,៣ ​លាន​តោន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៅក្នុង​រយៈពេល ១១ ​ខែ នៃ​ឆ្នាំ​ ២០២៣ ខណៈ​បរិ​មាណនៃ​ការនាំចេញ​ក្នុង​ខែវិច្ឆិកា មាន​រហូតដល់​ជាង ១​ លាន​តោន​។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​របាយការណ៍​ពី​អគ្គនាយក​ដ្ឋា​ន​កសិកម្ម​ដែល​ ភ្នំពេញ ​ប៉ុស្តិ៍​ ទទួលបាន​កាលពី​ថ្ងៃទី​ ៥ ខែធ្នូ ឱ្យដឹងថា ក្នុង​រយៈពេល ១១​ ខែ ដើមឆ្នាំ​ ២០២៣ ការ​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​ដែល​អគ្គនាយកដ្ឋាន​កសិក​ម្ម​ទទួលបាន​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ មាន​បរិមាណ​សរុប​ជាង ៧ ៣១៤ ១៩០ តោន (​អង្ករ ៥៩៥ ៦៣០ ​តោន​, ស្រូវ ២ ៤៩៧ ០៧៥​ តោន និង​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ ៤ ២២១ ៤៨៥,១២​ តោន​) ទៅ​ទិសដៅ ៧៥​ ប្រទេស ដោយ​ធ្លាក់ចុះ​ចំនួន ៤,៦ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២​។​


​សម្រាប់​ប្រាក់​ដែល​ទទួលបាន​តាម​ការ​ប៉ាន់ស្មាន ​(​ឯក​តា​តម្លៃ​ផ្អែក​តាម​វិក្កយបត្រ​របស់​អ្នក​នាំចេញ​) មាន​សរុប ៣ ៩១០ ​លាន​ដុល្លារ ដោយ​ក្នុងនោះ​អង្ករ​ចំនួន ៥១៥,២២​ លាន​ដុល្លារ​, ស្រូវ ៨៤០,២៨ ​លាន​ដុល្លារ និង​កសិផល​ផ្សេងទៀត ២ ៥៥៤,៣៦ ​លាន​ដុល្លារ​។​

​ចំពោះ​ការធ្លាក់ចុះ​បរិមាណ​នាំចេញ​ជិត ៥ ​ភាគរយ​ខាងលើ ត្រូវបាន​អគ្គ​នា​យក​ដ្ឋា​ន​កសិកម្ម លើកឡើងថា ដោយ​​សារ​បញ្ហា​មួយចំនួន​ដូចជា ជម្លោះ​ភូមិ​​សាស្ត្រ​នយោបាយ និង​សង្គ្រាម​នៅ​ប្រ​ទេស​មួយចំនួន​ធ្វើឱ្យប៉ះពាល់​ដល់​លំហូរ​ពាណិជ្ជកម្ម​សកល​, ស្រូវ​នៅ​កម្ពុជា​មានតម្លៃ​ខ្ពស់​, និង​ការកត់ត្រា​ទិន្នន័យ​នាំចេញ​មិនបាន​គ្រប់​ជ្រុងជ្រោយ​ដោយមាន​ការនាំចេញ​តាម​ច្រករបៀង​។​


​របាយការណ៍​បញ្ជាក់ថា​៖ «​ថ្វី​ដ្បិត​ការ​នាំចេញ​កសិផល​ក្នុង​រយៈពេល ១១ ​ខែ​ឆ្នាំ ​២០២៣ នៅតែមាន​បរិមាណ​តិចជាង​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២២ ប៉ុន្តែ​ការនាំចេញ​មាន​និន្នាការ​កើនឡើង​គួរឱ្យកត់សម្គាល់​។ ជាក់ស្តែង​ការនាំចេញ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ មាន​បរិមាណ ១ ០៣៧ ៥៥២,៣៨​ តោន កើនឡើង ៣៤៦ ២៤១,០៣ ​តោន បើ​ធៀប​នឹង​ខែតុលា ឆ្នាំ​ ២០២៣ ដែលមាន​បរិមាណ ៦៩១ ៣១១,៣៥​ តោន​»​។​

​អនុប្រធាន​សមាគម​សុ​វត្ថិ​ភាព បន្លែ ត្រី សាច់ លោក សុខ យ៉​ន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៥ ខែវិច្ឆិកាថា ដើម្បី​លើកកម្ពស់​សមត្ថភាព​នាំចេញ​កសិផល គឺ​កម្ពុជា​ចាំបាច់​ត្រូវតែ​ធ្វើ​យ៉ាង​ណា​លើកកម្ពស់​ការគាំទ្រ​ផលិតផល​ក្នុងស្រុក​ឱ្យបាន​ខ្លាំង ខណៈ​បច្ចុប្បន្ន​ដោយ​​សារ​ផលិតផល​កសិកម្ម​(​បន្លែ​)​កម្ពុជា​មានតម្លៃ​ខ្ពស់ បាន​បណ្តាលឱ្យ​មានការ​នាំចូល​ពី​ប្រទេសជិតខាង​ជា​ហូរហែ​។ ការត្រួតពិនិត្យ​គុណភាព​ផលិតផល​នាំចូល​ឱ្យបាន​ច្បាស់ និង​ការលើកទឹកចិត្ត​ប្រជាកសិករ នឹង​ជួយ​ធ្វើឱ្យ​ការដាំដុះ​ផលិតផល​កសិកម្ម​នៅ​កម្ពុ​ជាមាន​កាន់តែច្រើន ហើយ​នៅពេលនេះ​សមត្ថភាព​នាំចេញ​ក៏​នឹង​កើនឡើង​ដែរ​។​

​លោក​ថ្លែងថា​៖ «​ការគាំទ្រ​ផលិតផល​ក្នុងស្រុក នឹង​ជួយ​ឱ្យ​ការ​បង្កបង្កើនផល​កាន់តែច្រើន ហើយ​ការនាំចេញ​ក៏​នឹង​កើនឡើង​ទៅតាម​នោះដែរ​»​។​

​លោក ឡាយ ឈុន​ហួ អគ្គនាយក​ក្រុម​​ហ៊ុន​នាំចេញ​អង្ករ City Rice Import Export ដើម​សប្តាហ៍​នេះ​បាន​និយាយថា សម្រាប់​តម្លៃ​ស្រូវ​ឆ្នាំនេះ គឺ​បាន​កើនឡើង​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ ​២០២២ ប៉ុន្តែ​សម្រាប់​បរិមាណ​នាំចេញ​ស្រូវ​-​អង្ករ ទៅ​ទីផ្សារ​អន្តរជាតិ ​គឺ​ប្រហែល​នឹង​ឆ្នាំមុន​។​

​នៅក្នុង​ន័យ​ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ នេះ បានអនុញ្ញាត​ឱ្យ​ក្រសួង​មុខងារសាធារណៈ សហការ​ជាមួយ​ក្រ​​សួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើ​ការប្រឡង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ចំនួន ២៥០ ​នាក់​ ដើម្បី​យកទៅដាក់​ពង្រាយ​នៅតាម​ឃុំ-សង្កាត់​៕