​ភ្នំពេញៈ ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​ទំនិញ​ទៅ​ប្រទេស​វៀតណាម ​បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ជាក់ស្តែង​ក្នុង​រយៈពេល ១១​ ខែ​ដើមឆ្នាំ​២០២៣ ការនាំ​ទំនិញ​ទៅ​វៀតណាម​សម្រេចបាន​ក្នុង​ទឹកប្រាក់​ជាង ២,៦​ ពាន់​លាន​ដុល្លារ ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ជិត ៦​ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​

​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិ​របស់ GDCE បង្ហាញថា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​វៀតណាម ចាប់ពី​ខែមករា​-​វិច្ឆិកា ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់ ២,៦១​ ពាន់​លាន​ដុ​ល្លារ កើន ៣៧,៨​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ ​២០២២ ចំណែក​ទំនិញ​ដែល​វៀតណាម​នាំមក​កម្ពុជា​វិញ​មាន​ចំនួន ៣,២៧ ​ពាន់​លាន​ដុល្លារ ថយចុះ ៩,៧ ​ភាគរយ​។​ ផ្អែក​តាម GDCE ទឹកប្រាក់​នាំចេញ​-​នាំចូល​ទំនិញ​ប្រទេស​ទាំង ២ មាន​ចំនួន ៥,៨៨​ ពាន់​លាន​ដុល្លារ​កើន ៦,៦​ ភាគរយ​។ 


​វៀតណាម​នៅ​លេខ​រៀង​ទី៣ ជា​ប្រទេស​មាន​ទឹកប្រាក់​នាំចេញ​-​នាំចូល​ទំនិញ​ជា​​មួយ​កម្ពុជា​ច្រើនជាងគេ​បន្ទាប់ពី​ចិន និង​អាមេរិក​។ បើ​ពិនិត្យ​លើ​ស្ថានភាព​ជញ្ជីងពាណិជ្ជកម្ម គឺ​កម្ពុ​ជាមាន​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម ៦៥៥,០៥ ​លាន​ដុ​ល្លារ ដែលជា​ចំនួន​ល្អប្រសើរ​ច្រើន​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន​រហូតដល់ ១,៧២​ ពាន់​លាន​ដុល្លារ​។​

GDCE ឱ្យដឹងទៀតថា សម្រាប់​ខែ​វិច្ឆិកា ឆ្នាំ​ ២០២៣ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ មាន​សរុប ៦០០,៨៣​ លាន​ដុល្លារ កើន ១៧,៧៧​ ភាគរយ ដោយ​កម្ពុជា​នាំទៅ​វៀតណាម ៣៤៩,៨១ ​លាន​ដុល្លារ កើន ៥១,៩​ ភាគរយ និង​វៀតណាម​នាំចូល ២៥១ ​លាន​ដុល្លារ ធ្លាក់ចុះ ១០,៣ ​ភាគរយ​។​


​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​​​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២៤ ថា ការ​កើនឡើង​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក ពិសេស​ទិន្នផល​កសិកម្ម បាន​ជួយ​ឱ្យ​ការនាំចេញ​របស់​កម្ពុជា​ទៅ​វៀតណាម កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ មូល​ហេតុដែល​ភាគច្រើន​នៃ​ទំនិញ​កម្ពុជា​នាំ​ចេញទៅ​វៀតណាម​ជា​ផលិតផល​កសិកម្ម គឺ​ដោយសារ​កម្ពុជា​នៅមាន​បញ្ហា​ប្រឈម​ច្រើន​ទាក់ទង​នឹង​សមត្ថ​ភាពឃ្លាំង​ស្តុក ឡស​ម្ងួ​ត ថវិកា និង​ជាពិសេស​កង្វះខាត​រោងចក្រ​កែច្នៃ​។ លោក​បន្តថា ម្យ៉ាងទៀត​ប្រទេស​វៀតណាម ក៏​ជា​ច្រក​សំខាន់​សម្រាប់​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ផ្សេងៗ​ទៀតផង​ដែរ​។​

​លោក​បន្ថែមថា​៖ «​ក្នុងនាម​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា និង​មាន​ទំនាក់ទំនង​ការទូត​ល្អ គឺ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រ​ជា​ជន​ប្រទេស​ទាំង ​២ ប្រាកដជា​កើន​ខ្ពស់​ថែមទៀត ជាពិសេស​ការនាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​»​។​

​បើតាម​លោក លឹម ហេង ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា នាំទៅ​វៀតណាម រួមមាន​ដូចជា ស្រូវ​, កៅស៊ូ​, ស្វាយចន្ទី​, ដំឡូង​មី ពោត ចេក ស្វាយ ថ្នាំជក់ និង​ធនធានធម្មជាតិ ចំណែក​វៀតណាម​នាំមក​កម្ពុជា គឺ​សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ គ្រឿង​អេឡិចត្រូនិក អគ្គិសនី ជី​កសិកម្ម និង​គ្រឿងទេស ជាដើម​។​

​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់​ដា​រ៉ា បាន​និយាយថា ចរាចរណ៍​ទំនិញ និង​មនុស្ស​រវាង​ប្រទេស​ទាំង​ ២  បានបង្ហាញ​ភាព​ពី​កំណើន​ជា​បន្តបន្ទាប់ ហើយ​វា​នឹងមាន​សម្ទុះ​ខ្លាំង​ថែមទៀត​នៅពេល​ផ្លូវ​ល្បឿន​លឿន​រវាង​ភ្នំពេញ​-​បាវិត ​(​ព្រំដែន​វៀតណាម​)​ បើក​ដំណើរការ​។​

​លោក​អះអាងថា​៖«​ការធ្វើឱ្យ​ប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​បើកឱកាស​ឱ្យ​ការផ្លាស់ប្តូរ​ទំនិញ និង​ភ្ញៀវ​ទេសចរ​ប្រទេស​ទាំង​ ២ បោះជំហាន​ទៅមុខ​កាន់តែ​លឿន​។ ខ្ញុំ​ជឿថា ការធ្វើ​ពា​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ ២ នឹង​កើន​​ឡើង​កាន់តែ​ខ្ពស់​នាពេល​អនាគត​»​។​

​ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម មាន​ទឹកប្រាក់​សរុប ៦,១៣​ ពាន់​លាន​ដុល្លារ កើន ១៩,៦​ ភាគរយ​ធៀប​ឆ្នាំ​ ២០២១​។ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម ២,១៧ ​ពាន់​លាន​ដុល្លារ កើន ៩,២ ​ភាគរយ និង​វៀតណាម​នាំចូល​វិញ ៣,៩៧​ ពាន់​លាន​ដុល្លារ កើន ២៦,២ ​ភាគរយ​។ នេះ​បើ​យោងតាម GDCE៕