ភ្នំពេញៈ ផលិតផល​ម្រេច​ចំនួន​ជិត ៦ ​ពាន់​តោន ​ត្រូវបាន​កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ១១​ ខែ​ នៃ​ឆ្នាំ​២០២៣ ធ្លាក់ចុះ​ជាង ៣០ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២​។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

របាយការណ៍​ក្រសួងកសិកម្ម បានឱ្យដឹងថា វិបត្តិ​សេដ្ឋកិច្ច​ ដែល​កំពុង​បន្ត​កើតមាន​នាពេលនេះ បាន​ជះឥទ្ធិពល​យ៉ាង​ធំធេង​ទៅលើ​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ ដោយ​ធ្វើឱ្យ​ការបញ្ជាទិញ​ទំនិញ​គ្រប់​ប្រភេទ​ថយចុះ ក្នុងនោះ​ក៏មាន​ផលិតផល​ម្រេច​ផងដែរ ដោយ​ចន្លោះ​ពី​ខែមករា​-​ខែវិច្ឆិកា ឆ្នាំ​២០២៣ ការនាំចេញ​ម្រេច​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ មាន​បរិមាណ​សរុប ៥ ៨០៥,១១​ តោន​ ធ្លាក់ចុះ ​៣០,៩​ ភាគរយ​ ពី​ចំនួន ​៨៣០៣,៩២​ ​តោន​កាលពី​ឆ្នាំ​២០២២​។​ សម្រាប់​ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ការនាំចេញ​មាន​បរិមាណ ​១៩៧,១៧ ​តោន​។​


​ក្រសួងកសិកម្ម ធ្លាប់បាន​ឱ្យដឹងថា​ការដាំដុះ​ម្រេច​មាន​ច្រើន​នៅ​ខេត្ត​ចំនួន​១៨​ដូចជា ខេត្តមណ្ឌលគិរី​រតន​គិរី​ខេត្ត​ត្បូងឃ្មុំ​ក្រចេះ​និង​ខេត្តកំពត​ជាដើម​។​ទីផ្សារ​ម្រេច​កម្ពុជា​មាននៅ​ប្រទេស​វៀតណាម​ចិន​អាល្លឺម៉ង់​អាមេរិក​កោះ​តៃវ៉ាន់​បារាំង​បែ​ល​ហ្សិ​ក​ម៉ាឡេស៊ី​ឆេ​ក​ស៊ុយ​អ៊ែត​ស្វ៊ី​ស​កាណាដា​រុស្ស៊ី​អង់គ្លេស​ឥណ្ឌា​លី​ទុយ​អា​នី​កា​ហ្សា​ក់​ស្ថាន​អូស្ត្រាលី​និង​ហូ​ឡង់​ជាដើម​។​

ប្រធាន​សហព័ន្ធ​ម្រេច​ និង​គ្រឿងទេស​កម្ពុជា ​លោក​ ម៉ា​ក នី​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​៦ ខែធ្នូ ថា​ការធ្លាក់ចុះ​បរិមាណ​នាំចេញ​ម្រេច​ក្នុង​រយៈពេល ១១​ ខែ​កន្លងមក​ គឺ​ដោយសារ​តម្លៃ​ម្រេច​ក្នុងស្រុក​ និង​អន្តរជាតិ​ធ្លាក់ចុះ​ ដែល​បង្ខំ​ឱ្យ​ប្រជាកសិករ​សម្រេចចិត្ត​មិន​បញ្ចេញ​លក់​ឱ្យ​ឈ្មួញ​។​ បច្ចុប្បន្ន​ម្រេច ​ធម្មតា​មានតម្លៃ​ប្រមាណ​ ១២០០០ ​រៀល ​ក្នុង​ ១ ​គីឡូក្រាម ខណៈ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​មានតម្លៃ​ចន្លោះ​ពី ១៦០០០-១៧០០០​ រៀល​។​


លោក​បាន​លើកឡើងថា​៖«​បរិមាណ​ម្រេច​នាំចេញ​ធ្លាក់ចុះ​គឺ​ដោយសារតែ​តម្លៃ​ទាប​ធ្វើឱ្យ​កសិករ​មិន​បញ្ចេញ​លក់ ខណៈ​កត្តា​តម្លៃ​ក៏បាន​ធ្វើឱ្យ​ផ្ទៃដី​ដាំ​ម្រេច​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មិន​កើនឡើង​ដែរ​»​។​

សម្រាប់​ឆ្នាំ​២០២៤​ ខាងមុខ​លោក​ ម៉ា​ក់ នី រំពឹងថា​តម្លៃ​ម្រេច​នៅ​ទីផ្សារ​អន្តរជាតិ​នឹង​កើនឡើង​ខ្ពស់ជាង​ពេលបច្ចុប្បន្ន ប៉ុន្តែ​កត្តា​អាកាសធាតុ​ក្តៅ​អាច​នឹង​ធ្វើឱ្យ​ទិន្នផល​ធ្លាក់ចុះ​។​

បើតាម​លោក ​ម៉ាក់ ​នី​ ប្រទេស​វៀតណាម​គឺ​នៅតែ​ជាទី​ផ្សារ​ធំ​សម្រាប់​ម្រេច​កម្ពុជា​។​

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២៣​បានប្រកាសថា​ម្រេច​របស់​កម្ពុជា​ត្រូវបាន​អនុញ្ញាតឱ្យ​នាំចេញ​ដោយផ្ទាល់​ទៅ​ប្រទេស​ចិន​បន្ទាប់ពី​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​តម្រូវ​រួចរាល់​។​

ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត ​លោក​ ងួន ​ឡាយ​ បាន​និយាយថា​ សម្រាប់​ម្រេច​កំពត ​ដែលជា​ផលិតផល​សម្គាល់​​ភូមិសាស្ត្រ​ (GI) ការនាំចេញ​រយៈពេល​ជាង​ ១១ ​​ខែ​ មកនេះ​ គឺ​នៅ​ធម្មតា​ដោយ​ជា​រៀងរាល់ឆ្នាំ ​ម្រេច​កំពត​ ប្រហែល​១០០​ តោន ​ត្រូវបាន​ក្រុមហ៊ុន​មក​ប្រមូល​ទិញ មិនដែល​សល់​ឡើយ​។​

លោក​បន្តថា ​ដោយសារ​គុណភាព​ម្រេច​កំពត ​ត្រូវបានគេ​ទទួលស្គាល់​ទាំង​កម្រិត​ជាតិ​ និង​អន្តរជាតិ ​ដូច្នេះ​កសិករ​ដាំ​ម្រេច​កំពត មិនដែល​បារម្ភ​ពី​បញ្ហា​ទីផ្សារ​ឡើយ​ព្រោះ​មាន​ឈ្មួញ​មក​ប្រមូល​ទិញ​តាំងពី​មិនទាន់​ប្រមូល​ផល​។​

លោក​អះអាងថា​៖«​ដោយសារ​ម្រេច​កំពត​មាន​ទីផ្សារ​ច្រើន​ដូច្នេះ​ការនាំចេញ​គឺ​មិនដែល​ជួប​បញ្ហា​ឡើយ​ចំណែក​តម្លៃ​ក៏​ខ្ពស់ជាង​ម្រេច​ដែល​ដាំ​ដុះ​នៅ​តំបន់​ផ្សេង​ដែរ​»​។​

លោក ​ងួន ឡាយ​ បាន​ប្រាប់ទៀតថា​ ជាធម្មតា​ម្រេច​កំពត​​ ត្រូវបាន​ក្រុមហ៊ុននាំចេញ​ភាគច្រើន​ទៅកាន់​ទីផ្សារ​តំបន់​អឺរ៉ុប​ អាមេរិក​ និង​កូរ៉េខាងត្បូង​ ជប៉ុន​ ជាដើម ​ខុសប្លែក​ពី​ម្រេច​ទូទៅ​ ដែល​ភាគច្រើន​ត្រូវបាន​នាំទៅ​ប្រទេស​វៀតណាម​និង​ចិន ​។​

បើតាម​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត ​គឺ​តម្លៃ​ម្រេច​កំពត ​ដែលជា​ផលិតផល GI បាន​នៅ​ថេរ​ ៤-៥​ ឆ្នាំ​ មកហើយ​ដោយ​ម្រេចខ្មៅ​មានតម្លៃ​ ១៥០០០ ​ដុល្លារ​ ក្នុង ​១​ តោន​,​ម្រេច​ក្រហម​ ២៥០០០ ​ដុល្លារ​ និង​ម្រេចស ​២៨០០០​ ដុល្លារ​៕