ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ចុះ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ការអភិវឌ្ឍ​ផែនទី​មគ្គុទ្ទេសក៍​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា ជាមួយ​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ (UNESCAP) ដើម្បី​គំនិត​ផ្តួចផ្តើម​ចាំបាច់ ក្នុង​ការជំរុញ​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។

ពិធី​ចុះ​អនុស្សរណៈ​នេះ ត្រូវបាន​ធ្វើឡើង​រវាង​លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិ​នៃ​កម្ពុជា និង​លោកស្រី Subathirai Sivakumaran ប្រធាន​ផ្នែក​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ នៃ​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ (UNESCAP) កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ​។


លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​លោក Jo Scheuer អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​។

យោងតាម​ការផ្សព្វផ្សាយ​របស់ NBC តាមរយៈ​ហ្វេ​ស​ប៊ុ​ក ក្នុង​ពិធី​ចុះហត្ថលេខា​ខាងលើ លោកស្រី ជា សិរី បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​រួមមាន ក្រសួង​-​ស្ថាប័ន​រដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ ដៃគូ​អភិវឌ្ឍន៍ និង​សហគ្រាស​ឯកជន ឱ្យចូល​រួមសហការ​ទប់ស្កាត់​បញ្ហា​ប្រែប្រួល​អាកាសធាតុ សំដៅ​លើកកម្ពស់​ដំណើរការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។


ថ្លែង​នៅក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី ១០ ប្រចាំឆ្នាំ​២០២៣ ស្តីពី «​ហានិភ័យ​អាកាសធាតុ និង​អន្តរកាល​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​បៃតង​» សហការ​រៀបចំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) នា​ថ្ងៃ​សុក្រ ទី​៨ ខែធ្នូ ឆ្នាំ ២០២៣ លោកស្រី ជា សិរី ថ្លែងថា ៖«​ការចុះ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ស្តីពី ការអភិវឌ្ឍ​ផែនទី​មគ្គុទ្ទេសក៍​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា​នេះ គឺ​ក្នុង​គោលដៅ​ដាក់ចេញ​នូវ​ទស្សនវិស័យ គំនិត​ផ្តួចផ្តើម​ចាំបាច់ ក្នុង​ការជំរុញ​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​»​។

បើតាម​ធនាគារជាតិ​នៃ​កម្ពុជា អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​នេះ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​លើកកម្ពស់​គម្រោង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដូច​មានចែង​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​។

ធនាគារជាតិ​បញ្ជាក់ថា​៖«​ជាក់ស្តែង កាលពី​ថ្មីៗ​នេះ លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បានសម្រេច​ឈប់​ទទួល​គម្រោង​វិនិយោគ​ថ្មី​លើ​ផលិតកម្ម​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម និង​ពិនិត្យ​លទ្ធភាព​បញ្ចប់​ប្រតិបត្តិការ​រោងចក្រ​កំពុងដំណើរការ​មុន​កាលកំណត់​ក្នុង​កិច្ចសន្យា​»​។

តាមរយៈ​សេចក្តីសម្រេច​នេះ រាជរដ្ឋាភិបាល​នឹង​ពិនិត្យ​លទ្ធភាព​បង្វែរ​គម្រោង​បង្កើត​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​មួយ​មាន​អនុភាព ៧០០ មេ​ហ្គា​វ៉ា​ត់ ឱ្យទៅជា​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន LNG ដែល​ប៉ះពាល់​បរិស្ថាន​តិចជាង​វិញ​៕