សិង្ហ​បុរីបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដំបូង​ជាមួយ​ប្រទេស​អាមេរិក​ឡាទីន​ចំនួន​ ៤ ​នៅ​ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ​ ២០២៣ ​នេះ​។ កិច្ចព្រមព្រៀង​រវាង​សិង្ហ​បុរី​ជាមួយ​ប្រទេស​អាមេរិក​ឡាទីន​ទាំង ​៤ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ ជា Mercosur ដែល​រួមមាន អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល ប៉ា​រ៉ា​ហ្គា​យ និង​អ៊ុយ​រូ​ហ្គា​យ គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំបូង​របស់​សិង្ហ​បុរី​ជាមួយ​ប្រទេស​ទាំងនេះ ហើយ​វា​ក៏​ជា​កិច្ចព្រមព្រៀង​ដំបូង​របស់​ប្លុក​អាមេរិក​ឡាទីន​ជាមួយ​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។

បើតាម ក្រសួងការបរទេស និង​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​ប្រទេស​សិង្ហ​បុរី កិច្ចព្រមព្រៀង​នេះ​មាន​គោលបំណង​ជួយ​សម្រួល​ដល់​លំហូរ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែច្រើន​តាមរយៈ​ការកាត់បន្ថយ​ពន្ធ និង​ដោយ​ការបង្កើត​លក្ខខណ្ឌ​វិនិយោគ​ប្រកបដោយ​តម្លាភាព​។ កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ជួយ​ជំរុញ​ដល់​កិច្ចសហប្រតិបត្តិការ ដែលជា​ដំណើរ​ការដែល​សម្រួល​ដ​ល់​នីតិវិធី​នៃ​ការនាំចេញ និង​នាំចូល​។


កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​គេ​ឱ្យឈ្មោះ​ថា​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី Mercosur-Singapore Singapore (MCSFTA) ដោយ​ភាគី​ទាំងពីរ​រំពឹងថា​វា​នឹង​ជួយ​ដល់​ការបង្កើន​ភាពជា​សហគ្រិន បង្កើនល្បឿន​ឌីជីថល ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សន្តិសុខ​ស្បៀង ខណៈពេលដែល​ជួយ​អភិវឌ្ឍ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) នៅក្នុង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​៥​នេះ​។

រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក Vivian Balakrishnan និង​រដ្ឋមន្ត្រី​មកពី​ប្រទេស​សមាជិក Mercosur ទាំង​៤​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​នៅឯ​កិច្ចប្រជុំ​កំពូល​លើក​ទី ៦៣ នៃ​ប្រមុខរដ្ឋ Mercosur នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល​។


ភ្លាមៗ​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក Vivian Balakrishnan បាន​និយាយថា​៖ « ការចុះហត្ថលេខា​នេះ​កើតឡើង​បន្ទាប់ពី​ការចរចា​យ៉ាង​ស៊ីជម្រៅ​ជាង​បួន​ឆ្នាំ​។ យ៉ាងណា​កិច្ចព្រមព្រៀង MCSFTA បាន​បង្កើត​ស្ពាន​ថ្មី​មួយ​រវាង​អាស៊ីអាគ្នេយ៍ និង​អាមេរិក​ខាងត្បូង ដែល​នឹង​ធ្វើឱ្យ​តំបន់​ទាំងពីរ​កាន់តែ​ជិតស្និទ្ធ​គ្នា​»​។

ចំណែក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​សិង្ហ​បុរី លោក Gan Kim Yong បន្ថែមថា ៖ «​កិច្ចព្រមព្រៀង​នេះ​នឹង​ពង្រឹង​ពាណិជ្ជកម្ម​ដែល​កំពុង​រីកចម្រើនរ​បស់​សិង្ហ​បុរី ផ្សារភ្ជាប់​ជាមួយ​ប្រទេស​អាមេរិក​ឡាទីន​»​។

លោក​រដ្ឋមន្ត្រី​បាន​កត់សម្គាល់ថា វា​នឹង​ជួយ​កាត់បន្ថយ​ថ្លៃដើម​នៃ​ការ​ដំណើរការ​អាជីវកម្ម បន្ធូរបន្ថយ​ពន្ធគយ របាំង​ច្បាប់ និង​ការបើកទ្វារ​ឱ្យមាន​ឱកាស​ផ្តោះ​ប្តូរ​អាជីវកម្ម​ថ្មីៗ ដូចជា​ក្នុង​វិស័យ e-commerce និង​ក​សិ​-​ពាណិជ្ជកម្ម​ជាដើម​។

គួរ​ជម្រាប​ថា Mercosur ជា​សមូហភាព​តំណាងឱ្យ​សេដ្ឋកិច្ច​ធំជាងគេ​ទី​៨​នៅលើ​ពិភពលោក ជាមួយនឹង​ផលិតផល​ក្នុងស្រុក​សរុប​ចំនួន ២,៧ ពាន់​ពាន់​លាន​ដុល្លារ ជាមួយនឹង​ទំហំ​ទីផ្សារ​ដែលមាន​ប្រជាជន​សរុប​ចំនួន ២៧២ លាន​នាក់​៕​