ភ្នំពេញៈ ម្រេច​ប្រមាណ​ជាង ៦​ ពាន់​តោន​ ត្រូវបាន​កម្ពុជា​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​ក្រៅប្រទេស​ក្នុង​ឆ្នាំ ​២០២៣ ធ្លាក់ចុះ​ជិត ២៧ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ខណៈ​អ្នក​នៅក្នុង​ផលិតកម្ម​ម្រេច​អះអាងថា ការធ្លាក់ចុះ​នេះ​ដោយសារ​ប្រជា​កសិកម្ម និង​ម្ចាស់​ចម្ការ​ម្រេច​មួយចំនួន​មិន​បញ្ចេញ​លក់ ព្រោះ​តម្លៃ​ទាប​។​

របាយការណ៍​ប្រចាំឆ្នាំ​២០២៣ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យដឹងថា ចន្លោះ​ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០២៣ កម្ពុជា​បាន​នាំចេញ​កសិផល​សរុប ៨ ៤៤៩ ៤១៤,៣៦ ​តោន ធ្លាក់ចុះ ១,៩​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ក្នុងនោះ​ការនាំចេញ​ម្រេច​មាន​ចំនួន ៦ ១៥២,៨៣​​តោន ធ្លាក់ចុះ ២៦,៧៦​ ភាគរយ​។​


ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា លោក ម៉ាក នី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១០ ខែមករា ថា វិបត្តិ​សេដ្ឋកិច្ច​សកល​បានធ្វើឱ្យ​ការបញ្ជាទិញ​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ​ភាគច្រើន ក្នុងនោះ​ក៏មាន​ផលិតផល​ម្រេច​ផងដែរ​។ សម្រាប់​មូលហេតុ​ ដែលនាំឱ្យ​បរិមាណ​ម្រេច​នាំចេញ​ក្នុង​ឆ្នាំ​២០២៣ ធ្លាក់ចុះ គឺ​ដោយសារតែ​តម្លៃ​ម្រេច​នៅ​ទីផ្សារ​អន្តរជាតិ​ចុះ​ទាប​។ លោក​បន្តថា តម្លៃ​ទាប​បាន​ជំរុញ​ឱ្យ​កសិករ និង​ម្ចាស់​ចម្ការ​ម្រេច​មួយចំនួន​សម្រេច​រក្សា​ទុក​ម្រេច​មួយរយៈ​សិន​ដើម្បី​រង់ចាំ​ឱ្យ​តម្លៃ​កើនឡើង​វិញ​។ នៅពេល​កសិករ និង​ម្ចាស់​ចម្ការ មិន​បញ្ចេញ​លក់ ការប្រមូលទិញ​របស់​ឈ្មួញ​ដើម្បី​នាំចេញ​ក៏​ស្រុតចុះ​តាម​នោះដែរ​។​

បើតាម​លោក ម៉ាក នី ក្នុង​ឆ្នាំ​២០២៣ ម្រេច​ធម្មតា​មានតម្លៃ​ជា​មធ្យម​ក្នុង​រង្វង់ ១២ ០០០​ រៀល​ ក្នុង ១ ​គីឡូក្រាម ធ្លាក់ចុះ​ពី​ប្រហែល ១៤ ០០០​ រៀល​ ក្នុង​ឆ្នាំ​២០២២ ប៉ុន្តែ​ចាប់ពី​ចុងឆ្នាំ​២០២៣ មក​តម្លៃ​ម្រេច​នៅ​ទីផ្សារ​កម្ពុជា​ បានចាប់ផ្តើម​កើនឡើង​វិញ​បណ្តើ​រហើយ​។​


លោក​បាន​ថ្លែងថា​៖«​ការនាំចេញ​ធ្លាក់ចុះ គឺ​មិនមែន​ដោយសារ​ទិន្នផល​ម្រេច​ធ្លាក់ចុះ​នោះទេ ប៉ុន្តែ​ដោយសារ​តម្លៃ​ដែល​ឈ្មួញ​ប្រមូល​ទិញ​ទាប​ជាង​ឆ្នាំ​២០២២​។ សម្រាប់​ឆ្នាំ​២០២៤ នេះ​យើង​មាន​សុទិដ្ឋិនិយម​ថា តម្លៃ​ម្រេច​នៅ​ទីផ្សារ​អន្តរជាតិ​នឹង​កើនឡើង​វិញ ហើយ​ការនាំចេញ​ក៏​នឹងមាន​សម្ទុះ​ឡើង​ច្រើន​ដែរ​»​។​

បើតាម​លោក ម៉ាក នី ប្រទេស​វៀតណាម គឺជា​អតិថិជន​ធំ​ទី​១ របស់​កម្ពុជា​ដែល​តែង​មក​ប្រមូល​ទិញ​ម្រេច​ជា​រៀងរាល់ឆ្នាំ ដោយ​អាច​គ្របដណ្តប់​ជាង ៨០​ភាគរយ​(​លើកលែង​ម្រេច​កំពត​-​កែប ដែលជា​ផលិតផល GI) នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​។​

កាលពីដើមឆ្នាំ​២០២៣ ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា ធ្លាប់បាន​និយាយថា ជាទូទៅ​កម្ពុជា​អាច​ផលិត​ម្រេច​(​ធម្មតា​) បាន​ក្នុង​រង្វង់ ១,៧ ទៅ ២ ម៉ឺន​តោន​ក្នុង ១ ឆ្នាំ លើ​ផ្ទៃដី​ដាំ​ម្រេច​សរុប​ជិត ៧០០០ ហិកតា តែ​បច្ចុប្បន្ន​បាន​ថយចុះ​ប្រមាណ​ពី ១០ ទៅ ២០ ភាគរយ​។ លោក​អះអាងថា ការដាំដុះ​ម្រេច​គឺ​ភាគច្រើន​សម្រាប់​បំពេញតម្រូវការ​នាំចេញ​ប៉ុណ្ណោះ ដោយសារ​ការប្រើប្រាស់​ម្រេច​ក្នុងស្រុក​មាន​តិចតួច​គឺ​ប្រមាណ​៥-៧​ភាគរយ​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ​។​

​ចំណែក​ប្រធាន​សមាគម​ម្រេច​លើកកម្ពស់​កំពត លោក ងួន ឡាយ បានឱ្យដឹងថា ទោះបី​ការនាំចេញ​ម្រេច​ធម្មតា​បាន​ធ្លាក់ចុះ ប៉ុន្តែ​សម្រាប់​ម្រេច​កំពត​ដែលជា​ផលិតផល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​(GI) គឺ​រក្សា​នៅក្នុង​រង្វង់​ប្រហែល ១០០​តោន​ជា​រាល់​ឆ្នាំ​។ មូលហេតុ​ដែល​ម្រេច​កំពត​មិន​ជួប​បញ្ហា​ទីផ្សារ គឺ​ដោយសារ​ម្រេច​កំពត​មាន​គុណភាព​ស្តង់ដា និង​មានការ​ចុះបញ្ជី​ទទួលស្គាល់​គុណភាព​ច្បាស់លាស់​ពី​អាជ្ញាធរ​។ ភាគច្រើន​នៃ​ម្រេច​កំពត គឺ​ត្រូវបាន​ក្រុមហ៊ុននាំចេញ​ធ្វើ​កិច្ចសន្យា​ទិញ នៅ​មុនពេល​ប្រមូល​ផល​ជា​រៀងរាល់ឆ្នាំ​។​

​លោ​កប​បញ្ជាក់ថា​៖«​ទិន្នន័យ​ដែលថា​ការនាំចេញ​ម្រេច​ក្នុង​ឆ្នាំ​២០២៣ ធ្លាក់ចុះ គឺ​កើតមាន​សម្រាប់​ម្រេច​ធម្មតា​ប៉ុណ្ណោះ ដោយឡែក​សម្រាប់​ម្រេច​កំពត​ការនាំចេញ​គឺមាន​ដំណើរការ​ទៅមុខ​ធម្មតា​»​។​

​បើតាម​លោក ងួន ឡាយ ចាប់តាំងពី​ឆ្នាំ​២០១៥ មក​តម្លៃ​ម្រេច​កំពត​(GI) មិន​ប្រែប្រួល​ឡើយ ដោយ​ម្រេចខ្មៅ មានតម្លៃ​មធ្យម ១៥​ដុល្លារ​ក្នុង ១​គីឡូក្រាម​, ម្រេច​ក្រហម ២៥​ដុល្លារ និង​ម្រេចស ២៨​ដុល្លារ​។ តាម​ការប៉ាន់ស្មាន​ទិន្នផល​ម្រេច​ដែល​ប្រមូលបាន​ក្នុង ១ ឆ្នាំ គឺ​ក្នុង​រង្វង់​ប្រហែល ១០០ តោន​។​

បើតាម​លោក ងួន ឡាយ ប្រសិនបើ​អាកាសធាតុ​អំណោយផល ក្នុង ១ ឆ្នាំ ដី ១ ហិកតា (​ដាំ​បាន​ប្រហែល ២ ៥០០​ ដើម​) គេ​អាច​ប្រមូល​ផល​ម្រេច​កំពត​បាន​ប្រហែល ១ ៥០០​គីឡូក្រាម​។​

បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រទេស​កម្ពុជា មាន​ខេត្ត​ចំនួន​១៨ ដែលមាន​ការដាំដុះ​ម្រេច នៅក្នុង​នោះ​ខេត្ត ដែល​សម្បូរ​ការដាំដុះ​ម្រេច​ច្រើន​ដែរ មាន ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ត្បូងឃ្មុំ និង​ខេត្តកំពត​។ កម្ពុជា ក៏បាន​នាំចេញ​ម្រេច​ទៅកាន់​ប្រទេសមួយ​ចំនួន​ផងដែរ​ដូចជា វៀតណាម អាល្លឺម៉ង់ ថៃ បារាំង ឥណ្ឌា បែលហ្ស៊ិក កោះ​តៃវ៉ាន់ សាធារណរដ្ឋ​ឆែក ប៉ូឡូញ ជប៉ុន រុស្សី កូរ៉េ សិង្ហ​បុរី និង​បណ្តា​ប្រទេស​មួយចំនួន​