​ភ្នំពេញៈ ផ្នែក​ឯកជន​នៅក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា រំពឹងថា​ព្រឹត្តិការណ៍​ «​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជា​​ជន កម្ពុជា​-​ចិន ២០២៤» ដែល​នឹង​រៀបចំ​នៅ​ខេត្តសៀមរាប​នា​ចុង​សប្តាហ៍​នេះ​នឹង​ក្លាយទៅជា​ការផ្សព្វផ្សាយ​ដ៏​ធំ​ទូលាយ​បន្ថែមទៀត​សម្រាប់​ការលើក​កម្ពស់ និង​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ជនជាតិ​ចិន រួមទាំង​ជនបរទេស​ផ្សេងទៀត​ឱ្យធ្វើ​ដំណើរ​មក​កម្សាន្ត​ប្រទេស​កម្ពុជា​កាន់តែច្រើន​។​

​លិខិត​ក្រសួងទេសចរណ៍ ចុះ​ថ្ងៃទី​ ៥ ខែមករា ឆ្នាំ ​២០២៤ បានឱ្យដឹងថា ក្រោម​កិច្ចសហការ​រវាង​ក្រសួង​ទេស​​ចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ស្ថានទូត​សាធារណរដ្ឋ​ចិន​ប្រចាំ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​រៀបចំ​ពិធី​បើក ​«​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជា​​ជនកម្ពុជា​-​ចិន ២០២៤» ក្នុងន័យ​ដើម្បី​ចូលរួម​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន និង​ត្រៀម​ស្វាគមន៍​ភ្ញៀវទេសចរ​ចិន​មក​កម្សាន្ត​ក្នុង​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា ដែលជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាពសម្បូរ​​បែប និង​ភាពកក់ក្តៅ​។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី ​១៣ មករា ឆ្នាំ​ ២០២៤ វេលា​ម៉ោង ១៨:០០ នៅ​ទីលាន​ជល់​ដំរី ខេត្តសៀមរាប​។​


​ចំនួន​ភ្ញៀវទេសចរ​ចិន​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​នឹង​បន្ត​កើនឡើង ប៉ុន្តែ​នៅមានកម្រិត​ទាប​បើ​ធៀប​នឹង​មុន​មាន​វិបត្តិ​កូ​វីដ​ ១៩

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​ណ៍​ភាសា​ចិន​កម្ពុជា លោក អន​ហេង​សុ​ភ័​ក្រ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១១ ខែមករា ថា ព្រឹត្តិការណ៍​«​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជនកម្ពុជា​-​ចិន ២០២៤» ដែល​នឹង​រៀបចំឡើង​ក្នុង​ខេត្តសៀមរាប​នា​ចុង​សប្តាហ៍​នេះ​គឺ​ប្រាកដជា​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍ ពិសេស​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ និង​អ្នកវិនិយោគ​ចិន​ឱ្យ​ចូលមក​កម្ពុជា​កើនឡើង​បន្ថែមទៀត​។​


​លោក​បាន​ថ្លែងថា​៖ «​ព្រឹត្តិការណ៍ ​«​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤»​ ប្រាកដជា​ជួយ​ឱ្យ​ភ្ញៀវ​ចិន​ស្គាល់​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​កាន់តែច្រើន ពិសេស​តំបន់​ប្រា​សាទ​បុរាណ​ក្នុង​ខេត្តសៀមរាប ដែលមាន​អាយុកាល​រាប់រយឆ្នាំ​មកហើយ​។ រូបខ្ញុំ​ក៏​នឹង​ទៅ​ចូលរួម​ផ្ទាល់​ក្នុង​ព្រឹត្តិ​ការណ៍​នេះដែរ​»​។​

​លោក​បន្តថា បន្ទាប់ពី​ព្រឹត្តិការណ៍​ខាងលើ​រំពឹងថា​នឹងមាន​ជើងហោះហើរ​ត្រង់​រវាង​ទីក្រុង​សំខាន់ៗ​ប្រទេស​ចិន និង​ក្រុង​សៀមរាប​កាន់តែ​ច្រើនឡើង​វិញ ខណៈ​បច្ចុប្បន្ន​ភាគច្រើន​នៃ​ភ្ញៀវ​ទេសចរ និង​អ្នកវិនិយោគ​ចិន​មក​កម្ពុជា គឺធ្វើឡើង​តាមរយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​និយាយថា ក្នុងនាម​ជា​ប្រទេស​មិត្ត​ដែកថែប​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​កម្ពុជា និង​ចិន​តែងតែ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​នៃ​ប្រទេស​រៀងខ្លួន​ធ្វើដំណើរ​ទៅវិញទៅមក​ជាមួយគ្នា​ឱ្យបាន​ច្រើន ប៉ុន្តែ​សម្រាប់​រូបភាព​ជាក់ស្តែង គឺ​ការ​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា ពី​សំណាក់​ភ្ញៀវ​ជនជាតិ​ចិន គឺ​នៅមាន​ចំនួន​តិ​ត​តួច​នៅឡើយ​បើ​ធៀប​នឹង​មុនពេល​មាន​វត្តមាន​កូ​វីដ ​១៩​។

លោក​បន្តថា មាន​មូលហេតុ​ជាច្រើន​ដែល​ធ្វើឱ្យ​ចំនួន​ភ្ញៀវទេសចរ​ចិន​ចូលមក​កម្ពុជា​នៅមាន​ចំនួន​តិចតួច ប៉ុន្តែ​បែរជា​ទៅ​ប្រទេសជិតខាង ពិសេស​ប្រទេស​ថៃ​ច្រើន​នោះ គឺ​ដោយសារ​នៅ​ប្រទេស​គេ​មាន​សេវាកម្ម​ផ្សេងៗ​ច្រើន​ដែល​អាចឆ្លើយតប​នឹង​ការចង់បាន​របស់​ភ្ញៀវ​ទេសចរ​ចិន ក្រៅពី​ការដើរ​ទស្សនា​តំ​បន់​ប្រវត្តិសាស្ត្រ​សំខាន់ៗ​។​

​លោក​អះអាងថា​៖ «​ការរៀបចំ​គ្រប់​ព្រឹត្តិការណ៍ ​«​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជនកម្ពុជា​-​ចិន ២០២៤» ​នៅក្នុង​ខេត្តសៀមរាប​ដោយផ្ទាល់​បែបនេះ គឺ​នឹង​ជួយ​ឱ្យ​ភ្ញៀវទេសចរ​បរទេស ពិសេស​ជនជាតិ​ចិន​ស្គា​ល់ពី​ប្រទេស​កម្ពុជា​ថា​ជា​កន្លែង​មាន​តំបន់​ទេសចរ​​ណ៍​ច្រើន​ទាំង​លក្ខណៈ​ប្រវត្តិសាស្ត្រ វប្បធម៌ ធម្មជាតិ និង​រមណីយដ្ឋាន​កែច្នៃ ជាដើម​។ ក្នុងនាម​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​យើង​ពិតជា​ស្វាគមន៍ និង​រីករាយ​ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​បែបនេះ​ឱ្យបាន​កាន់តែច្រើន​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមា​គម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​និយាយថា ព្រឹត្តិការណ៍​«​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤ បង្ហាញ​ឱកាស​ដ៏​សំខាន់​មួយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​វប្បធម៌ និង​ការអប់រំ​រវាង​ប្រជាជាតិ​ទាំង ​២​។ ប្រសិនបើ​សកម្មភាព​ផ្លាស់ប្តូរ​ត្រូវបាន​ផ្សព្វផ្សាយ​បានល្អ វា​នឹង​ជួយ​ជំរុញឱ្យមាន​ការយល់ដឹង​ឆ្លង​វប្បធម៌​ពិតប្រាកដ ហើយ​វា​អាច​ទាក់ទាញ​ទេសចរ​ចិន​ឱ្យមក​កម្ពុជា​កាន់តែច្រើន​។ ទោះជា​យ៉ាងណា​ផលប៉ះពាល់​ជាក់ស្តែង​លើ​វិស័យ​ទេសចរណ៍​នឹង​អាស្រ័យទៅលើ​កត្តា​ផ្សេងៗ រួមទាំង​កិច្ចព្រមព្រៀងទ្វេភាគី និង​ទីផ្សារ​នៃ​ប្រទេស​ទាំង​ ២​។​

​លោក​និយាយថា​៖ «​ប្រទេស​កម្ពុជា​ផ្តល់ជូន​នូវ​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប ទេសភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល និង​បទ​ពិសោធន៍​វប្បធម៌​ប្លែកៗ​។ ដូច​គោល​ដៅ​ធ្វើដំណើរ​ផ្សេងទៀត​ដែរ វា​មាន​សារៈសំខាន់​សម្រាប់​ភ្ញៀវទេសចរ ក្នុងការ​ទទួលបាន​ព័ត៌មាន​អំពី​លក្ខខណ្ឌ​នៅក្នុង​តំបន់ និង​ការណែនាំ​អំពី​ការធ្វើដំណើរ​។ ជារួម​កម្ពុជា​អាចជា​គោល​ដៅ​ដែលមាន​សុវត្ថិភាព និង​ផ្តល់​រង្វាន់​សម្រាប់​អ្នកដំណើរ​ចិន ជាពិសេស​នៅពេលដែល​ពួកគេ​ចាត់វិធានការ​ប្រុង​​ប្រយ័ត្ន​ចាំបាច់ និង​រក្សា​ការជូនដំណឹង​អំពី​ស្ថានភាព​ក្នុង​តំបន់​»​។​

​ចំនួន​ភ្ញៀវទេសចរ​ចិន​មក​កម្ពុជា ស្ថិតនៅ​លេខ​រៀង​ទី៣ ខណៈ​កាលពី​ឆ្នាំ ​២០១៩ ស្ថិតនៅ​លេខ ១

​ទិន្នន័យ​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ចន្លោះ​ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរ​ទេស​សរុប​ជិត ៤,៩២​ លាន​នាក់ កើនឡើង ១៥៦,៩​ ភាគរយ​ បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន ១,៩១ ​លាន​នាក់​។ ក្នុងចំណោម​ភ្ញៀវ​​បរទេស​ទាំងអស់ គឺ​ភ្ញៀវ​មកពី​ប្រទេស​ចិន ស្ថិតនៅ​លេខ​រៀង​ទី ៣​ដោយមាន​ចំនួន ៤៩៨ ២៥០​ នាក់ ​(​ស្មើ ១០,១ ​ភាគរយ​ នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​) កើនឡើង ៤៤៩,៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ៩០ ៦៤៨​ នាក់​។​

​យ៉ាងណាក៏ដោយ ចំនួន​នេះ​គឺ​ស្ថិតនៅ​ទាប​បើ​ធៀប​ឆ្នាំ​ ២០១៩ (​កំណត់​​ត្រា​ភ្ញៀវ​បរទេស​ច្រើន​បំផុត​របស់​កម្ពុជា​) ដែលមាន​ចំនួន ៦,៦១ ​លាន​នាក់ ក្នុងនោះ​ភ្ញៀវ​ជនជាតិ​ចិន​នៅ​លេខ​រៀង​ទី​ ១ គឺ​ចំនួន ២,៣៦​ លាន​នាក់​។​

​តំបន់​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ជា​កន្លែង​ទេសចរ​​ណ៍​ល្អជា​បន្តបន្ទាប់​

​កាសែត New York Times ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​ ៨ ខែមករា ឆ្នាំ​ ២០២៤ ឱ្យដឹងថា តំបន់​ឧទ្យាន​ប្រាសាទ​កោះ​កេរ របស់​ប្រទេស​កម្ពុជា​ដែល​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ បាន​ជាប់​ចំ​ណាត់​ថ្នាក់​ទី៣៤ ក្នុងចំណោម​ឧទ្យាន ៥២ ​កន្លែង ជា​ទិសដៅ​ទេសចរណ៍​ក្នុង​ឆ្នាំ​ ២០២៤ សម្រាប់​ភ្ញៀវទេសចរ​ទៅ​ទស្សនា​នា​ឆ្នាំនេះ​។​

​បន្ថែម​លើ​នេះ​គេហទំព័រ https://www.worldtravelawards.com/winners/2023/asia កាលពី​ចុងឆ្នាំ​ ២០២៣ ក៏បាន​ឱ្យដឹងថា ប្រទេស​កម្ពុជា​បានទទួល​បាន​ជយលាភី​ចំនួន ២ ក្នុង​ក្របខ័ណ្ឌ​នៃ ​«​ពានរង្វាន់​នៃ​ការធ្វើដំណើរ​ពិភពលោក​»​ សម្រាប់​ឆ្នាំ​ ២០២៣ (World Travel Awards 2023) ដែល​រួមមាន ទី​១. កម្ពុជា ជា​គោលដៅ​ទេសចរណ៍វប្បធម៌​ឈានមុខ​គេ​នៅ​តំបន់​អាស៊ី​ (Asia's Leading Cultural Destination) និង​ទី២ គោលដៅ​ទេសចរណ៍​យុវជន​ឈានមុខ​គេ​នៅ អាស៊ី ​(Asia's Leading Youth Travel Destination)៕