​ភ្នំពេញៈ រដ្ឋាភិបាល​សម្រេច​បញ្ចុះ​តម្លៃ​អគ្គិសនី ១៥​ ​ភាគរយ​សម្រាប់​រយៈពេល ៣​ ខែ ចំពោះ​ម្ចាស់​ពាណិជ្ជកម្ម និង​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ដោយ​គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​ ២០២៣ រហូតដល់​ដំណាច់ខែ​កុម្ភៈ ឆ្នាំ​ ២០២៤ ដើម្បី​ជួយ​សម្រួល​បន្ទុក​ចំណាយ​ក្នុងការ​អនុញ្ញាតឱ្យ​ម្ចាស់​អាជីវ​​កម្ម​ទាំងនោះ​បើកទ្វារ​ស្វាគមន៍​ការ​ងើប​ឡើងវិញ​នៃ​ភ្ញៀវ​ទេស​ចរ​ក្នុង​ដំណាច់ឆ្នាំ និង​ដើម​ឆ្នាំក្រោយ​។​

​យោងតាម​សេចក្តី​ជូន​​ដំណឹង​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា កាលពី​ថ្ងៃទី​ ៥ ខែធ្នូ ស្តីពី​ការបញ្ចុះ​ថ្លៃ​អគ្គិសនី​ចំពោះ​អ្នកប្រើប្រាស់​អគ្គិសនី ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ដែល​ភ្ជាប់​ពី​ខ្សែបណ្តាញ​ចែកចាយ​ពី​បណ្តាញ​ជាតិ ពី​ខែធ្នូ ឆ្នាំ ​២០២៣ ដល់​ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​


​សេចក្តីជូនដំណឹង​បាន​លើកឡើងថា​៖ «​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានចេញ​សេចក្តីជូនដំណឹង​ដល់​អ្នកប្រើប្រាស់​អគ្គិសនី​ដែល​ទទួល​ប្រភព​អគ្គិសនី​ពី​បណ្តាញ​ជាតិ​ថា រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល​, អាជ្ញាធរ​អគ្គិ​ស​នី​កម្ពុជា និង​អគ្គិសនី​កម្ពុជា អនុវត្ត​ការអនុគ្រោះ​ថ្លៃ​លក់​អគ្គិសនី​សម្រាប់​បរិមាណ​អគ្គិសនី​ដែល​ប្រើប្រាស់​លើសពី​មធ្យមភាគ​រយៈពេល ​៣ ​ខែ (​ពី​ខែធ្នូ ឆ្នាំ​ ២០២៣ ដល់​ខែកុម្ភៈ ឆ្នាំ ​២០២៤) ដើម្បី​ជំរុញ​ឱ្យ​អ្នកធ្វើអាជីវកម្ម​នៅក្នុង​វិស័យ​ទេសចរណ៍​នៅក្នុង​រដូវ​ចុងឆ្នាំ​ ២០២៣ និង​ដើមឆ្នាំ​ ២០២៤»​។​

​សេចក្តីជូនដំណឹង​បញ្ជាក់ថា​៖ «​ដូច្នេះ​ក្រសួង​រ៉ែ និង​ថាមពល​, អាជ្ញាធរ​អគ្គិ​ស​នី​កម្ពុជា និង​អគ្គិសនី​កម្ពុជា នឹង​បញ្ចុះ​ថ្លៃ​អគ្គិសនី ១៥ ​ភាគរយ​ចំពោះ​បរិមាណ​ថាមពល​ដែល​ប្រើ​លើសពី​ការប្រើ​មធ្យម​ក្នុង​រយៈពេល ៦ ​ខែ​កន្លងមក​របស់​អ្នកប្រើប្រាស់ អគ្គិសនី​ប្រភេទ​អាជីវកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​បម្រើ​ក្នុង​វិស័យ​ទេសចរណ៍​»​។​


​លោក ធួន ស៊ីណាន ប្រធាន​សមា​​គម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​សាទរ​ចំពោះ​ការបន្ត​អន្តរាគមន៍​របស់​រដ្ឋា​ភិ​បាល​ក្នុង​ជួយ​សម្រួល​ដល់​ការ​ឆាប់​ងើបឡើង​វិញ​នៃ​វិស័យ​ទេស​​ចរណ៍​ដែល​ត្រូវបាន​ញាំញី​អស់​រយៈ​ពេល​ជាង ៣ ឆ្នាំ​មកនេះ គឺ​ចាប់តាំងពី​ការផ្ទុះ​នៃ​ជំងឺ​កូ​វីដ​ ១៩ និង​បន្ទាប់មក​បញ្ហា​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​។​

​លោក​បាន​បន្តថា នាពេល​បច្ចុប្បន្ន ទោះបី​ចំនួន​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​ចាប់ផ្តើម​ងើបឡើង​វិញ​ក៏ពិតមែន ប៉ុន្តែ​ចំនួន​នៃ​ការមកដល់​នេះ​នៅមានកម្រិត​ទាប​នៅឡើយ​បើ​ធៀប​ទៅមុន​វត្តមាន​ជំងឺ​កូ​វីដ​ ១៩ ខណៈ​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យនេះ​មួយចំនួន​ហាក់​នៅ​ពុំទាន់​ហ៊ាន​បើក​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ទាំងស្រុង​នោះទេ​។​

​លោក​និយាយថា​៖ «​យើង​សូម​គាំទ្រ​ចំពោះ​ការបន្ត​ជួយ​ពី​រាជរដ្ឋាភិបាល​លើ​វិស័យនេះ ដែលជា​វិស័យ​ស្នូល​មួយ​ក្នុង​ការជួយ​លើកកម្ពស់​សកម្មភាព​សេដ្ឋកិច្ចជាតិ​។​ ​ការបញ្ចុះ​ថ្លៃ​អគ្គិសនី​នេះ បើទោះបីជា​មិនមាន​រយៈពេល​យូរ ប៉ុន្តែ​វា​ក៏បាន​ជួយ​សម្រាល​បន្ទុក​មួយផ្នែក​នៃ​ការចំណាយ​របស់​ម្ចាស់​អាជីវកម្ម​ផងដែរ​»​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់ អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​(EAC) ចំពោះ​ការទទួលបាន​ការបញ្ចុះ​ថ្លៃ​នេះ គឺ​អ្នក​ប្រើប្រាស់​ប្រភេទ​ពាណិជ្ជកម្ម អាជីវកម្ម និង​សេវាកម្ម​បម្រើ​ក្នុង​វិស័យ​ទេសចរ​ណ៍​សម្រាប់​អ្នកប្រើប្រាស់​ធុន​តូច ទិញ​ពី​ខ្សែបណ្តាញ ចែកចាយ LV សា​ធារ​ណៈ​រួមមាន​សណ្ឋាគារ និង​ផ្ទះសំណាក់ ​(​មាន​អត្រា​ថ្លៃ​លក់​រៀល​), អ្នក​ប្រើ​​ប្រាស់​ធុន​តូច មធ្យម ទិញ​តាម​នាឡិកា​ស្ទង់​តង់ស្យុង​ទាប ឬ​តង់ស្យុង​មធ្យម (​មាន​អត្រា​ថ្លៃ​លក់​ជា​ដុល្លារ​), អតិថិ​ជន​ធុន​ធំ​ទិញ​ពី​ទ្វារ​ចរន្ត​តង់ស្យុង​មធ្យម​នៃ​អនុ​ស្ថានីយ និង​អតិថិជន​ធុន​ដុំ​ទិញ​ពី​ខ្សែបណ្តាញ​តង់ស្យុង​ខ្ពស់​។​

​ប៉ុន្តែ​សម្រាប់​គ្រឹះស្ថានសិក្សា វិស័យ​សុខាភិបាល គ្រឹះស្ថាន​ហិរញ្ញវត្ថុ ក្រុម​​ហ៊ុន​ធានារ៉ាប់រង ក្រុមហ៊ុន​ដឹកជញ្ជូន ជាដើម​មិន​ទទួលបាន​ការបញ្ចុះ​ទេ​។​

​សម្រាប់​លក្ខខណ្ឌ​ដែល​ត្រូវ​បញ្ចុះ​ថ្លៃ គឺ​នឹង​ទទួលបាន​ការបញ្ចុះ​ថ្លៃ​អគ្គិ​ស​នី ១៥ ​ភាគរយ​សម្រាប់​បរិមាណ​ថាមពល​អគ្គិសនី​ប្រើប្រាស់​ប្រចាំខែ​ដែល​លើសពី​មធ្យមភាគ​ក្នុង​រយៈពេល ៦ ​ខែ​កន្លងមក ក្នុង​លក្ខខណ្ឌ​ធម្មតា​, ការបញ្ចុះ​ថ្លៃ​នេះ​ចំពោះតែ​បរិមាណ​ថាមពល​អគ្គិសនី (kWh) ដែល​ប្រើ​លើស​ប៉ុណ្ណោះ​។​

​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា​៖ «​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​សូម​អំពាវ​នាវ​ចំពោះ​អ្នកប្រើប្រាស់​អគ្គិសនី ដែល​យល់ថា ការប្រើប្រាស់​អគ្គិសនី​របស់ខ្លួន ស្របតាម​លក្ខខណ្ឌ​ខាងលើ អាចដាក់​ពាក្យស្នើសុំ​ទៅ​អ្នកផ្គត់ផ្គង់​ដែល​ស្ថិតក្នុង​តំបន់​ដែល​ខ្លួន​កំពុង​ប្រើ​អគ្គិសនី ដើម្បី​ទទួលបាន​ការបញ្ចុះ​ថ្លៃ​នេះ​»​។

​ជាមួយគ្នានេះដែរ អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​អគ្គិសនី​កម្ពុជា បាន​បង្កើត​ក្រុមការងារ​ចម្រុះ ​(EAC-EDC) ​ដើម្បី​ជួយ​សម្របសម្រួល ពន្យល់ បំភ្លឺ និង​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​គោលការណ៍ និង​នីតិវិធី​នៃ​ការអនុវត្ត​បញ្ចុះ​ថ្លៃ​នេះ​។ ចំពោះ​ថាមពល​ដែល​ប្រើ​នៅ​ខែធ្នូ ឆ្នាំ​ ២០២៣ ដល់​ខែកុម្ភៈ​ឆ្នាំ​ ២០២៤, រយៈពេល​នេះ​អាច​បន្ថែមទៀត អាស្រ័យ​លើ​លទ្ធភាព​ហិរញ្ញវត្ថុ​របស់​អគ្គិសនី​កម្ពុជា​។​

​កាលពី​ខែកញ្ញា ឆ្នាំ ​២០២៣ ក្រសួង​រ៉ែ និង​ថាមពល ក៏បាន​សម្រេច​ធ្វើការ​​បញ្ចុះ​ថ្លៃ​អគ្គិសនី​ចន្លោះ​ពី ១០-២០​ ភាគរយ​សម្រាប់​ម្ចាស់​សហគ្រាស​និង​អាជីវកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម​ផងដែរ​៕