​ភ្នំពេញៈ បើទោះបី​ចរន្ត​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ទូទាំង​ពិភព​​លោក​កាលពី​ឆ្នាំ​​ ២០២៣ បាន​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ជា​បន្តបន្ទាប់​ដែល​បណ្តាលមកពី​វិបត្តិ​នៃ​ជម្លោះ​ភូមិសាស្ត្រ​ន​យោ​បាយ​រវាង​ប្រទេស​មហាអំណាច​ធំៗ និង​ជម្លោះ​ប្រដាប់អាវុធ​នៅក្នុង​ប្រទេស​មួយចំនួន ក៏​សមត្ថ​​ភាព​នៃ​កម្លាំង​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មិនបាន​ធ្លាក់ចុះ​ឡើយ ដោយ​សម្រេចបាន​ក្នុង​ទឹកប្រាក់​ជាង ២២​ ពាន់​លាន​ដុល្លារ កើនឡើង​តិចតួច​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២​។​

​របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញផ្សាយ​នៅក្នុង​ថ្ងៃទី​ ១០ ខែមករា ឆ្នាំកម្ពុជា​នាំចេញ​ទំនិញ​មានទឹក​ប្រាក់​ជាង ២០ ពាន់​លាន​ដុល្លារ​ ​២០២៤ ឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២៣ កម្ពុជា​ប្រមូលបាន​ប្រា​ក់ជាង ២២,៦៥ ​ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ កើនឡើង ១,៨ ​ភាគរយ​ ពី​ចំនួន ២២,២៥​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២២​។ ទន្ទឹមនឹង​ការនាំចេញ​នេះ កម្ពុជា​ក៏បាន​នាំចូល​ទំនិញ​ពី​ក្រៅ​ប្រ​​ទេស​ក្នុង​ទឹកប្រាក់ ២៤,១៨ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៥​ ភាគរយ ​ពី​ចំនួន ២៥,៤៦ ​ពាន់​លាន​ដុល្លារ​។​


​ផ្អែក​តាម​ទិន្នន័យ​ខាង​លើ គឺ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​សរុប ៤៦,៨៣ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១,៩​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២២​។ ចំនួន​ទឹកប្រាក់​នាំ​ចេញ​-​នាំចូល​ទំនិញ​នេះ​បានធ្វើឱ្យ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៣ មាន​ឱនភាព​ប្រមាណ​ ១,៥៤​ ពាន់​លាន​ដុ​​ល្លារ ប៉ុន្តែ​វា​មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​ ២០២២ ដែល​ឱនភាព​មាន​រហូតដល់ ៣,២១ ​ពាន់​លាន​ដុល្លារ​។ ប្រទេស​ដែល​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​សំខាន់ៗ​មាន​ដូច​ជា ចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និង​អាល្លឺម៉ង់ ជាដើម​។​

GDCE បានឱ្យដឹង​ទៀតថា សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​ខែធ្នូ ឆ្នាំ​ ២០២៣ គឺមាន​ទឹកប្រាក់​សរុប ៤,៣៣ ​ពាន់​លាន​ដុល្លារ កើន ២,៩៨ ​ភាគរយ​។ ទំនិញ​កម្ពុជា​នាំទៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន ២,១៥​ ពាន់​លាន​ដុល្លារ កើន ៧,១ ​ភាគ​​រយ និង​នាំចូល ២,១៧៣ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ០,៨​ ភាគរយ​។​


​អ្នកជំនួញ​មាន​សុទិដ្ឋិនិយម​ថា ការ​នាំចេញ​របស់​កម្ពុជា​នឹងមាន​សម្ទុះ​កាន់តែខ្លាំង​ក្នុង​ឆ្នាំ ​២០២៤​ នេះ​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១០ ខែមករា ថា កំណើន​ទឹក​ប្រាក់​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុងអំឡុងពេល​កំណើនសេដ្ឋកិច្ច​ពិភព​លោក​មិន​ច្បាស់លាស់ គឺជា​សញ្ញា​ដ៏​ល្អ​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ​។​

​ភាព​វិជ្ជមាន​នេះ​កើតចេញពី​កត្តារួម​ផ្សំ​ជា​ច្រើន ប៉ុន្តែ​អ្វីដែល​ពិសេស​ជាងគេ​នោះ គឺ​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ពហុភាគី និង​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នាំ​ចូលទៅ​ទីផ្សារ​ប្រទេស​ធំៗ​ជាច្រើន​លើ​ពិភពលោក​។

លោក​បន្តថា ក្នុង​ឆ្នាំ​ ២០២៤ ការនាំចេញ​ទំនិញ​នឹងមាន​អត្រាកំណើន​ខ្ពស់ជាង​ឆ្នាំ​ ២០២៣ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​គេ​ឃើញ​មាន​គម្រោង​វិនិយោគ​ចម្រុះ​វិស័យ​ជា​​ច្រើន​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) អនុម័ត​ឱ្យ​បើក​ដំណើរការ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា ទឹកប្រាក់​នាំ​​ចេញ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ នឹង​កើន​ខ្ពស់ជាង​ឆ្នាំ​ ២០២៣ ហើយ​ផលិត​ផល​កម្ពុជា​នាំចេញ​នឹងមាន​លក្ខណៈ​ចម្រុះ​ជាង​មុន គឺ​មិនមែន​ភាគច្រើន​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​នោះទេ ដោយមាន​ទាំង​គ្រឿង​បង្គុំ​អេឡិចត្រូនិក​​អគ្គិសនី កសិផល​ស្រស់ និង​កែច្នៃ​»​។​

​លោក​បន្ថែមថា នៅពេល​កម្ពុជា​អាចមាន​សមត្ថភាព​នាំចេញ​ផលិតផល​ចម្រុះ​កាន់តែច្រើន និង​មាន​ទីផ្សារ​ទទួល​ទិញ​ច្រើន វា​នឹង​ជួយ​ឱ្យ​ខឿនសេដ្ឋកិច្ច​ជាតិ​រឹតតែ​រឹងមាំ ព្រោះ​មិនសូវ​ពឹង​លើ​ប្រទេស​តែ ២-៣ និង​ប្រភេទ​ផលិតផល​ប៉ុន្មាន​មុខ​ដូច​មុន​។​

​ទាក់ទង​នឹង​ការធ្លាក់ចុះ​ទឹកប្រាក់​នាំ​ចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ លោក លឹម ហេង អះអាងថា ដោយសារតែ​ការ​កើន​ឡើង​នៃ​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក​ដែល​អាចឆ្លើយតប​នឹង​តម្រូវការ ព្រម​ទាំង​ការ​ស្ថិតនៅ​ទ្រឹង​នៃ​វិស័យ​សំណង់ ដែលនាំឱ្យ​បាន​នាំចូល​សម្ភារ​សំណង់​ធ្លាក់ចុះ​មួយកម្រិត​។​

​លោក លី ឃុន​ថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជាបាន​ប្រាប់ថា ទោះបី​ទឹកប្រាក់​នាំចេញ​ផលិតផល​ស្បែកជើង និង​វត្ថុ​ប្រហាក់ប្រហែល ក្នុង​ឆ្នាំ​ ២០២៣ បាន​ធ្លាក់ចុះ​ដែល​បណ្តាល​វិបត្តិ​នានា​លើ​ពិភពលោក ប៉ុន្តែ​លោក​មានជំនឿថា ការនាំចេញ​ផលិតផល​ទាំងអស់នេះ​នឹងមាន​ភាពប្រសើរ​វិញ​ក្នុង​ឆ្នាំ​ ២០២៤​។ ដោយសារ​វិស័យ​ទេសចរណ៍​អន្តរជាតិ​ចាប់ផ្តើម​ងើបឡើង​វិញ ដូច្នេះ​តម្រូវការ​ស្បែកជើង និង​ស្រោមជើង ក៏​នឹង​កើន​ឡើង​ដែរ ស្របពេល​ស្បែកជើង​នៅក្នុង​ឃ្លាំង​ស្តុក​កន្លងមក ក៏​ត្រូវបាន​ក្រុមហ៊ុន​បញ្ជា​ទិញ​បញ្ចេញ​លក់​ទៅលើ​ទីផ្សារ​ជិត​អស់​ច្រើន​ហើយ​ដែរ​។​

​លោក​ថ្លែងថា​៖ «​សម្រាប់​ឆ្នាំ​ ២០២៤ នេះ តាម​ការវិភាគ​របស់​ក្រុម​អ្នកជំនាញ​នៃ​សមាគម​ស្បែកជើង​កម្ពុជា គឺ​ការនាំ​ចេញ​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រ​ហាក់​ប្រហែល អាច​នឹង​ល្អប្រសើរ​ជាង​ឆ្នាំមុន ព្រោះ​តាម​ព័ត៌មាន​គឺ​សម្ទុះ​នៃ​ការ​​លក់​ស្បែកជើង​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​ពី​កម្ពុជា នា​រយៈពេល ៦​ ខែ​ចុងក្រោយ​នៃ​ឆ្នាំ ២០២៣ រហូតដល់​ពេលនេះ​គឺមាន​ភាពល្អប្រសើរ​»​។​

​ឱនភាព​នៃ​ជញ្ជីងពាណិជ្ជកម្ម នឹងត្រូវ​បន្ត​កាត់បន្ថយ​ជា​លំដាប់​

​សេដ្ឋវិទូ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ថា កំណើន​ផលិតកម្ម​ក្នុងស្រុក​កំពុង​រុញឱ្យ​កម្ពុជា​ក្លាយជា​ទីតាំង​ផ្គត់​ផ្គត់​ទំនិញ​ឱ្យ​ទីផ្សារ​អន្តរជាតិ​កាន់តែច្រើន ហើយ​ជញ្ជីង​ពា​​ណិ​ជ្ជ​កម្ម​អន្តរជាតិ​ដែល​ពីមុន​មាន​ឱន​​ភាពខ្លាំង​នោះ នឹង​អាច​ឈានទៅ​មាន​ឧត្តមភាព​វិញ​នាពេល​អនាគត​ឆាប់ៗ​។ គោលនយោបាយ​បើកចំហ លក្ខខណ្ឌ​អំណោយផល​ក្នុងស្រុក និង​មាន​ទីផ្សារ​នាំ​ចេញទៅ​ប្រទេស​ជាច្រើន​ក្រោម​លក្ខ​​ខណ្ឌ​ពន្ធ កំពុង​រុញឱ្យ​សេដ្ឋកិច្ចកម្ពុជា​បោះជំហាន​ទៅមុខ​គួរឱ្យកត់សម្គាល់ ពិសេស​ក្នុងពេលដែល​ពិភពលោក​កំពុង​ជួបនឹង​បញ្ហា​ជាច្រើន​ដូច​ពេលនេះ​។​

​លោក​ប្រាប់ថា​៖ «​ការបណ្តាក់ទុន​ថ្មីៗ​នឹង​ជួយ​ឱ្យ​ការនាំចេញ​របស់​កម្ពុជា​កើនឡើង ហើយ​គម្លាត​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​នឹង​បន្ត​ធ្លាក់ចុះ​បន្ថែមទៀត​ក្នុងឆ្នាំនេះ​»​។​

​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ ខ្លួន​បានអនុម័ត​គម្រោង​ថ្មី​ចំនួន ២៤៧ និង​គម្រោង​ពង្រីក​ផលិត​កម្ម​ចំនួន ២១ ដែល​ក្នុងនោះ​គម្រោង​វិនិយោគ ៧១ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។ គម្រោង​ទាំងនេះ​មាន​ទុន​វិ​និ​យោគ​សរុប​ជិត ៤,៩​ ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ជាង ៣០ ម៉ឺន​កន្លែង​៕