ភ្នំពេញៈ ការនាំចេញ​ផ្លែ​ចេក​ស្រស់​ជា​ផ្លូវការ​ទៅ​ទីផ្សារ​អន្តរ​ជាតិ ក្នុង​រយៈពេល ១១​ ខែ​ដើមឆ្នាំ​ ២០២៣ សម្រេចបាន​ជាង ២៦​ ម៉ឺន​តោន ធ្លាក់ចុះ​ជិត ២៤​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ក្នុងនោះ​ការនាំចេញ​ភាគច្រើន​គឺ​ទៅ​ប្រទេស​ចិន​។​

​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា វិបត្តិ​សេដ្ឋកិច្ច​សកល​ ដែល​កំពុង​កើតមាន​នាពេលនេះ បាន​ជះឥទ្ធិពល​យ៉ាង​ធំធេង​ទៅលើ​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ ដោយ​ធ្វើឱ្យ​ការបញ្ជាទិញ​ទំនិញ​គ្រប់​ប្រភេទ​ថយចុះ ក្នុងនោះ​បរិមាណ​ផ្លែ​ចេក​ស្រស់​ដែល​បាន​នាំចេញ​កត់ត្រា​ដោយ​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ​ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ គឺមាន​សរុប ២៦៣ ១១៦,៩៣ ​តោន ធ្លាក់ចុះ ២៣,៨៤​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២ ដែលមាន​ចំនួន ៣៤៥ ៤៧០,២​ តោន​។​


​របាយការណ៍​នេះ​បានឱ្យដឹង​ទៀតថា សម្រាប់​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ការនាំចេញ​ចេក​ស្រស់ មាន​បរិមាណ ២៥ ១២៥,៣៥​ តោន​។ ផ្លែ​ចេក​ស្រស់​កម្ពុជា ត្រូវបាន​នាំចេញ​ភាគច្រើន​ទៅ​ប្រទេស​ចិន វៀតណាម និង​ជប៉ុន ជាដើម​។​

​លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន ឡុង ម៉េ​ត អ្រេ​ហ្គី​ខ​ល​ឈ័​រ ដែលមាន​កសិដ្ឋាន​ដាំចេក​ដ៏​ធំ​នៅក្នុង​ខេត្តកំពត និង​ជា​ក្រុមហ៊ុននាំចេញ​ចេក​ស្រស់​ទៅ​ទីផ្សារ​ប្រទេស​ចិន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៧ ខែធ្នូ ថា មូល​ហេតុដែល​ដែលនាំឱ្យ​ការនាំចេញ​ចេក​ស្រស់​ទៅ​ក្រៅប្រទេស​ធ្លាក់ចុះ​គឺ​ដោយសារ​កត្តា​ចម្បង​ចំនួន​ ២ គឺ​ទី​១ អាកាសធាតុ​មិនសូវ​ល្អ​នាំឱ្យមាន​កើតឡើង​សត្វល្អិត​ចង្រៃ​ជាច្រើន​បំផ្លាញ​ផ្លែ​ចេក និង​ទី ២ តម្លៃ​នៅ​ទីផ្សារ​អន្តរជាតិ ​(​គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២៣)​ ធ្លាក់ចុះ​ទាប​ជាង​ឆ្នាំ​ ២០២២​។ លោក​បន្តថា ប្រហែល​ជាង ៩៥ ​ភាគរយ​នៃ​ការនាំ​ចេញ​ចេក​ស្រស់​របស់​កម្ពុជា គឺ​ទៅ​ប្រទេស​ចិន និង​អាចមាន​តិចតួច​ទៅ​ប្រទេស​វៀតណាម និង​ជប៉ុន​។​


​លោក​ថ្លែងថា​៖«​ការធ្លាក់ចុះ​បរិមាណ​នាំចេញ​ចេក​ស្រស់ គឺ​រួមផ្សំ​ទាំង​កត្តា​ខាងក្នុង និង​ខាងក្រៅ​។ សម្រាប់​កត្តា​ខាងក្រៅ គឺ​ដោយសារ​ទិសដៅ​នាំចេញ​ជាង ៩៥​ភាគរយ​ទៅ​ប្រទេស​ចិន ដូច្នេះ​បើ​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន​មិនសូវ​ល្អ តម្លៃ​ចេក​ក៏​ធ្លាក់ចុះ​ដែរ​»​។​

​សម្រាប់​រយៈពេល​នៅសល់​ក្នុង​ឆ្នាំ​ ២០២៣ និង​ឆ្នាំ​ ២០២៤ ខាងមុខ លោក ហ៊ុន ឡាក់ មាន​សុទិដ្ឋិនិយម​ថា ការនាំ​ចេញ​ចេក​ស្រស់​ទៅ​ប្រទេស​ចិន នឹងមាន​កំណើន​ឡើងវិញ ដោយ​លោក​សង្កេតឃើញថា ចាប់ពី​ខែវិច្ឆិកា រហូតដល់​ពេលនេះ គឺ​ការនាំចេញ​ចេក​បានបង្ហាញ​ពីស​ញ្ញា​វិជ្ជមាន​ជា​បន្តបន្ទាប់​។​

​ចេក​ស្រស់​កម្ពុជា ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​ចិន​ជា​លើកដំបូង​កាលពី​ខែ​ឧសភា ឆ្នាំ​ ២០១៩ ដោយ​វា​គឺជា​ផ្លែឈើ​ដំបូង​គេ​របស់​កម្ពុជា​ដែល​ត្រូវបាន​នាំ​ចេញទៅ​ប្រទេស​ចិន​ជា​ផ្លូវការ​។​

​អភិបាល​ខេត្តកំពត លោក ម៉ៅ ធនិន ធ្លាប់បាន​និយាយថា អាជ្ញាធរខេត្ត ក៏​ដូច​​ជា​មន្ទីរជំនាញ​របស់​ខេត្តកំពត បានធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​គាំទ្រ​ទៅលើ​ការដាំ​ដុះ​ដំណាំ​កសិផល រួមទាំង​ចេក  ដើម្បី​ធានា​ការផ្គត់ផ្គង់​ក្នុងស្រុក និង​ជំរុញ​ការ​នាំ​ចេញទៅ​ក្រៅប្រទេស​។​

​លោក​និយាយថា​៖«​ឥឡូវនេះ​ក្រុមហ៊ុន កំពុងមាន​ការជំរុញ​បន្ថែម​ទៅលើ​ការ​ដាំ​ដុះ ​(​ផ្លែ​ចេក​)​។ ខ្ញុំ​សង្ឃឹមថា បើសិនជា​ការដាំដុះ​នេះ​ល្អ​នឹង​អាច​ពង្រីក​បាន​លើ​ផ្ទៃដី​មួយចំនួន ដែល​ពាក់ព័ន្ធ​នៅ​ទីនោះ​ថែមទៀត​ដោយមាន​ការចូលរួម​ពី​សហ​គម​ន៍ ពី​បងប្អូន​ប្រជាពលរដ្ឋ​ជុំវិញ​នោះ​»​។​

​លោក​អភិបាលខេត្ត​បន្តថា ​ការពង្រីក​ផ្ទៃដី​ដាំ​ដុះ​ចេក​នៅ​ខេត្តកំពត​ នឹង​ទទួលបាន​ប្រាក់ចំណូល​ព្រមទាំង​ជួយ​លើកកម្ពស់​ជីវភាព​ប្រចាំថ្ងៃ ប្រចាំ​​ខែ​របស់​ប្រជាពលរដ្ឋ​ផងដែរ ថែមទាំង​ទទួលបាន​ទីផ្សារពលកម្ម​ នៅនឹងកន្លែង​បន្ថែមទៀត​។​

​នៅក្នុង​ឆ្នាំ ២០២២ កម្ពុជា​បាន​នាំចេញ​ចេក​ស្រស់​ចំនួន ៣៦៧ ៤០០​ តោន ថយចុះ ១៣​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១​។ ក្នុងនោះ​នាំចេញ​ទៅ​ប្រទេស​ចិន​ប្រមាណ ៣៣០ ០០០​ តោន វៀតណាម​ជាង ៣៦ ០០០​ តោន និង​ជប៉ុន​ជាង ២ ៨០០ តោន​។ នេះ​បើតាម​របាយការណ៍​ពី​ក្រុមហ៊ុន​ឡុង​ម៉េ​ត​។​

​ប្រទេស​កម្ពុជា និង​ចិន បាន​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគីជា​ផ្លូវការ​អស់​រយៈពេល​ជិត ២​ ឆ្នាំ ​ហើយ​ដែល​បានចាប់ផ្តើម​កាលពីដើម​ខែមករា ឆ្នាំ​ ២០២១​។ បច្ចុប្បន្ន​កម្ពុជា ​បាន​នាំ​ចេញ​កសិផល​មួយចំនួន ​ដូចជា​ដំឡូង​មី ស្វាយ ចេក មៀន​ប៉ៃលិន​។ ជាមួយគ្នានេះដែរ កម្ពុជា​ក៏បាន​នាំចេញ​ផលិត​ផល​វារីវប្បកម្ម​ចំនួន​ ១១ ​មុខ​ទៅកាន់​ទីផ្សារ​ចិន​។  ​នេះ​បើតាម​ក្រសួងកសិកម្ម​ដែល​ធ្លាប់បាន​ប្រកាសថា ប្រទេស​ចិន​អនុញ្ញាតឱ្យ​នាំចេញ​កន្លងមក​៕