​ភ្នំពេញៈ រដ្ឋាភិបាល​បាន​រក​ចំណូល​ប​ម្រា​ណ ៤,៩ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ១០​ ខែ  ​ដើមឆ្នាំ​ ២០២៣ ដែល​ស្មើនឹង​ជិត ៧៨ ​ភាគរយ​នៃ​ច្បាប់​ហិរញ្ញ​វត្ថុ​ឆ្នាំ​ ២០២៣ ខណៈដែល​ការ​​អនុវត្ត​ចំណាយ​សរុប​ថ្នាក់ជាតិ មាន​ជាង ៦,៣​ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋ​​កិច្ច និង​ហិរញ្ញវត្ថុ (MEF)​។​

​របាយការណ៍​របស់​ MEF ​បានឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​ ២០២៣ ការ​អនុវត្ត​ចំណូល​ក្នុងប្រទេស​សរុប​ថ្នាក់ជាតិ សម្រេចបាន ៤ ៨៩៧,១៧ ​លាន​ដុល្លារ​ស្មើនឹង ៧៧,៨៥​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញ​​វត្ថុ​ឆ្នាំ​ ២០២៣​។ ចំនួន​នេះ ​គឺ​ថយ​​ចុះ ២,០២ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នៅក្នុង​ចំនួន​នេះ គឺ​ចំណូល​សារពើពន្ធ សម្រេចបាន ៤ ៤០៨,៧​ លាន​ដុល្លារ ស្មើនឹង ៧៧,៤៥ ​ភាគរយ​នៃ​ច្បាប់​ហិរញ្ញ​វត្ថុ​ឆ្នាំ​ ២០២៣ ថយចុះ ៤,២ ​ភាគរយ និង​ចំណូល​មិនមែន​សារពើពន្ធ ៤៨២,៥៦ ​លាន​ដុល្លារ ស្មើ ៩២,៧២ ​ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ ​២០២៣ កើន​ឡើង ២៤,០៨ ​ភាគរយ​។​


​របាយការណ៍​ឱ្យដឹងទៀតថា​៖ «​ផ្អែកលើ​និន្នាការ​នៃ​ការអនុវត្ត​ចំណូល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ គួបផ្សំ​នឹង​ការ​ងើប​ឡើងវិញ​នៃ​សកម្មភាព​សង្គម​សេដ្ឋកិច្ចកម្ពុជា​, ការប្រមូល​ចំ​ណូ​ល​ស្ថិតនៅក្នុង​គន្លង​ឈានទៅរក​ការសម្រេចបាន​តាម​ផែន​ការគ្រោងទុក​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២៣»​។​

​ដោយឡែក​ចំ​ណូ​ល​ការអនុវត្ត​ចំណាយ​សរុប​ថ្នាក់ជាតិ នៅក្នុង​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២៣ គឺមាន​ចំនួន ៦,៣៣ ​ពាន់​លាន​ដុល្លារ ស្មើ ៧៤,៩៥ ​ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២៣ ដោយ​កើនឡើង ១៩,៤៩​ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ក្នុងនោះ​ចំណាយ​មូលធន​ចំនួន ២ ១៦៩,៣៧​ លាន​ដុល្លារ កើន ១២,៣២​ ភាគរយ និង​ចំណាយ​ចរន្ត ចំនួន ៤ ១៥៩,២៤ ​លាន​ដុល្លារ កើន ២៣,៦ ​ភាគរយ​។ ជារួម​ការអនុវត្ត​ចំណាយ​គឺ​នៅ​បន្ត​រក្សា​គោលការណ៍​រឹតបន្តឹង​ចំណាយ​មិនចាំបាច់​នានា និង​វិភា​ជ​ថវិកា​សម្រាប់​អនុវត្ត​ឱ្យចំ​មុខសញ្ញា​។​


​របាយការណ៍​បាន​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​បន្តរ​ក្សា​ភាព​ប្រយ័ត្នប្រយែង​ខ្ពស់​ក្នុងការ​គ្រប់​គ្រង និង​ប្រើប្រាស់​ហិរញ្ញប្បទាន​សរុប​ថ្នាក់ជាតិ ប្រកបដោយ​ប្រសិទ្ធភាព​បំផុត និង​ផ្តល់ លទ្ធភាព​គ្រប់គ្រាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអនុវត្ត​ថវិការដ្ឋ​បាន​ទាន់ពេលវេលា​។

ជាក់​​ស្តែង ការអនុវត្ត​ហិរញ្ញប្បទាន​ពី​បរទេស​សរុប​ថ្នាក់ជាតិ សម្រេច បាន ៤ ៩៨០ ​ពាន់​លាន​រៀល (១ ២០៩,៨​លាន​ដុល្លារ​) ស្មើនឹង ៧៧,៧១​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ ​២០២៣ និង​ការ​អនុវត្ត​ហិរញ្ញប្បទាន​ក្នុងស្រុក​សរុប​ថ្នាក់ជាតិ សម្រេចបាន ៤ ១៩៧ ​ពាន់​លាន​រៀល​ (១ ០១៩,៧៤​លាន​ដុល្លារ​) ស្មើនឹង ៥៤,២៩ ​ភាគរយ នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២៣ ស្របពេល​ប្រាក់​បញ្ញើ​រដ្ឋាភិបាល សរុប​មាន​ប្រមាណ ៤៧​ ពាន់​លាន​រៀល ​(១១,៤២​ លាន​ដុល្លារ​)»​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៧ ខែ​ធ្នូ​ថា ទោះបី​ក្នុងអំឡុង​ពេលដែល​សេដ្ឋកិច្ចពិភពលោក និង​តំបន់ កំពុង​បន្ត​ជួបនឹង​បញ្ហា​ប្រឈម​ជា​បន្តបន្ទាប់ ក៏​ការ​​អនុវត្ត​ចំណូល​ចំណាយ​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​​តែមាន​ភាពល្អប្រសើរ ដែល​នេះ​បញ្ជាក់​ពី​ការអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​យុទ្ធ​សាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុងការ​​គ្រប់គ្រង​ចំណូល​​ចំណាយ ដើម្បី​រក្សា​ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​។​

​លោក​បាន​ថ្លែងបន្តថា ជា​ជំហានៗ​គេ​សង្កេតឃើញថា ការប្រមូល​ចំណូល​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​កើន​​ឡើងជា​បន្តបន្ទាប់ ដែល​ធ្វើឱ្យ​គម្លាត​ដ៏​ធំ​នៃ​ចំណូល​ចំណាយ កាន់តែ​ខិតជិត​គ្នា​៕