​ភ្នំពេញៈ ភាព​រដាក់រដុប​នៃ​កំណើនសេដ្ឋកិច្ច​សកល​បានធ្វើឱ្យ​ទឹកប្រាក់​នៃ​ការនាំចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា​-​អាមេរិក ក្នុង​ឆ្នាំ​ ២០២៣ សម្រេចបាន​ជាង ៩​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​បន្តិច​​បន្តួច​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។ ទោះយ៉ាងណា​សម្រាប់​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​ក្នុង​ឆ្នាំ​ ២០២៣ ចរន្ត​នាំចេញ​-នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ បានចាប់ផ្តើម​រើប​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​។​

​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ ការនាំ​ទំនិញ​ទៅមក​រវាង​ដៃគូ​ពាណិជ្ជកម្ម​ទាំង ២ មានទឹក​ប្រាក់​សរុប ៩,១៥​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១,៤ ​ភាគរយ ធៀប​រយៈពេល ដូចគ្នា​ឆ្នាំ​ ២០២២​ ដែលមាន​ចំនួន ៩,២៨​ ពាន់​លាន​ដុល្លារ ដោយ​ក្នុងនោះ​ទំនិញ​កម្ពុជា​នាំចេញ​ទៅ​អាមេរិក ៨,៩​ ពាន់​លាន​ដុ​ល្លារ ថយចុះ ០,៨ ​ភាគរយ និង​អាមេរិក​នាំមក​កម្ពុជា​វិញ​ចំនួន ២៥៧,១៨​ លាន​ដុល្លារ ថយចុះ ១៧,៧​ ភាគរយ​។​


​បើ​ផ្អែក​តាម​តួលេខ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព ៨,៦៤ ​ពាន់​លាន​ដុល្លារ ខណៈ​ឆ្នាំ​ ២០២២ មាន​ចំនួន ​៨,៦៥ ​ពាន់​លាន​ដុល្លារ​។ អាមេរិក គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី​ ២ របស់​កម្ពុជា​ដោយមាន​ចំណែក ១៩,៥៥​ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា ឆ្នាំ​ ២០២៣ ដែលមាន​ចំនួន ៤៦,៨៣ ​ពាន់​លាន​ដុល្លារ​។​

​សម្រាប់​ខែធ្នូ ឆ្នាំ​ ២០២៣ ការ​ផ្លាស់ប្តូរ​ទំនិញ​ប្រទេស​ទាំង ​២ មាន​ចំនួន ៧៨៧,៦៩​ លាន​ដុ​ល្លារ កើនឡើង ២,១៩ ​ភាគរយ​ធៀប​ខែធ្នូ ឆ្នាំ​ ២០២២ ដោយ​កម្ពុជា​នាំចេញ ៧៥៣,១១​ លាន​ដុល្លារ កើន ០,៣​ ភាគរយ និង​អាមេរិក​នាំចូល ៣៤,៥៨​ លាន​ដុល្លារ កើនឡើង ៧៥,៧​ ភាគរយ​។​


​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​កាលពី​ថ្ងៃទី​ ១១ ខែមករា​ថា ការធ្លាក់​​ចុះ​ចំនួន​ទឹកប្រាក់​នៃ​ការផ្ទេរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ធ្លាក់ចុះ​តាំងពី​ពាក់កណ្តាល​ឆ្នាំ​ ២០២២ មក​។ មូលហេតុ​ដែលនាំឱ្យ​ទំហំ​ទឹកប្រាក់​ពាណិជ្ជកម្ម​ធ្លាក់ចុះ គឺ​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​សកល និង​សង្គ្រាម​នៅ​ប្រទេស​មួយចំនួន ដែល​ជះ​ឥទ្ធិពល​ដល់​តម្រូវកា​រស​កល​។ លោក​បន្តថា ទោះបីយ៉ាងណា​ស្ថានភាព​សេដ្ឋកិច្ច និង​តម្រូវ​ការ​សកល​ពេលនេះ​បាន​ចាប់​ផ្តើម​ល្អ​ឡើងវិញ​ហើយ​។​

​លោក​បញ្ជាក់ថា​៖ «​ទោះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាមេរិក ប្រចាំឆ្នាំ​ ២០២៣ ធ្លាក់ចុះ ប៉ុន្តែ​ការធ្លាក់ចុះ​នេះ​គឺ​កើតឡើង​ភាគ​ច្រើន​ក្នុង​ឆមាស​ទី​ ១​ ប៉ុណ្ណោះ ខណៈ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​​ក្រោយ​ឆ្នាំ​ ២០២៣ ការនាំ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ បាន​ចាប់​​ផ្តើម​កើន​ឡើងជា​បន្តបន្ទាប់​។ សម្រាប់​ឆ្នាំ​ ២០២៤​ នេះ ខ្ញុំ​គិតថា ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ នឹង​កើន​លើស​ឆ្នាំ​ ២០២៣»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា ការធ្លាក់ចុះ​ទំហំ​ពា​ណិ​ជ្ជ​កម្ម​ប្រទេស​ទាំង​ ២ គឺ​មកពី​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បាន​បង្ខំ​ឱ្យ​ប្រជាជន​កាត់បន្ថយ​ការចំណាយ​ប្រចាំថ្ងៃ​។​

​លោក​ថ្លែងថា​៖ «​ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ គឺ​ដោយសារតែ​ផលប៉ះពាល់​សេដ្ឋកិច្ច​សកល គឺ​មិនមែន​ដោយសារតែ​សមត្ថភាព​ផលិត និង​នាំចេញ​របស់​កម្ពុជា​ធ្លាក់ចុះ​ឡើយ​»​។​

​លោក​បន្ថែមថា ម្យ៉ាងទៀត​ដោយសារ​ផលិតផល​នាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​មាន​ទំនាក់ទំនង​នឹង​ការធ្វើដំណើរ​កម្សាន្ត​ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប និង​កង់ ជា​ដើម​នោះ ដូច្នេះ​នៅពេល​វិស័យ​ទេសចរណ៍​មានដំណើរ​ការល្អ​វិញ ការនាំចេញ​របស់​កម្ពុ​ជា​ក៏​អាច​ហក់​ឡើងវិញ​ដែរ​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​វេទិកា​ធុរកិច្ច​អាមេរិក​-​កម្ពុជា កាលពី​ថ្ងៃទី​ ២២ ខែកញ្ញា ២០២៣ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក បាន​និយាយថា កិច្ច​សហប្រតិបត្តិ​ការល្អ​រវាង​ប្រទេស​ទាំង​ ២​ គឺ​ពិត​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក​។ កត្តា​ទីតាំង​ភូមិ​សាស្ត្រ និង​កម្លាំង​ពលកម្ម​វ័យ​​ក្មេង​ដែលមាន​ថ្លៃឈ្នួល​ទាប​បាន​នាំឱ្យ​ថ្លៃទំនិញ​ផលិត​នៅ​កម្ពុជា​ទាប​។​​លោក​បាន​បន្ថែមថា នេះ​ជា​ឱកាស​នោះ​ល្អ​សម្រាប់​វិ​និ​យោ​គិ​ន និង​ធុរជន​សហរដ្ឋអាមេរិក​មក​សិក្សា​ស្វែងយល់​ពីស​ក្ដា​នុព​ល​របស់​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​បានឃើញ​ ១​ ដង​ប្រសើរ​ជាង​បានឮ​ ១​ ពាន់​ដង​» ​ដូច្នេះ​សូម​វិនិយោគិន​មក​ស្វែងយល់​អំពី​កម្ពុជា​រាជរដ្ឋាភិបាល និង​បន្ត​ការគាំទ្រ​យ៉ាង​មុតមាំ​ដល់​កាលានុវត្តភាព​នៃ​ការបង្កើត​សហប្រតិបត្តិការ និង​ការពង្រីក​ធុរកិច្ច​ព្រមទាំង​ដោះ​ស្រាយ​រាល់​បញ្ហា​ប្រឈម​ទាំង​បញ្ហា​ចាស់ និង​ថ្មី​ដើម្បី​ជំរុញ​សម្ទុះ​នៃ​ការអភិវឌ្ឍ​វិស័យ​ឯក​​ជន​ឱ្យបាន​ពេញលេញ និង​ក្លាយជា​ដៃគូ​គន្លឹះ​របស់​រាជ​រដ្ឋា​​ភិ​បាល​»​។​

​ក្នុង​ឆ្នាំ​ ២០២២ ការធ្វើ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​សរុប ៩,២៨​ ពាន់​លាន​ដុល្លារ កើនឡើង ១៨,៦ ភាគរយ​បើ​ធៀប​ឆ្នាំ ​២០២១​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា មាន ៨,៩៧ ​ពាន់​លាន​ដុល្លារ កើន ១៩,៧​ ភាគរយ និង​នាំ​ចូល ៣១២,៤៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៧,១​ ភាគរយ​។ ជញ្ជីងពាណិជ្ជកម្ម​កម្ពុ​ជាមាន​ឧ​ត្ត​ម​ភាព ៨,៦៥​ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​៕