ពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប ដែលបានប្រារព្ធធ្វើឡើងពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ និងទទួលបានការកោតសរសើរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ ខណៈរយៈពេល៣ថ្ងៃនេះទទួលបានភ្ញៀវទេសចរជាង ២៦ម៉ឺននាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ ស្តីពីព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍»។
សេចក្តីប្រកាសបញ្ជាក់ថា៖«ពិធីបុណ្យសមុទ្រ ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ធំមួយដែលបានឆ្លុះបញ្ចាំងពីភាពអស្ចារ្យល្អប្រណីតប្រកប ដោយភាពទាក់ទាញមិនធ្លាប់មាន ទាំងការរៀបចំបដិសណ្ឋារកិច្ច ស្តង់ពិព័រណ៍ ការរៀបចំពិធីបើក-បិទ ការអុជកាំជ្រួច ទស្សនីយភាពសម្ដែងសិល្បៈ កម្មវិធីកម្សាន្ត និងកម្មវិធីចម្រុះជាច្រើនទៀត»។ រួមទាំងសិក្ខាសាលាជំរុញការអភិវឌ្ឍទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការដាំដើមឈើនៅឆ្នេរសមុទ្រ ការបោះជំរំកាយរិទ្ធ ការជិះកង់កម្សាន្ត ការប្រកួតកីឡាគុនខ្មែរ កីឡាម៉ូតូទឹក កីឡាបាល់ទះលើឆ្នេរខ្សាច់ កីឡាប៉េតង់ ការបង្ហោះខ្លែង ការបង្ហោះគោម និងការលក់ម្ហូបអាហារ ទំនិញសម្បូរបែបគ្រប់ប្រភេទ ក្រោមការដឹកនាំសម្របសម្រួលរបស់គណៈកម្មការអន្តរក្រសួង រៀបចំពិធីបុណ្យសមុទ្រដែលមានការសហការយ៉ាងល្អពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកែប សហភាពសហព័ន្ធ យុវជនកម្ពុជា វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ដោយឡែក ស្តង់ពិព័រណ៍នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះ មានការចូលរួមដ៏ផុលផុសពីផ្នែកឯកជន រួមទាំងការផ្តល់ជូនកន្លែងជួលដោយមិនគិតថ្លៃចំពោះអាជ្ញាធរជាតិនានា ស្ត្រីមេម៉ាយ អតីតយុទ្ធជន មានចំនួនរហូតដល់៦០០ស្តង់ ដែលជាចំនួនច្រើនលើសលប់មួយ បំបែកឯតទគ្គកម្ម ពិធីបុណ្យសមុទ្រនាពេលកន្លងមក។
ប្រភពដដែលបន្តថា៖«ជាការកត់សម្គាល់ ព្រឹត្តិការណ៍បុណ្យសមុទ្រ ឆ្នាំ២០២៣នេះ មិនត្រឹមតែជាព្រឹត្តិការណ៍ទាក់ទាញ ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខេត្តតំបន់ឆ្នេរ និងការថែរក្សាធនធានធម្មជាតិជីវៈចម្រុះ ស្របតាមគោលការណ៍ «ស្អាត និងបៃតង»ដើម្បីនិរន្តរភាពទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះក៏បានក្លាយជាឱកាសដ៏មានតម្លៃមួយនៃជំនួបផ្ទាល់រវាងថ្នាក់ដឹកនាំឥស្សរជនជាន់ខ្ពស់ រដ្ឋមន្ត្រី អភិបាលខេត្ត ផ្នែកឯកជន និងប្រជាពលរដ្ឋទូទៅ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមពិធីបិទ-បើក នាពិធីបុណ្យសមុទ្រនេះ បានអបអរសាទរចំពោះជោគជ័យនៃការរៀបចំ ពិធីបុណ្យសមុទ្រនេះ ដែលមានអ្នកចូលរួមប្រមាណជា ២៦៦ ៤១៧ នាក់ ក្នុងរយៈពេលបីថ្ងៃនេះ។ លោកក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនសម្រាប់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធអនុវត្តរួមមាន បន្តថែរក្សាបរិយាកាស សុខសន្តិភាព ឱ្យបានពាសពេញផ្ទៃប្រទេស និងស្នើអាជ្ញាធរខេត្ត តំបន់ឆ្នេរសមុទ្រទាំង៤ និងប្រជាពលរដ្ឋក្នុងខេត្តទាំង៤រួមគ្នារក្សា ឱ្យបាននូវកិត្តិនាមជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ឱ្យស័ក្តិសមជាកិត្តិនាម«តារារះនាទិសនិរតី»។
ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់ឆ្នេរ ជាពិសេសការកសាង ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ត្រូវពង្រីកពីតំបន់មួយទៅតំបន់មួយ ការតភា្ជប់តាមផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ដើម្បីបង្កភាពងាយស្រួលដល់ទេសចរធ្វើដំណើរផ្ទៃក្នុងប្រទេសពីតំបន់ប្រាសាទ និងតំបន់ទេសចរណ៍ផ្សេងៗទៀតមកកាន់តំបន់ឆ្នេរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ជាពិសេសនៅតំបន់ទេសចរណ៍ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា សន្តិសុខ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរនៅគ្រប់គោលដៅទេសចរណ៍ និងមិនត្រូវធ្វើឱ្យតំបន់គោលដៅទេសចរណ៍ទាំងនេះ រួមទាំងតំបន់ឆ្នេរសមុទ្រក្លាយជាតំបន់ជ្រកកោននៃការប្រើប្រាស់គ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនឡើយ៕