ភ្នំពេញៈ ប្រធាន​សមាគម​វាយ​​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែក​ជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា​ ​(TAFTAC)​​ បានឱ្យដឹងថា បញ្ហា​ពន្ធដារ​នៅតែ​ជា​រឿង​ដ៏​ស្មុគស្មាញ និង​ប្រឈម​មួយ​សម្រាប់​វិនិយោគិន ដែល​ទាមទារ​ឱ្យមាន​ការធ្វើ​សាមញ្ញ​ភាព​ដើម្បី​រក្សា​ភាព​ទាក់ទាញ និង​ជំរុញ​កំណើន​នាំចេញ​។​

​ថ្លែង​នៅក្នុង​វេទិកា​ពន្ធដារ​ឆ្នាំ​ ២០២៣ ដែល​រៀបចំឡើង​រួម​គ្នា​រវាង TAFTAC និង​អគ្គ​នា​យក​ដ្ឋា​ន​ពន្ធដារ ​(GDT) និង​មានការ​ចូលរួម​ពី​តំណាង​អ្នក​រោងចក្រ​ដែលជា​សមាជិក​របស់ TAFTAC និង​មួយចំនួន​មកពី​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ សរុប ៦០០​ នាក់ កាលពី​ថ្ងៃទី​ ៦ ខែធ្នូ លោក គង់ សាង ប្រធាន TAFT-AC ឱ្យដឹងថា អនុលោមភាព​ផ្នែក​ពន្ធដារ គឺជា​ចំណុច​សំខាន់​មួយ​ដែល​អាច​ប៉ះពាល់​ដល់​បរិយាកាស​វិនិយោគ​នៃ​វិស័យ​ឯកជន​នៅ​កម្ពុជា ខណៈ​រោង​ចក្រ​សហគ្រាស​មាន​កាត​ព្វ​កិច្ច​ចុះបញ្ជី​ពន្ធដារ ដាក់​របាយ​ការ​​ណ៍​ប្រកាស​ពន្ធ​ឱ្យបាន​ត្រឹមត្រូវ ទាន់ពេល និង​បង់ប្រាក់​ពន្ធ​តាម​អត្រា​ដែល​បានកំណត់​។​


​លោក​ថ្លែងថា​៖ «​ជា​គោល​​ការណ៍​ច្បាប់ គឺ​វា​មាន​លក្ខណៈសាមញ្ញ តែ​ក្នុងការ​អនុវត្ត​ជាក់​ស្តែង​មាន​កត្តា​ជាច្រើន​រួមចំណែក​បង្កើតជា​បញ្ហា​ស្មុគស្មាញ​ដល់​បរិយាកាស​អនុលោមភាព​ពន្ធ​ដារ​របស់​យើង​»​។​

​តាម​ការអង្កេត​កន្លង​មក​ខាង​ផ្នែក​អ្នក​ជាប់ពន្ធ ឬ​អ្នកទទួលបន្ទុក​ការងារ​ពន្ធដារ​រោងចក្រ​សហគ្រាស​មួយចំនួន ទាំង​ខ្មែរ និង​បរទេស គឺ​ចំណេះដឹង​នៅមានកម្រិត ហើយ​ក្នុង​ករណីខ្លះ​មិនបាន​ទទួល​គ្រប់​ជ្រុងជ្រោយ​និង​ទាន់ពេលវេលា​ពី​បច្ចុប្បន្ន​​ភាព​គតិយុត្ត​ពាក់ព័ន្ធ និង​ពន្ធ​ដារ ហើយ​ក្នុង​ករណីខ្លះ​ក៏មាន​ការធ្វេសប្រហែស ឬ​ខ្វះ​ការ​​យកចិត្តទុកដាក់​ផងដែរ​។​


​លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា វេទិកា​ពន្ធដារ ឆ្នាំ​ ២០២៣ នេះ​គឺជា​ឱកាស​ដ៏​មានតម្លៃ​សម្រាប់​អ្នកចូលរួម​ក្នុងការ​ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​នៃ​វិស័យ​ពន្ធដារ ពិសេស​លើ​ប្រធានបទ​ពាក់ព័ន្ធ និង​ឧស្សា​ហ​កម្ម​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​​ដំណើរ​នៅ​កម្ពុជា​»​។​

​លោក គង់ វិបុល អគ្គនាយក​នៃ GDT បាន​ទទួលស្គាល់ថា​ច្បាប់​ពន្ធដារ​នៅ​ប្រទេស​ណា​ក៏មាន​ភាពស្មុគស្មាញ​ពិបាក​យល់​សម្រាប់​ធុរជន និង​វិនិយោគ ខណៈ​នៅ​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​ស្មុគស្មាញ​ជាង​កម្ពុជា​ទៅទៀត​។ ការណ៍​ទើប​ជំរុញ​ឱ្យ​ស្ថា​ប័ន​លោក​ខិតខំ​រៀបចំ​ច្របាច់​បញ្ចូល​គ្នា​នូវ​ច្បាប់ និង​ក្រឹត្យ​តាំង​ពី​ឆ្នាំ​ចាស់​បង្កើត​ចេញ​ជា​ច្បាប់​ពន្ធដារ​ថ្មី​ដែល​ធ្វើឱ្យ​អ្នក​ជាប់ពន្ធ​កាន់តែ​ងាយស្រួល​យល់ មានការ​ងាយស្រួល​ក្នុងការ​​ស្វែងយល់​។ ដោយសារ​ច្បាប់​ពីមុន​គឺ​នៅ​ដាច់ដោយឡែក​ពីគ្នា និង​ពិបាក​រក​។​

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ទទួល​ស្គាល់​ថា ផល​លំបាក​សម្រាប់​អ្នក​ជាប់ពន្ធ​ក្នុង​វិស័យ​កាត់ដេរ​និង​វាយ​ន​ភណ្ឌ​នេះ​មានការ​លំ​បាក​ក្នុងការ​ធ្វើបញ្ជី​ស្នាម​ក្នុងការ​បង់ពន្ធ ប៉ុន្តែ​កន្លងទៅ GDT បាន​ខិតខំ​រយៈពេល​ជាង ​១០ ​ឆ្នាំ​មកនេះ​ក្នុងការ​រៀបចំ​សិក្ខា​​សាលា បណ្តុះបណ្តាល និង​ការ​​ចុះផ្សាយ​សម្រាប់​អ្នក​ជាប់ពន្ធ​កាន់តែ​មានការ​យល់ដឹង​អំពី​កាតព្វកិច្ច​ពន្ធ​របស់​ពួកគេ​»​។​

​លោក​លើកឡើងថា សម្រាប់​អគ្គនាយកដ្ឋាន​ពន្ធដារ​គឺ​ចង់ឱ្យ​អ្នក​ជាប់ពន្ធ​ធ្វើការ​បង់ពន្ធ​ដោយ​ស្ម័គ្រចិត្ត និង​អនុលោម​​ភាព ព្រោះ​យើង​មិន​ចង់​ពិន័យ​ទេ​។ វេទិកា​ពន្ធ​ថ្ងៃនេះ​សម្រាប់​វិស័យនេះ​គឺជា​ការផ្តល់​ជា​ពុទ្ធិ​បន្ថែម​សម្រាប់​អ្នក​ជាប់ពន្ធ​ឱ្យ​កាន់តែ​យល់ដឹង​ច្បាស់​ក្នុងការ​​អនុលោមភាព​។​

​លោក​ថ្លែងថា​៖ «​យើង​តែង​​តែ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិស័យ​វាយ​ន​ភណ្ឌ ព្រោះ​វិស័យនេះ​បានផ្តល់​ការងារ​រាប់សែន​នាក់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ សម្រាប់​រយៈពេល​កន្លង​ទៅក្នុង​ឆ្នាំ​ ២០២០ យើង​បាន​ដាក់ឱ្យ​ប្រកាស​ពន្ធ​តាម​អន​ឡាញ យើង​ក៏​សង្កេតឃើញថា​មាន​អ្នក​ជាប់ពន្ធ​ជាច្រើន​បាន​ចូលធ្វើការ​បង់ពន្ធ​តាម​អន​ឡាញ​។ កន្លងទៅ​យើង​ក៏បាន​សម្រប​សម្រួល​ច្រើន​សម្រាប់​វិស័យនេះ​ផងដែរ​៕