​ភ្នំពេញៈ អ្នក​នៅក្នុង​វិស័យ​ដឹកជញ្ជូន បាន​អះអាងថា ស្ថានភាព​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា រយៈពេល​ជិត ១​ ឆ្នាំ ​២០២៣ នេះ គឺ​មិនមាន​អ្វី​ល្អប្រសើរ​លើសពី​ឆ្នាំ​ ២០២២​ ឡើយ ទោះបី​ការ​គំរាមកំហែង​ពី​ជំងឺ​កូ​វីដ​ ១៩ បានបញ្ចប់​ស្ទើរ​ទាំងស្រុង​ក៏ដោយ ខណៈ​វិបត្តិ​ថ្មីៗ​ដែល​កើត​ពី​ជម្លោះ​ភូមិសាស្ត្រ​ន​យោ​បាយ​រវាង​ប្រទេស​ធំៗ​និង​សង្គ្រាម បាន​បន្ត​ដាក់​សម្ពាធ​លើ​កំណើនសេដ្ឋកិច្ច​សកល ដែល​ការណ៍​នេះ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការបញ្ជាទិញ​ទំនិញ និង​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​។​

​របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ​ឱ្យដឹងថា ពី​ខែមករា​-​តុលា ឆ្នាំ ​២០២៣ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹកប្រាក់ ១៨,៥៩​ពាន់​លាន​ដុល្លារ កើន​ឡើង ០,២​ ភាគរយ​ បើ​ធៀប​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ១៨,៥៥​ ពាន់​លាន​ដុល្លារ​។ ជាមួយគ្នានេះ​កម្ពុជា​ក៏បាន​នាំចូល​ទំនិញ​ពី​ទីផ្សារ​អន្តរ​ជាតិ ២០,០៧​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៦ ​ភាគរយ​ ពី​ចំនួន ២១,៣៦ ​ពាន់​លាន​ដុល្លារ​។​


​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់​ដា​រ៉ា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៥ ខែធ្នូ​ថា ការបញ្ជាទិញ​ទំនិញ​ពី​សំណាក់​ទីផ្សារ​ធំៗ​ដូច​ជា អាមេរិក និង​អឺរ៉ុប ដែល​ថយ​ចុះ​ក្នុង​រយៈពេល​ជាង ១​ ឆ្នាំ​មកនេះ​បាន​ទាញ​ឱ្យ​សកម្មភាព​ដឹក​ជញ្ជូន​ក្នុង​ឆ្នាំ​ ២០២៣ ធ្លាក់ចុះ​បន្តិច​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។​

​លោក​ប្រាប់ថា​៖ «​ភាព​មមា​ញឹក​នៃ​វិស័យ​ដឹកជញ្ជូន​ទំនិញ​នៅ​កម្ពុជា គឺ​អាស្រ័យ​ខ្លាំង​លើ​ការបញ្ជាទិញ​ពី​ក្រៅប្រទេស ដូច្នេះ​បើ​ការបញ្ជាទិញ​ក្នុង​ឆ្នាំ​ ២០២៣ ​ធ្លាក់ចុះ ការដឹកជញ្ជូន​ប្រាកដជា​ធ្លាក់ចុះ​ដែរ​»​។​


​ទាក់ទង​នឹង​សកម្មភាព​ដឹក​ជញ្ជូន នៅ​ឆ្នាំ​ ២០២៤ ខាងមុខ លោក ដា​រ៉ា អះអាងថា នឹង​ល្អ​ជាង​ឆ្នាំ ​២០២៣ ព្រោះ​កំណើនសេដ្ឋកិច្ច​សកល​ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​ខ្ពស់ជាង​ឆ្នាំ ​២០២៣​។ ជាមួយគ្នានេះ​ទំនិញ​ដែល​នៅសល់​ក្នុង​ឃ្លាំង​ក៏​អាច​ថយចុះ​ផងដែរ ដូច្នេះ​ការបញ្ជាទិញ​ពី​កម្ពុជា​អាច​នឹងមាន​កំណើន​ឡើងវិញ​។​

​ប្រធាន​សមាគម​ភ័ស្តុភា​រកម្ម​កម្ពុជា លោក ស៊ិន ច​ន្ធី បានឱ្យដឹងថា បើ​និយាយ​ពី​សកម្មភាព​ដឹកជញ្ជូន និង​តម្លៃ​ដឹកជញ្ជូន​ក្នុង​ឆ្នាំ​ ២០២៣ គឺ​ប្រហាក់​ប្រ​ហែល ឬ​ធ្លាក់ចុះ​បន្តិច​ធៀប​ឆ្នាំ​ ២០២២​។ លោក​បន្តថា មូល​ហេតុដែល​វិស័យ​ដឹកជញ្ជូន​មិនទាន់មាន​សកម្មភាព​ខ្លាំង ​(​មុន​ឆ្នាំ​២០២០) គឺអាច​ដោយសារ​កំណើន​សេដ្ឋកិច្ច​សកល​មិនល្អ ដែល​បាន​ជះឥទ្ធិពល​ទៅដល់​តម្រូវការ​ប្រើប្រាស់​គ្រប់​ប្រភេទ​មុខទំនិញ​លើ​ពិភពលោក​។​

​លោក​អះអាងថា​៖«​សម្រាប់​សកម្មភាព និង​តម្លៃ​ដឹកជញ្ជូន​ទំនិញ​ក្នុង​រយៈពេល​ជិត​ពេញ ១​ ឆ្នាំ​មកនេះ គឺ​ខ្ញុំ​សង្កេតឃើញថា មិនមាន​អ្វី​ប្រែប្រួល​ច្រើន​ទេ​ធៀប​នឹង​ឆ្នាំមុន​»​។​

​ទោះយ៉ាងណា លោក ច​ន្ធី មាន​សុទិដ្ឋិនិយម​ថា ចាប់ពី​ចុង​​ឆ្នាំ​ ២០២៣ ​ទៅ ការបញ្ជាទិញ​ពី​ក្រៅប្រទេស​នឹងមាន​កំណើន​ឡើងវិញ ដូច្នេះ​វិស័យ​ដឹកជញ្ជូន​ក៏​នឹង​មមាញឹក​ជាង​ពេល​ប​ច្ចុ​​ប្បន្ន​ផងដែរ​៕