ភ្នំពេញៈ ជាមួយនឹង​លំហូរ​ការវិនិយោគ​ពី​ប្រទេស​ចិន​ក្នុង​ឧស្សាហកម្ម​កៅស៊ូ​កម្ពុជា​ដែលមាន​កំណើន​ពី​ ១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ ​ជា​ពិសេស​កិច្ចសហការ​នាពេល​ថ្មីៗ​នេះ​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ និង​មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​បច្ចេកវិទ្យា​វិស្វកម្ម​កៅស៊ូ និង​សម្បក​កង់​រថយន្ត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​(NERCRAT)​ នោះ គឺ​កាន់តែ​ធ្វើឱ្យ​ឧស្សាហ​កម្មនេះ​ទទួលបាន​ទីផ្សារ​ដ៏​មាន​ស្ថិរភាព​បំផុត និង​លែង​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​នាំទៅ​កាន់​ពិភពលោក​ទៀត​ទេ​នាពេល​ដ៏​ខ្លី​ខាងមុខ​។​

​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី ​៥-​៨ ខែមករា លោក ស៊ុន​ ចាន់ថុល អនុប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បាន​ដឹកនាំ​គណៈប្រតិភូ​មកពី​វិស័យ​ឯកជន ទៅ​ជួប​ជាមួយ​ក្រុមហ៊ុន​ចិន​ជាច្រើន ពិសេស​ឧស្សាហកម្ម​ផលិត​សម្បក​កង់​រថយន្ត​។


ជាមួយគ្នា​នោះ​លោក​ក៏បាន​ចុះហត្ថលេខា​លើ​អនុ​ស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ NERCRAT ដើម្បី​ជំរុញ​ឧស្សាហកម្ម កៅស៊ូ នៅ​កម្ពុជា​ផងដែរ​។ ទន្ទឹមនឹងនេះ NERCRAT បានបង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការបោះ​ទុនវិនិយោគ ១ ​ពាន់​លាន​ដុល្លារ ​លើ​គម្រោង​អាទិភាព​មួយចំនួន​ក្នុង​ឧស្សាហ​កម្មនេះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន CDC​។​

​យោងតាម CDC ក្រុមហ៊ុន Cart Tire Co Ltd កំពុង​វិនិយោគ​លើ​រោងចក្រ​មួយ​នៅ​ខេត្តស្វាយរៀង ដោយ​គ្រោង​បង្កើន​ដើមទុន​ដល់ ៧០០​ លាន​ដុល្លារ​លើ​ផ្ទៃដី​ប្រមាណ ១២០​ ហិកតា​ដើម្បី​ជំរុញ​ការ​នាំ​ចេញទៅ​ទីផ្សារ​សំខាន់ៗ​ដូចជា អា​​មេ​រិ​ក កាណាដា និង​កូរ៉េខាងត្បូង​។​


​លោក ម៉ែន សុភ័ក្ត្រ ប្រធាន​ក្រុមហ៊ុន Sopheak Nika Investment Agro-Industrial Plants Co., Ltd ដែលជា​ក្រុមហ៊ុន​ដាំ​ដុះ និង​នាំចេញ​កៅស៊ូ​ធំ​មួ​យ​នៅ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១០ ខែមករា​ថា កិច្ចសហប្រតិបត្តិការ​ជាមួយ NERCRAT នឹង​ក្លាយជា​ព្រឹត្តិ​ការណ៍​ថ្មី​ដោយ​មិន​ត្រឹមតែ​ការផលិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​កែលម្អ​គុណ​ភាព​ជ័រកៅស៊ូ និង​ការផ្គត់ផ្គង់​ដល់​រោង​ចក្រ​ផលិត​សម្បក​កង់​ក្នុងស្រុក​ដែរ​។​

​លោក​ថ្លែងថា​៖ «​នេះ​ជា​ជំហាន​វិជ្ជមាន​សម្រាប់​ឧស្សាហកម្ម​មួយ​នេះ ព្រោះ​មកដល់ពេលនេះ​យើង​មាន​រោងចក្រ​កែច្នៃ​កៅស៊ូ​ចំនួន ៣​។ កិច្ចសហការ​ពី NERCRAT ពួកគេ​នឹង​នាំយក​អ្នកជំនាញ​និង​បច្ចេកវិទ្យា​បន្ថែមទៀត ដើម្បី​កែលម្អ​ឧស្សាហកម្ម​របស់​យើង​»​។​

​បើតាម​លោក សុភ័ក្ត្រ បច្ចុប្បន្ន​ក្រុម​​ហ៊ុន​របស់លោក​កំពុង​ផ្គត់ផ្គង់​ដល់​រោង​ចក្រ​កែច្នៃ​សម្បក​កង់​នៅ ខេត្តស្វាយរៀង ប៉ុន្តែ​ចំនួន​មានកំណត់ ដោយសារ​ភាគី​ទាំង​ ២ ​ត្រូវ​ការចរចា​បន្ថែម​ទៀត​។

​លោក​លើកឡើងថា​៖ «​បច្ចុប្បន្ន​យើង​កំពុង​ផ្គត់ផ្គង់​កៅស៊ូ​ប្រភេទ CSR-10 ឱ្យដល់​រោងចក្រ​ផលិត​សម្បក​កង់​នៅ​ខេត្តស្វាយរៀង ប៉ុន្តែ​មាន​បរិមាណ​តិចតួច​នៅឡើយ​។ ជាធម្មតា​យើង​ផលិត​កៅស៊ូ​គុណភាព​ខ្ពស់​សម្រាប់​ការនាំចេញ ប៉ុន្តែ​សម្រាប់​កៅស៊ូ​ប្រភេទ CSR-10 គឺ​កម្រិត ៣ ខណៈ​យើង​នាំចេញ​ភាគច្រើន​កៅស៊ូ​ប្រភេទ​កម្រិត ១ និង ២»​។​

​លោក​ប្រាប់ទៀតថា នៅពេលនេះ​ក៏មាន​រោងចក្រ​កែច្នៃ​កៅស៊ូ​មួយចំនួន​កំពុង​ចរចា​ជាមួយ​រោងចក្រ​កែច្នៃ​សម្បក​កង់​រថយន្ត​ដើម្បី​ផ្គត់ផ្គង់​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​មើលឃើញថា នៅពេលនេះ​យើង​អាច​ផ្គត់ផ្គង់​ក្នុងស្រុក​បាន ដូច្នេះ​ការណ៍​នេះ​នឹង​បង្កើត​ទីផ្សារ​ក្នុងស្រុក​ថ្មី​សម្រាប់​ឧស្សាហកម្ម​ដែល​យើង​តែង​នាំចេញ ១០០​ ភាគរយ​ទៅ​ក្រៅប្រទេស​។ យើង​នឹង​ពិភាក្សា​បន្ថែមទៀត​ជាមួយ​ម្ចាស់​រោងចក្រ​កែច្នៃ​សម្បក​កង់​ដើម្បី​លើកកម្ពស់​គុណភាព​កៅស៊ូ និង​ដើម្បី​ទទួលបាន​តម្លៃ​សមរម្យ​»​។​

​បើតាម​លោក ហ៊ឹម អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បច្ចុប្បន្ន​កម្ពុ​ជាមាន​រោងចក្រ​កែច្នៃ​សម្បក​កង់​រថយន្ត​ចំនួន ៣ គឺ​ក្រុមហ៊ុន Newbustar(Cambodia)Tire Co Ltd ដែលជា​សមា​ជិ​ក​នៃ​ក្រុមហ៊ុន Doublestar Group គ្រប់គ្រង​ដោយ​រដ្ឋ​ចិន មាន​ទុនវិនិយោគ​ប្រមាណ ១៣៨ ​លាន​ដុល្លារ នៅ​ខេត្តក្រចេះ​, ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd មាន​ទុនវិនិយោគ ៣០០ ​លាន​ដុ​ល្លារ​នៅ​ខេត្ត​ព្រះសីហនុ និង​ក្រុមហ៊ុន Cart Tire Co.,Ltd បាន​វិនិយោគ​ចំនួន ៣៥០ ​លាន​ដុល្លារ​លើ​រោងចក្រ​នៅ​ខេត្តស្វាយរៀង​។​

​លោក សុភ័ក្ត្រ បាន​បញ្ជាក់ថា CDC ទើបបាន​អនុម័ត​រោងចក្រ​កែច្នៃ​សម្បក​កង់​រថយន្ត​ចំនួន ២​ បន្ថែមទៀត​។ លោក​បន្តថា​៖«​យើង​សង្ឃឹមថា​ឧស្សាហកម្ម​នេះ​នឹង​កាន់តែ​រីកចម្រើន និង​មាន​ទីផ្សារ​ប្រកបដោយ​ស្ថិរភាព ខណៈ​យើង​នឹង​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ក្នុងស្រុក​ជាជាង​នាំចេញ​»​។​

​កាលពី​ថ្ងៃទី ​២៣ ខែវិច្ឆិកា រដ្ឋាភិបាល​បានសម្រេច​ផ្តល់​ការលើកទឹកចិត្ត​ពន្ធ​ក្នុង​រយៈពេល ២ ​ឆ្នាំ​បន្តទៀត​លើ​ការនាំ​ចេញ​កៅស៊ូ ចាប់ពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២៤ ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​ការដាំដុះ និង​ក្រុមហ៊ុននាំចេញ​ក្នុង​គ្រា​ការធ្លាក់ចុះ​តម្លៃ​ដោយសារ​ការធ្លាក់ចុះ​តម្រូវការ​អន្តរជាតិ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានលើកឡើង​អំពី​សារៈសំខាន់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​ដារ​សម្រាប់​វិស័យ​កសិកម្ម ជាពិសេស​ឧស្សាហកម្ម​កៅស៊ូ ព្រោះ​វា​អាចជួយ​រក្សា​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​បាន ដោយ​សារ​ចម្ការកៅស៊ូ​របស់​ប្រទេស​មាន​ផ្ទៃដី​ជាង ៤០០ ០០០ ​ហិកតា​។​

​ទិន្នន័យ​ថ្មីៗ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​បង្ហាញថា ចាប់ពី​ខែមករា​ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ប្រទេស​កម្ពុជា​រកចំណូលបាន ៤៤៥,៥ ​លាន​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​រកបាន ១,៥​ លាន​ដុល្លារ​បន្ថែមទៀត​ពី​ការនាំចេញ​ឈើ​កៅស៊ូ​។

កាលពី​ខែវិច្ឆិកា ជ័រកៅស៊ូ​មានតម្លៃ ១ ៣៣៣​ ដុល្លារ​ ក្នុង​ ១ ​តោន ដែល​ឆ្លុះបញ្ចាំង​ពី​ការធ្លាក់ចុះ​ចំនួន ៧,៧​ ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ខណៈ​ឈើ​កៅស៊ូ​មានតម្លៃ ២៣១ ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រគុប​៕