​ភ្នំពេញៈ កម្ពុជា និង​ថៃ បាន​បន្ត​ប្តេជ្ញា​ជំរុញ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេសជិតខាង​អាស៊ាន​ទាំង ២ ​ឱ្យ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​មួយកម្រិត​ទៀត ខណៈ​អតីត​មេដឹកនាំ​ប្រ​ទេស​ទាំង ​២ ​សន្យា​នឹង​សម្រេច​ឱ្យបាន​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន ១៥​ ពាន់​លាន​ដុល្លារ នា​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។​

​ក្នុងជំនួប​សម្តែង​ការគួរសម​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅ​វិមាន​សន្តិ​ភាព កាលពី​ថ្ងៃទី ​១០ ខែមករា លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូត​ថៃ​ដែល​ទើប​តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា បានទទួល​ស្គា​ល់ពី​ការរីកចម្រើន​នៃ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេ​​ភាគី​រវាង​ប្រទេសជិតខាង​ទាំង​ ២ ខណៈ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក៏​កាន់តែ​រីកចម្រើន​ផងដែរ​។​


​លោក Cherdkiat បានឱ្យដឹងថា​៖ «​ដោយមាន​ការប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំង ​២ នាពេលនេះ ទំនាក់ទំនង​សេដ្ឋកិច្ច និង​ទំនាក់​ទំនង​ប្រជាជន មាន​ភាពរឹងមាំ និង​ជិតស្និទ្ធ​កាន់តែខ្លាំង​»​។​

​លោក​ក៏បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ កាលពី​ខែកញ្ញា ឆ្នាំ​ ២០២៣ ហើយ​ភាគី​ថៃ​ក៏​កំពុង​រង់ចាំ​ស្វា​​គម​ន៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត សម្រាប់​ដំណើរ​ទស្សន​​កិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ថៃ​នាពេល​ឆាប់ៗ​នេះដែរ​។​


​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​កោតសរសើរ​ផងដែរ​ចំពោះ​ការធ្វើឱ្យ​ប្រសើរឡើង​ដ៏​ល្អ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង ​២ ​កាន់តែ​រីកចម្រើន និង​រឹងមាំ​។ លោក​ក៏បាន​ចង្អុលបង្ហាញ​ពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​សក្តានុពល​ផ្សេងទៀត រួមមាន​ពាណិជ្ជកម្ម ទេសចរ​​ណ៍ និង​ទំនាក់ទំនង​រវាង​ប្រជា​ជន និង​ប្រជាជន​។​

​អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​កម្ពុជា បាន​សន្យាថា នឹង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យសម្រេចបាន ១៥​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ តាមរយៈ​ការសម្របសម្រួល​ការដោះដូ​រ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន និង​ជំរុញ​លំហូរ​នៃ​ការ​វិនិយោគ​រវាង​គ្នា និង​គ្នា​។​

​លោក សរ សារិន អនុប្រធាន​ជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​​កម្ពុជា ​(CBC)​ ដែលមាន​មូល​ដ្ឋា​ន​នៅក្នុង​ទីក្រុង​បាងកក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នាពេល​ថ្មីៗ​នេះ​ថា ប្រទេស​ថៃ​នៅតែ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​មួយ​របស់​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន អាមេរិក និង​វៀតណាម​។

លោក​រំពឹងថា នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ទាំង ​២ ​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា​រួចហើយ នឹង​ជួយ​បង្កើន​ទំនុកចិត្ត​ដល់​វិនិយោគិន​កម្ពុជា និង​ថៃ​បន្ថែមទៀត​។​

​លោក​ថ្លែងថា​៖ «​យើង​ជឿថា ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ ២ អាច​ពង្រីក​បន្ថែមទៀត ដោយសារ​ទំនាក់​ទំនង​ដ៏​ល្អ​រវាង​មេដឹកនាំ​។ ការ​​ណ៍​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​វិនិយោគិន​។​

​លោកស្រី Jiranun Wongmonkol ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​នៅ​កម្ពុជា ​(TBCC) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុម​ហ៊ុន​ថៃ​ជាច្រើន​ដូចជា Big C នឹង​សង់​ផ្សារ​ទំនើប Big C នៅ​ភ្នំពេញ បន្ទាប់ពី​បញ្ចប់​ការ​សាង​សង់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោកស្រី​ថ្លែងថា​៖ «​នៅពេល​ក្រុមហ៊ុន​ធំៗ​របស់​ថៃ រួមមាន CP Group និង GTC Group ពង្រីក​អាជីវកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា វា​នឹង​ជំ​រុញឱ្យ​អាជីវកម្ម​ផ្សេងទៀត ពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងប្រទេស​ថៃ ពិចារណា​ចូលមក​កម្ពុជា​ដែរ​។ ខ្ញុំ​ជឿថា រដ្ឋា​ភិ​បាល​ថ្មី​នឹង​ធានាថា​ពាណិជ្ជកម្ម​ទ្វេភាគី​នឹង​សម្រេចបាន ១៥​ ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់ៗ​។ នេះ​ជាការ​សន្យា​ដែល​បាន​ធ្វើឡើង​ដោយ​អតីត​នា​យក​រដ្ឋមន្ត្រី​»​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាបានឱ្យដឹងថា ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ ក្នុង​រយៈពេល ៣ ​ត្រីមាស ឆ្នាំ​ ២០២៣ មានទឹក​​ប្រា​ក់ជាង ២,៨ ​ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ​ជិត ១៨​ ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២២៕