លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ថ្លែងថា ការប្រែប្រួល​អាកាសធាតុ មិន​ត្រឹមតែ​បង្ក​ហានិភ័យ​ជា​រូបវន្ត​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹង​ប៉ះពាល់​ទៅលើ​សេដ្ឋកិច្ចសង្គម​ទាំងមូល ដោយ​គ្មាន​ព្រំដែន តាមរយៈ​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ អតិផរណា អត្រា​ការប្រាក់ ភាព​អត់​ការងារ​ធ្វើ រហូតដល់​អស្ថិរភាព​សេដ្ឋកិច្ច និង​សង្គម​ទាំងមូល​។

ការ​ថ្លែង​របស់​លោកស្រី​ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី ១០ ប្រចាំឆ្នាំ​២០២៣ ស្តីពី «​ហានិភ័យ​អាកាសធាតុ និង​អន្តរកាល​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​បៃតង​» សហការ​រៀបចំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ ២០២៣ នៅ​រាជធានី​ភ្នំពេញ​។


លោកស្រី​បានលើកឡើង​ទៀតថា ការ​សម្រេចយក ប្រធានបទ​ស្តីពី ហានិភ័យ​អាកាសធាតុ និង​អន្តរកាល​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​បៃតង នៅក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី​១០ ប្រចាំឆ្នាំ​២០២៣​នេះ ដោយសារតែ​មជ្ឈដ្ឋាន​ជាតិ តំបន់ និង​អន្តរជាតិ បាននិងកំពុង​ផ្តោត​ការយកចិត្តទុកដាក់​កាន់តែខ្លាំង ហើយ​បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បញ្ជ្រាប​បញ្ហា​នេះ​ទៅក្នុង​ការអនុវត្ត​គោលនយោបាយ​និង​សកម្មភាព​របស់ខ្លួន​។

លោកស្រី​បាន​បញ្ជាក់ថា​៖«​កម្ពុជា ក៏បាន​ដើរតួ​យ៉ាងសកម្ម ក្នុងការ​រួមចំណែក​កាត់បន្ថយ​បម្រែបម្រួល​អាកាសធាតុ និង​បាន​ប្តេជ្ញា​ដាក់ចេញ​គោលនយោបាយ ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​បៃតង​»​។


លោកស្រី​បាន​បន្ថែមថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែលមាន​ការបញ្ចេញ​ឧស្ម័ន​កាបូន​ទាប ប៉ុន្តែ​ជា​ប្រទេសមួយ​ដែល​ងាយ​រងគ្រោះ​នឹង​ការប្រែប្រួល​អាកាសធាតុ ជាពិសេស​តាមរយៈ​វិស័យ​កសិកម្ម​។

យោងតាម​របាយការណ៍​ដែល​ទើប​ចេញផ្សាយ​កាលពី​ចុងខែ​តុលា របស់​ធនាគារពិភពលោក កម្ពុជា កំពុង​រង​ផលប៉ះពាល់​ខ្លាំង​ពី​ការប្រែប្រួល​អាកាសធាតុ ដោយ​ភាពរាំងស្ងួត និង​ទឹកជំនន់ បាន​កើតមាន​ញឹកញាប់​និង​ខ្លាំង​ជាង​មុន ដោយ​ក្នុងនោះ​ផល​ស្រូវ​ត្រូវបាន​បាត់បង់​ប្រមាណ​១០០​លាន​ដុល្លារ ដោយសារ​ការរង​គ្រោះរាំងស្ងួត ដែល​បណ្តាលមកពី​បាតុភូត អែល​នី​ណូ កាលពី​ឆ្នាំ​ ២០១៩ ខណៈដែល​ទឹកជំនន់​នៅ​ខែកញ្ញា ឆ្នាំ​២០២២ បាន​ប៉ះពាល់​ដល់​ខេត្ត​ចំនួន​១៤ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ​៨,៥ ​ម៉ឺន​គ្រួសារ​។

លោកស្រី ជា សេរី បានបញ្ជាក់​បន្ថែមថា​៖«​ជាទូទៅ​ផលប៉ះពាល់ នៃ​ការប្រែប្រួល​អាកាសធាតុ បាន​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​កសិកម្ម ដោយផ្ទាល់ និង​វិស័យ​ដទៃទៀត​ដោយ​ប្រយោល​។ ដូចនេះ​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ទៅលើ​វិស័យ​កសិកម្ម អាច​បង្ក​ជា​បញ្ហា​សន្តិសុខ​ស្បៀង និង​ទំនិញ​ឡើងថ្លៃ ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជារួម​»៕​