​ភ្នំពេញ​: រដ្ឋាភិបាល​ស្វាគមន៍​ចំពោះ​ផែនការ​របស់​ក្រុមហ៊ុន Prime Road Power Public (PRIME) មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ និង​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Prime Road Alternative (Cambodia) Co Ltd នៅ​កម្ពុជា គ្រោង​នឹង​ពង្រីក​ការវិនិយោគ​របស់ខ្លួន​លើ​ថាមពល​ស្អាត​នៅ​ប្រទេស​​កម្ពុជា ដែល​នឹង​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ដើម្បី​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​នៅក្នុង​វិស័យនេះ​។​

Prime គឺជា​ក្រុមហ៊ុន​ដែល​អភិវឌ្ឍ​ថាមពល​កកើត​ឡើងវិញ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​ថៃ​។ ក្រុមហ៊ុន​មួយ​នេះ បាន​ផ្តោតលើ​ការវិនិយោគ​របស់ខ្លួន​នៅក្នុង​គម្រោង​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​


​ក្នុងជំនួប​រវាង​លោក ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ៦ ខែធ្នូ ជាមួយ​លោក Piroon Shinawatra ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ (CFO) លោក​បាន​សុំ​ការគាំទ្រ​បន្ថែមទៀត​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ជុំវិញ​ផែនការ​ពង្រីក​របស់ខ្លួន​លើ​គម្រោង​ពង្រីក​ថាមពល​ស្អាត បន្ទាប់ពី​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​កំពុង​ប្រតិបត្តិការ​ថាមពល​ស្អាត​ទំហំ ៣០៧ ​មេ​ហ្គា​វ៉ា​ត់ ​(MW) ​រួមទាំង​ថាមពល​សូ​ឡា​ទំហំ ៧៧ មេ​ហ្គា​វ៉ា​ត់​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​បាន​ពី CDC បន្ទាប់ពី​កិច្ចប្រជុំ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល បាន​សម្តែង​ការគាំទ្រ​ចំពោះ​ផែនការ​ពង្រីក​របស់​ក្រុមហ៊ុន​នេះ និង​បាន​ស្នើឱ្យ​ក្រុមហ៊ុន​ធ្វើការ​ងារ​ជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សិក្សា​បន្ថែម​លើ​វិស័យ​សក្តានុពល​សម្រាប់​កា​រវិ​និ​យោគ​។ លោក​បន្តថា រដ្ឋាភិបាល​ស្វាគមន៍​ចំពោះ​វិនិយោគិន​ក្នុងការ​វិនិយោគ​បន្ថែមទៀត​លើ​ថាមពល​ស្អាត ស្របតាម​ចក្ខុ​វិស័យ​របស់​រដ្ឋាភិបាល​ក្នុងការ​នាំចេញ​ថាមពល​ទៅកាន់​ប្រ​ទេស​ណាមួយ​នៅក្នុង​តំបន់ ជាពិសេស​ការលើកកម្ពស់​ថា​ម​ពល​ស្អាត​។​


​លោក Somprasong Panjalak ​ប្រធាន និង​ជា​អគ្គនាយក​ក្រុមហ៊ុន PRIME ថ្មីៗ​នេះ​បានបង្ហាញ​ពី​លទ្ធផល​ប្រតិបត្តិ​ការ​នៅ​ត្រីមាស​ទី​៣ របស់​ក្រុម​ហ៊ុន​មួយ​នេះ​ថា ប្រាក់ចំណូល​សរុប​មាន​ចំនួន ២៨២,៦៣ លាន​បាត កើនឡើង ៥៤,៤៨ ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​កាលពី​ខែកញ្ញា ក្រុមហ៊ុន Prime Road Alternative Company Limited ទទួល​សិទ្ធិ​សាងសង់​គម្រោង​កសិដ្ឋាន​ថាមពល​សូ​ឡា​ទំហំ ៦០ ​មេ​ហ្គា​វ៉ា​ត់ គឺជា​ផ្នែក​មួយ​នៃ​ឧទ្យាន​ជាតិ​ថាមពល​សូ​ឡា​ទំហំ ១០០ ​មេ​ហ្គា​វ៉ា​ត់​ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​ត្រូវបាន​រៀបចំឡើង​ក្នុង​ភាពជា​ដៃគូ​សាធារណៈ និង​ឯកជន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​។

ក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២១  CDC ​ក៏បាន​ធ្វើការ​អនុម័ត​លើ​គម្រោង​ថាមពល​សូ​ឡា​ទំហំ ៦០ ​មេ​ហ្គា​វ៉ា​ត់​នៅ​ខេត្តកំពង់ឆ្នាំង ដែលមាន​ទុនវិនិយោគ​ចំនួន ៣៧,៤​ លាន​ដុល្លារ និង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Prime Road Alternative (Cambodia) Co Ltd​។ លុះ​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២២ ថាមពល​សូ​ឡា​នេះ ត្រូវបាន​ភ្ជាប់​ទៅ​បណ្តាញ​អគ្គិ​ស​នី​ជាតិ​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​ កាលពី​ថ្ងៃទី​ ២១ ខែ​វិច្ឆិកា លោក កែវ រតនៈ រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បានឱ្យដឹងថា រហូតមកដល់​ពេលនេះ កម្ពុជា​បាន​ចូលរួម ចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ចេញពី​ឥន្ធនៈ​ហ្វូ​ស៊ី​ល ដែល​ជំនួស​ដោយ​ការប្រើប្រាស់​ថាមពល​ស្អាត ឬ​ថាមពល​កកើតឡើង​វិញ​។​

​លោក​លើកឡើងថា ក្រោម​ក្របខ័ណ្ឌ​អាស៊ាន តម្រូវឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​ទាំងអស់ ត្រូវ​ស្វែងរក​ប្រភព​ថាមពល ៣៥ ​ភាគរយ មកពី​ប្រភព​នៃ​ថាមពល​ស្អាត ឬ​ថាមពល​កកើតឡើង​វិញ ត្រឹម​ឆ្នាំ​ ២០៣០ ខណៈ​កម្ពុជា​បាន​លើស​ទិសដៅ​កំណត់ ដោយ​សម្រេចបាន​ជាង ៦០ ​ភាគរយ​រួចទៅហើយ​ត្រឹម​ឆ្នាំ​ ២០២២​ កន្លងមកនេះ​។​

​លោក​បាន​បន្ថែមទៀតថា​៖ «​វិស័យ​ថាមពល​របស់​យើង​បាន​កើនឡើង​ជិត​ទ្វេដង​នៃ​មធ្យម ភាគ​អាស៊ាន​សម្រាប់​ផែនការ​ឆ្នាំ ​២០៣០»៕