ភ្នំពេញៈ ចំនួន​ក្រុមហ៊ុន​ដែល​ទទួលជោគជ័យ​លើ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី​១ បាន​កើន​ដល់​ជាង ៣១,៧​ ពាន់​ក្រុម​ហ៊ុន​ដោយមាន​ដើមទុន​សរុប​ជាង ៩​ ពាន់​លាន​ដុល្លារ កើន​ពី​ជិត ៦ ​ពាន់​លាន​ដុល្លារ​កាលពីដើមឆ្នាំ ​២០២៣​។ នេះ​បើតាម Online Business Registration Service​។​

​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់​កាល​ទី១ ត្រូវបាន​រដ្ឋាភិបាល​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ ​២០២០ ដែល​រួមមាន​ក្រសួង​-​ស្ថាប័នរដ្ឋ ៦​ ចូលរួម គឺ​ក្រសួងមហាផ្ទៃ​, ក្រ​​សួង​សេដ្ឋកិច្ច​, ក្រសួង​ពាណិជ្ជ​កម្ម​, ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​, អគ្គនាយក​ដ្ឋា​ន​ពន្ធដារ និង​ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​។ ក្រោយមក​រដ្ឋា​ភិ​បាល​ក៏បាន​ដាក់ឱ្យ​ដំណើរការ​ដំណាក់​កាលពី២ នៅ​ថ្ងៃទី ​១៥ ខែកញ្ញា ឆ្នាំ ​២០២១ និង​ដំណាក់​កាល​ទី​៣ កាលពី​ថ្ងៃទី​ ២២ ខែមិថុនា ឆ្នាំ​ ២០២៣ ដោយបាន​បន្ថែម​ក្រសួង​-​ស្ថាប័ន​មួយ​ចំ​នួន​បន្ថែមទៀត​។​


​បើតាម Online Business Registration Service គិត​ត្រឹម​ថ្ងៃទី​ ៣ ខែធ្នូ ឆ្នាំ ​២០២៣ (​ម៉ោង ២៣:៥៩​នាទី​)​ ចំនួន​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ដោយ​ជោគជ័យ​តាម​ប្រព័ន្ធ Single Portal មាន​សរុប ៣១ ៧០៣ ​ក្រុមហ៊ុន ស្មើនឹង​ដើមទុន​ចុះ​​បញ្ជី ៩,៣៦​ ពាន់​លាន​ដុល្លារ​។  កាលពីដើមឆ្នាំ​ ២០២៣ (​ថ្ងៃទី​ ២ ខែមករា ឆ្នាំ​ ២០២៣) ក្រុម​ហ៊ុន​ដែល​បាន​ជោគជ័យ​លើ​ការចុះបញ្ជី មាន​ចំនួន ២០ ៦៩៣ ​ក្រុមហ៊ុន និង​មាន​ដើមទុន​ចុះបញ្ជី ៥,៨១ ពាន់​លាន​ដុល្លារ​។​

Online Business Registration Service ឱ្យដឹងទៀតថា នៅក្នុង​ចំនួន​ដើមទុន​ទាំង ៩,៣៦ ​ពាន់​លាន​ដុល្លារ គឺ​ផ្នែក​សាងសង់​អគារ​មាន​ដើមទុន​ប្រ​​មាណ ១,១១ ​ពាន់​លាន​ដុល្លារ ស្មើ ១១,៨៦​ ភាគរយ​, សកម្ម​​ភាព​ផ្នែក​អចលនទ្រព្យ មាន​ដើមទុន ១ ​ពាន់​លាន​ដុល្លារ ស្មើនឹង ១០,៧២​ ភាគរយ​, សកម្មភាព​សេវាកម្ម​ស្នាក់នៅ ៩៩៨​ លាន​ដុល្លារ ស្មើ ១០,៦៦​ ភាគរយ​, សកម្មភាព​ពិគ្រោះ​យោបល់​ផ្នែក​គ្រប់គ្រង ៥៨១​ លាន​ដុល្លារ ស្មើ​ប្រមាណ ៦,២១​ ភាគរយ​, ផ្នែក​កម្មន្តសាល​សម្លៀក​បំពាក់ ​(​លើកលែង​សម្លៀកបំពាក់​ធ្វើ​ពី​រោមសត្វ​) ៤៨៥​ លាន​ដុល្លារ ស្មើ ៥,១៨ ​ភាគរយ​, និង​ផ្នែក​ផ្សេងៗ មាន​ដើមទុន​ប្រមាណ ៥,១៨​ ពាន់​លាន​ដុល្លារ ស្មើ ៥៥,៣៧​ ភាគរយ​។​


​លោក ឈិន កេ​ន ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៥ ខែធ្នូ​ថា ចាប់តាំងពី​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដាក់ឱ្យ​ដំណើរការ គេ​សង្កេតឃើញ​ចំនួន​ក្រុមហ៊ុន​ដែល​មក​ចុះបញ្ជី​បាន​កើន​ឡើងជា​បន្តបន្ទាប់​។

សម្រាប់​មូលហេតុ​ដែល​ជំ​រុញឱ្យ​ក្រុមហ៊ុន​មក​ចុះបញ្ជី គឺអាច​ដោយសារ​កត្តា​មួយចំនួន​ដូចជា ការពង្រឹង​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ ​(​អគ្គនាយកដ្ឋាន​ពន្ធ​​ដារ​), ការសម្រួល​នីតិវិធី​ចុះ​បញ្ជី​ឱ្យ​កាន់តែ​ងាយស្រួល​, មិនមាន​ការចំណាយ​ក្រៅផ្លូវការ​, និង​អាច​ធ្វើឡើង​ពី​ចម្ងាយ​។​

​លោក​និយាយថា​៖ «​ការ​ព​ង្រឹ​ក​ការអនុវត្ត​ច្បាប់​ពី​សំណាក់​អគ្គ​នាយកដ្ឋាន​ពន្ធដារ និង​ភាព​​ងាយស្រួល​ការបំពេញ​ឯកសារ បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​ម្ចាស់​អាជីវកម្ម​កាន់តែច្រើន​មក​ចុះបញ្ជី ខណៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​នៅក្នុង​សង្គម​ខ្មែរ​ក៏​កំពុង​បង្ហាញ​ពី​ការវិវឌ្ឍ​ទៅមុខ​កាន់តែ​ប្រសើរ​ផងដែរ​»​។​

​ប្រធាន​សម្ព័ន្ធ​សមាគម​សហ​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំង​ប៉ ធ្លាប់​និយាយថា នៅពេល​គ្រប់​អាជីវកម្ម​ទាំង​អស់​ត្រូវបាន​ចុះបញ្ជី វា​នឹង​ជួយ​ធ្វើឱ្យ​ការប្រកប​អាជីវកម្ម​កាន់​តែមាន​តម្លាភាព ព្រោះ​បើ​អាជីវ​​កម្ម​ប្រហាក់ប្រហែលគ្នា​នឹងត្រូវ​ស្ថិតក្រោម​ច្បាប់ ឬ​ជាប់​កាត​ព្វ​កិច្ច​ពន្ធ​ដូចគ្នា​។ ការធ្វើ​អាជីវកម្ម​ដោយ​តម្លាភាព​ក៏​អាចជួយ​ទាក់​​ទាញ​វិនិយោគិន​បរទេស​ធំៗ​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ផងដែរ​។​

​លោក​បន្តថា នៅពេល​មាន​ទិន្នន័យ​ច្បាស់លាស់ វា​ក៏​ជួយ​ឱ្យ​រដ្ឋាភិបាល​ងាយស្រួល​កំណត់​ពន្ធ ឬ​រៀបចំ​យុទ្ធសាស្ត្រ ឬ​វិធាន​ការគាំទ្រ​ផងដែរ​នៅពេល​អាជីវកម្ម​ជួប​បញ្ហា​។​

​លោក​អះអាងថា​៖ «​នៅពេល​គ្រប់​អាជីវកម្ម​ត្រូវបាន​ចុះបញ្ជី វា​នឹង​ផ្តល់​ផល​វិជ្ជមាន​ទាំង​រដ្ឋា​ភិ​បាល និង​ផ្នែក​ឯកជន​»៕