លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​កម្ពុជា បាន​ជំរុញ​ឱ្យ​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ទូទាត់​ការបង់ពន្ធ​នានា និង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន ដែល​ទាក់ទិន​ទៅនឹង​ការដឹកជញ្ជូន និង​នីតិវិធី​បំពេញបែបបទ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​។

ការជំរុញ​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​និង​ជំនួប​ពិភាក្សា​ធុរកិច្ច វិស័យ​ភ័ស្តុភារ និង​ដឹកជញ្ជូន​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែ​ឆ្នូ ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ភ្នំពេញ ដែល​ពិធី​នេះ គឺធ្វើឡើង​ដើម្បីឱ្យ​អ្នករកស៊ី​លើក​ពី​បញ្ហា​ប្រឈម​ផ្សេងៗ​នៅក្នុង​វិស័យនេះ ព្រមទាំង​ទទួលបាន​នូវ​ការចែករំលែក​នូវ​ព័ត៌មាន​សំខាន់ៗ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​តំណាងឱ្យ​វិស័យ​ឯកជន ដើម្បី​ធ្វើយ៉ាងណា​សម្របសម្រួល​ក្រុមការងារ​ផ្នែក​ឯកជន នៃ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន (G-PSF) ដែលមាន​ក្រុមការងារ ផ្នែក​ដឹកជញ្ជូន​និង​ហេដ្ឋារចនាសម្ព័ន្ធ​។


លោក គិត ម៉េង បាន​មានប្រសាសន៍ថា កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២៣ កន្លងទៅ​ថ្មីៗ​នេះ   ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា ដែលជា​ប្រធាន​អង្គប្រជុំ​តំណាងឱ្យ​ប្រទេស​កម្ពុជា បាន​ចូលរួម​ប្រជុំគ្នា​ជាមួយ​ប្រទេស​អាស៊ាន​ទាំង​១០ ដើម្បី​ពិភាក្សា​និង​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន ដែល​ទាក់ទិន​ទៅនឹង​ការដឹកជញ្ជូន និង​នីតិវិធី​បំពេញបែបបទ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ជាងនេះទៅទៀត​នៅក្នុង​អាស៊ាន​។

លោក​បាន​បញ្ជាក់ថា​៖«​កិច្ចពិភាក្សា​នៅពេលនោះ គឺ​ប្រទេស​អាស៊ាន​មួយចំនួន​ក៏បាន​ធ្វើ​បទ​បង្ហាញ​ទាក់ទិន​ពី​បញ្ហា​នៅក្នុង​ប្រទេស​របស់គេ​រៀងៗ​ខ្លួន រីឯ​យើង​ក៏បាន​ធ្វើ​បទ​បង្ហាញ​របស់​យើង​ផងដែរ​អំពី​របៀប​នាំចូល​និង​នាំចេញ​។ ដោយឡែក អ្វីដែល​យើង​ចង់បាន​នោះ គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យមាន​ភាពងាយស្រួល​ជាង​នេះ​បន្តទៀត គឺ​ការជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក ជាម​ធ្យោ​យ​បាយ​ទូទាត់​ប្រកបដោយ​ប្រសិទ្ធភាព​»​។


លោក​បាន​បន្ថែមថា​៖«​ខ្ញុំ​សូម​ស្នើឱ្យ​សមាជិក​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​ទាំងអស់ ដែល​បាន​រកស៊ី​នៅក្នុង​វិស័យ​ដឹកជញ្ជូន​ជួប​ការលំបាក​ត្រូវ​លើក​ពី​បញ្ហា​ប្រឈម និង​លើក​ជា​សំណើ ក៏ដូចជា សំណូមពរ​ផ្សេងៗ ដើម្បី​ខ្ញុំ​ប្រធាន​យក​សំណើ​ទាំងនោះ​ទៅ​ដោះស្រាយ​បន្តទៀត ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ​»​។

លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា បាន​ប្រាប់ឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២៣​នេះ​ថា សមាគម​និង​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ពិភាក្សាគ្នា​យ៉ាង​លម្អិត​ទាក់ទង​នឹង​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ដើម្បី​ព​ន្លឿ​ង​ការងារ​ទូទាត់​ប្រាក់ និង​នី​តី​វិធី​គយ ដែល​ប្រកបដោយ​ប្រសិទ្ធភាព សុក្រឹត្យភាព និង​លឿន​រហ័ស​។

លោក​បានបញ្ជាក់​បែបនេះ​ថា​៖«​នៅក្នុង​ជំនួប​ម្សិលមិញ​នេះ គឺមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ជំរុញ​ឱ្យ​កិច្ចការងារ​ផ្សេងៗ ជាពិសេស​ទាក់ទង​នឹង​ការបញ្ចេញ​ទំនិញ​ពី​គយ​ហ្នឹង​បាន​ឆាប់រហ័ស ចំណេញ​ពេលវេលា រួមទាំង​ការផ្តល់ជូន​នូវ​ប្រព័ន្ធ​ឌីជីថល​ឆ្លងកាត់​ធនាគារ ដែល​ធ្វើឱ្យ​យើង​បញ្ចេញ​ទំនិញ​ពី​គយ​បាន​ឆាប់​»​។

លោក បាន​បន្ថែមថា អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​សហការ​ផ្តល់នូវ​ប្រព័ន្ធ​នេះ​រួចស្រេច​ហើយ (Pre-arrival System) នៅឡើយ​តែ​ខាង​សមាគម កំពុង​រៀបចំ​ជាមួយ​សមាជិក​ចុះបញ្ជី ដើម្បី​ជំរុញ​ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ប្រកបដោយ​ភាពងាយស្រួល​៕​