​ភ្នំពេញៈ ភ្ញៀវ​បរទេស​ចំនួន​ជិត ៨០ ​ម៉ឺន​នាក់ ​បាន​ទិញ​សំ​បុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ឆ្នាំ ​២០២៣ ដែល​ជួយ​ឱ្យ​គ្រឹះស្ថាន​អង្គរ រក​ចំណូល​ពី​ការលក់​សំបុត្រ​បាន​ជាង ៣៧​ លាន​ដុល្លារ កើនឡើង ២២២ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​គ្រឹះស្ថាន​អង្គរ​។​

​គ្រឹះស្ថាន​អង្គរ គឺជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល​ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៦ ដោយ​ស្ថិតក្រោម​អាណា​ព្យា​បាល​បច្ចេកទេស​របស់​ក្រសួងទេសចរណ៍ និង​ក្រោម​អាណា​ព្យាបាល​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ការ​ប្រមូល​ចំណូល​របស់​គ្រឹះស្ថាន​អង្គរ គឺ​រួមមាន រមណីយដ្ឋាន​អង្គរ ប្រាសាទ​កោះ​កេរ និង​សំ​បុត្រ​ទូក​កំពង់ផែ​ចុង​ឃ្នៀ​ស​។ សម្រាប់​តម្លៃ​សំបុត្រ​ចូល​ទស្ស​នា​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ចែកចេញជា ៣ ប្រភេទ គឺ​សំបុត្រ​ចូល​ទស្សនា ១​ ថ្ងៃ​មានតម្លៃ ៣៧​ដុល្លារ​, រយៈពេល ៣ ​ថ្ងៃ​តម្លៃ ៦២ ​ដុល្លារ និង ៧​ ថ្ងៃ មានតម្លៃ ៧២​ ដុល្លារ​។​


​សេចក្តីប្រកាស​ព័ត៌មាន​គ្រឹះ​ស្ថាន​អង្គរ ចេញផ្សាយ​កាលពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២៤ ឱ្យដឹងថា ចាប់ពី​ខែមករា​-​ខែធ្នូ ឆ្នាំ​ ២០២៣ មាន​ភ្ញៀវ​បរទេស​ចំនួន ៧៩៨ ០៦៩​ នាក់​បាន​ទិញ​សំ​​បុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ កើនឡើង ១៧៧,៦៣ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២២ ចំណែក​ប្រាក់​ភ្ញៀវ​ដែល​ប្រមូលបាន​ពី​ការលក់​សំបុត្រ​មាន​សរុប ៣៧ ១៩៨ ៩៨៨ ​ដុល្លារ កើន ២២២,៦៨​ ភាគរយ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ក្រៅពី​ចំណូល​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរ​ទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គ្រឹះស្ថាន​អង្គរ ក៏​រកបាន​ប្រាក់ ២២២ ០៩០​ ដុល្លារ​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ទស្សនា​តំបន់​ប្រាសាទ​កោះ​កេរ​ចំនួន ១៤ ៨០៦ ​នាក់​, និង​ប្រាក់​ចំនួន ៥៦៤ ៦៧១​ ដុល្លារ​ពី​ការលក់​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស​ផងដែរ​។​


​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរ​ណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។

កំណើន​នេះ​ គឺ​ដោយសារ​កត្តា​រួមផ្សំ​មួយចំនួន​ដូចជា ការបិទ​បញ្ចប់​ស្ទើរ​ទាំងស្រុង​ពី​ក្តីបារម្ភ​ពី​ការឆ្លង​រាលដាល​កូ​វីដ​ ១៩, ការបើក​ដំណើរ​កាន់តែច្រើន​របស់​ជើង​​ហោះហើរ​អន្តរជាតិ​ត្រង់​មក​កម្ពុជា​, ការ​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ក្នុងស្រុក​,​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​ត្រូវបាន​ធ្វើឡើង​កាន់តែ​ទូលំទូលាយ និង​មាន​ភាព​ទាក់ទាញ​ជាង​មុន​។ លោកស្រី​ប្រាប់ទៀតថា សម្រាប់​ភ្ញៀវ​បរទេស​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​ភាគច្រើន​គឺ​មកពី​ប្រ​ទេស​ជិតខាង និង​ក្នុង​តំបន់​អាស៊ី​។​

​លោកស្រី​ថ្លែងថា​៖ «​ចំនួន​ភ្ញៀវ​បរទេស​ដែល​មក​កម្ពុជា គឺ​បង្ហាញ​ពី​ការ​ងើបឡើង​វិញ​ជា​បណ្តើរៗ​ហើយ ខណៈ​បច្ចុប្បន្ន​ទាំង​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ និង​ផ្នែក​ឯកជន​កំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យ​ចូលមក​កម្ពុជា​កាន់តែ​ច្រើន​»​។​

​លោកស្រី​បន្តថា ការកសាង​ព្រលាន​យន្តហោះ​ថ្មី និង​ការរៀបចំ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​កាន់តែ​ល្អ ក៏​ជា​ចំណែក​ក្នុងការ​ទាក់ទាញ​ទេសចរ និង​អ្នកវិនិយោគ​ឱ្យធ្វើ​ដំណើរ​មក​កម្ពុ​ជាកា​ន់​តែ​ច្រើន​ដែរ​។​

​លោក អន​ហេង សុ​ភ័​ក្រ ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា ​(​ខេត្តសៀមរាប​) បាន​ប្រាប់ថា សម្រាប់​ឆ្នាំ​ ២០២៣ កន្លងមក ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា​គឺ​ពិតជា​កើនឡើង​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​សម្រាប់​ឆ្នាំ​ ២០២៤ លោក​ពុំទាន់​ហ៊ាន​សន្និដ្ឋាន​បែបណា​ទេ​។​

​លោក​ថ្លែងថា​៖ «​សម្រាប់​ឆ្នាំ​ ២០២៤ យើង​ពុំទាន់​ដឹងថា តើ​នឹង​មានការ​កើន​ឡើង​កម្រិតណា​ទេ ប៉ុន្តែ​យើង​មាន​សុទិដ្ឋិនិយម​ថា វា​អាច​នឹង​មានការ​កើន​ឡើង​ច្រើនជាង​ឆ្នាំ ​២០២៣ ជាពិសេស​ភ្ញៀវទេសចរ​ចិន ព្រោះ​ឆ្នាំ​ ២០២៤ គឺជា​ឆ្នាំ​ផ្លាស់ប្ដូរ​វប្បធម៌ និង​ប្រជាជន​កម្ពុជា​-​ចិន​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ ២ បានកំណត់​យក ហើយនឹង​មានការ​ជំរុញ​ផ្សព្វ​​ផ្សាយ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ឱ្យមក​ទស្សនា​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​»​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​​អង្គរ លោក ខៀវ ធី បាន​លើកឡើងថា បើ​និយាយ​ពី​ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​កម្សាន្ត​នៅតាម​ប្រាសាទបុរាណ​ក្នុង​ខេត្តសៀមរាប គឺ​កើនឡើង​ច្រើន​ធៀប​នឹង​រយៈពេល ២-៣​ ឆ្នាំមុន ប៉ុន្តែ​បើ​ធៀប​នឹង​មុន​ការផ្ទុះ​កូ​វីដ​ ១៩ (​ឆ្នាំ​២០១៩) គឺ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។ ឆ្នាំ​ ២០២៣ គេ​អាច​ចាត់ទុកជា​ពេល​នៃ​ការ​ងើប​ចេញពី​វិបត្តិ​របស់​វិស័យ​ទេសចរណ៍​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា​។​

​លោក​បន្ថែមថា ទោះ​ក្នុង​ឆ្នាំ​ ២០២៤ នេះ​វិស័យ​ទេសចរណ៍​ត្រូវបាន​រំពឹងថា នឹងមាន​ភាពល្អប្រសើរ​ធៀប​ឆ្នាំ​ ២០២៣ ប៉ុន្តែ​ក៏​ទាមទារ​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវខិតខំ​រួមគ្នា​ទាំង​ការ​បម្រើសេវា តម្លៃ និង​ការបង្កើតឱ្យមាន​ទីតាំង​សម្រាប់​កម្សាន្ត និង​លក់​ផលិតផល​អនុស្សាវរីយ៍​ដែលមាន​គុណភាព ជាដើម​។ សកម្មភាព​ទាំងអស់នេះ គឺ​មិន​គ្រាន់តែ​ទាក់ទាញ​ភ្ញៀវ​ឱ្យមក​កម្សាន្ត​កាន់តែច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើឱ្យ​ពួកគេ​ស្នាក់នៅ​កម្ពុជា​បាន​កាន់តែ​យូរ​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​ការខិតខំ​រួមគ្នា​រវាង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន គឺ​ពិត​ជាមាន​ភាពចាំបាច់​ក្នុងការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​បរទេស​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន​»​។​

​ឆ្នាំ​ ២០២២ គ្រឹះស្ថាន​អង្គរ​រក​ចំណូល​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​បាន ១១,៧៨ ​លាន​ដុល្លារ ក្នុងនោះ​ចំណូល​ពី​រមណីយដ្ឋាន​អង្គរ ១១,៥៣​ លាន​ដុល្លារ​, ប្រាសាទ​កោះ​កេរ ៩០ ៤៥០​ ដុល្លារ និង​កំពង់ផែ​ចុង​ឃ្នៀ​ស ១៦៥ ៣០៨ ​ដុល្លារ​។ ជាមួយនឹង​កំណត់ត្រា​ទេសចរ​បរទេស​ច្រើន​បំផុត​នៅក្នុង​ឆ្នាំ​ ២០១៩ ដែលមាន​ជាង ៦,៦​ លាន​នាក់ គឺ​គ្រឹះស្ថាន​អង្គរ​រកចំណូលបាន​ជា​ង ៨០,៧​ លាន​ដុល្លារ​៕