ភ្នំពេញៈ កម្ពុជា​រកប្រាក់​ចំណូល​បាន​ប្រមាណ ៦,៤៥​ ពាន់​លាន​ដុល្លារ ​ពី​ការ​នាំចេញ​ទំនិញ​ទៅ​បណ្ដា​ប្រទេស​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃ​​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ​ក្នុង​រយៈពេល ១០ ​ខែ នៃ​ឆ្នាំ​ ២០២៣ កើនឡើង ២៦,៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយសារ​ការធ្វើឱ្យ​ប្រ​សើរ​ឡើង​នៃ​ស្ថានភាព​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក​នារ​យៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។​

​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងពាណិជ្ជកម្ម​ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​កាលពី​ថ្ងៃទី ​៦ ខែធ្នូ គឺ​ចាប់ពី​ខែមករា​ដល់​ខែតុលា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​ដែលមាន​តម្លៃ ៦,៤៥​ ពាន់​លាន​ដុល្លារ​ ទៅកាន់​បណ្ដា​ប្រទេស​សមាជិក​ឈានមុខ​គេ​ចំនួន​ ៥ នៃ RCEP រួមមាន​វៀតណាម ថៃ សិង្ហ​បុរី ចិន និង​ជប៉ុន​។​


RCEP ដែលជា​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន បច្ចុប្បន្ន​គឺជា​កិច្ច​​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA)​ ឈានមុខ​គេ​នៅលើ​ពិភព​លោក​ដែល​គ្របដណ្តប់​ប្រទេស​ចំនួន ​១៥ នៅក្នុង​នោះ​រួមមាន​បណ្ដា​ប្រទេស​ជា​សមាជិក​អា​ស៊ាន​ទាំង​ ១០ រួម​នឹង​ប្រទេស​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សំខាន់ៗ​ចំនួន​ ៥ ​ទៀត មានដូចជា ប្រទេស​ចិន​អូស្ត្រាលី ជប៉ុន នូ​វែ​ល​សេ​ឡង់ និង​កូរ៉េខាងត្បូង​។​

​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម លោក ប៉ែន សុ​វិជាតិ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៦ ខែធ្នូ​ថា ជាមួយនឹង​ការអនុវត្ត​កិច្ចព្រមព្រៀង RCEP កម្ពុជា​កំ​ពុង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​ការនាំចេញ​ទៅកាន់​បណ្ដា​ប្រទេស​ជា​សមាជិក ដែល​កំពុងតែ​ក្លាយជា​កំណើន​ប្រកបដោយ​សក្តានុពល​ថ្មី​មួយ​នៅក្នុង​តំបន់ ចំពេល​មានការ​ធ្លាក់ចុះ​ការនាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក ដោយសារតែ​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​ផលវិបាក​នៃ​ការរីក​រាលដាល​កូ​វីដ ​១៩​។​


​លោក​ថ្លែងថា​៖ «​ប្រសិទ្ធភាព​នៃ​កិច្ចព្រមព្រៀង RCEP នៅ​ឆ្នាំ ២០២២ ក្លាយជា​កត្តា​ជំរុញ​ថ្មី​មួយ​សម្រាប់​កំណើន​នៃ​ការនាំ​ចេញ​រយៈពេល​វែង​រប​ស់​កម្ពុជា ដោយសារ​ស្ថិតក្រោម​កិច្ច​ព្រម​ព្រៀង​នេះ មានការ​កាត់​បន្ថយពន្ធ​នាំចូល​មួយចំនួន​ដែល​អាចឱ្យ​កម្ពុជា​ទាញយក​ឱកាស​ដើម្បី​ជំរុញ​ការនាំចេញ​»​។​

​លោក សុ​វិជាតិ បានឱ្យដឹងថា ប្រទេស​ចិន​ ជាទី​ផ្សារ​ឈានមុខ​គេ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ជាពិសេស​សម្រាប់​ផលិតផល​កសិកម្ម​ប្រកបដោយ​សក្តា​នុ​ពល​របស់ខ្លួន​ដូចជា អង្ករ ចេកអំបូង​លឿង ស្វាយ មៀន និង​ម្រេច ជាដើម​។​

​លោក​បន្តថា អត្ថប្រយោជន៍​ដែល​កម្ពុជា​ទទួលបាន​ពី​កិច្ច​​ព្រមព្រៀង​នេះ មានដូចជា ការ​អនុគ្រោះ​ពន្ធ​នាំចេញ​លើ​ទំនិញ​ផ្សេងៗ ការផ្ទេរ​បច្ចេកវិទ្យា ការ​​អភិវឌ្ឍ​ជំនាញ និង​ឱកាស​ការ​ងារ​ដែល​ជំរុញ​ដោយ​ការ​វិ​និ​​យោគ​ផ្ទា​ល់ពី​បរទេស​។​

​លោក ហុង វណ្ណៈ អ្នក​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បានឱ្យដឹងថា ការ​​កើនឡើង​ការនាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទៅ​បណ្តា​ប្រទេស​ជា​សមាជិក​កិច្ចព្រមព្រៀង RCEP នៅក្នុង​អំឡុងពេល​នៃ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​អន្តរ​ជាតិ​ដែល​មិនមាន​ស្ថិរភាព​គឺ​បង្ហាញថា សមត្ថភាព​ផលិតកម្ម​របស់​កម្ពុជា​កំពុង​រីកចម្រើន​កាន់តែ​រហ័ស និង​គុណភាព​ប្រកបដោយ​ស្តង់ដា​។​

​លោក​បាន​បន្តថា មូលហេតុ​ដែលនាំឱ្យ​ផលិតកម្ម និង​ការ​​នាំចេញ​របស់​កម្ពុជា​កើនឡើង​អាចមកពី​កត្តា​មួយចំនួន​ដូចជា ស្ថិរភាព​នយោបាយ និង​ភូមិ​​សាស្ត្រ​នយោបាយ​កាន់តែ​ល្អ​សមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា​ទៅក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភព​​លោក កំណែទម្រង់​ប្រព័ន្ធ​ច្បាប់​វិនិយោគ ទីផ្សារ​នាំចេញ​កាន់តែច្រើន និង​លក្ខខណ្ឌ​ពិសេស​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​កាន់តែ​ប្រសើរ និង​សម្បូរបែប និង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​។​

​លោក​ថ្លែងថា​៖ «​នៅពេលនេះ​កម្ពុជា​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​នៅពេល​ការបញ្ជាទិញ​ពី​ទីផ្សារ​អន្តរជាតិ​កើនឡើង កម្ពុ​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ការឆ្លើយតប​តាម​ការបញ្ជាទិញ​មកពី​គ្រប់ទិសទី​។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏​កំពុងមាន​សក្ដានុពល​ក្នុងការ​ទាក់ទាញ​វិនិយោគិន​ឱ្យមក​បណ្តាក់ទុន​ផងដែរ​»​។​

​លោក​បន្តថា​៖ «​តាមរយៈ​អ្វីដែល​កម្ពុ​ជាមាន ខ្ញុំ​មាន​សុ​ទិដ្ឋិ​​និយម​ថា ពាណិជ្ជកម្ម​អន្តរជាតិ ជាពិសេស​ការនាំ​ចេញពី​កម្ពុជា​ទៅគ្រប់​គោលដៅ​ជុំវិញ​ពិភព​លោក​នឹង​កើនឡើង​បន្ថែមទៀត​ចាប់ពី​ឆ្នាំ​ ២០២៤​។ ជាមួយគ្នានេះដែរ បច្ចុប្បន្ន​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ក៏​នឹង​កើនឡើង​ផងដែរ​»​។​

​បណ្ដា​ប្រទេស​ជា​សមាជិក​កិច្ចព្រមព្រៀង RCEP តំណាងឱ្យ​ប្រជាជន​ប្រហែល ២,២ ​ពាន់​លាន​នាក់ ឬ​ ៣០ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភពលោក​សរុប​ដែល​រួមចំណែក​ដល់ ២៦,២​ ពាន់​ពាន់​លាន​ដុល្លារ​នៃ​ផលិត​ផល​ក្នុងស្រុក​សរុប​ (GDP) ដែល​ស្មើនឹង ៣០​ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ទូទាំង​ពិភពលោក​។ បណ្ដា​ប្រទេស​ជា​សមាជិក​ទាំងនេះ​មាន​ចំនួន​ប្រហែល ២៨ ​ភាគរយ​នៃ​ពា​ណិ​ជ្ជ​កម្ម​ពិភពលោក​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​។​

​បើ​យោងតាម​តួលេខ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ទំហំ​ពាណិជ្ជ​កម្ម​អន្តរជាតិ​សរុប​របស់​កម្ពុ​ជាមាន​តម្លៃ ៣៨,៦៦ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១០ ​ខែ​នៃ​ឆ្នាំ​ ២០២៣ ធ្លាក់ចុះ ៣,១ ភាគរយ​ពី ៣៩,៩ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២២៕