ក្រសួងពាណិជ្ជកម្ម បានសម្ពោធការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម ជាលើកទី១ កាលពីថ្ងៃ១២ ខែមករា ឆ្នាំ ២០២៤ ក្នុងបរិមាណចំនួន ៥០០ តោន ខណៈដែលការបញ្ជាទិញក្នុងកម្រិតចំនួន ៦០ ០០០ តោន ដែលស្មើនឹងតម្លៃទឹកប្រាក់ ៥៤ លានដុល្លារ។
ការនាំចេញក្នុងបរិមាណចំនួន ៥០០ តោននេះ គឺធ្វើឡើងតាមរយៈក្រុមហ៊ុនវ័នរ៉ូដ គ្រុប ខណៈដែលការនាំចេញបន្តបន្ទាប់ទៀត ក៏នឹងត្រូវធ្វើឡើងតាមរយៈក្រុមហ៊ុននេះដែរ។ នៅក្នុងពិធីអបអរសាទរការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួមជាលើកដំបូងនោះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន វ័នរ៉ូដ គ្រុប ដែលបានទទួលជោគជ័យក្នុងការបញ្ជាទិញ និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម។
លោកស្រីរដ្ឋមន្ត្រី បញ្ជាក់ដូច្នេះថា៖«ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបន្តខិតខំយ៉ាងសកម្មក្នុងការបន្តជំរុញ និងគាំទ្រយ៉ាងពេញទំហឹងដល់ការនាំចេញកសិផលក្នុងស្រុក បង្កើតឱកាសការងារកាន់តែច្រើនសម្រាប់កសិករ និងអ្នកផលិតរបស់យើង ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនូវកសិផលរបស់កម្ពុជា។ ជាពិសេសសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដៃគូអន្តរជាតិនានា ដែលមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងគោលបំណងទទួលបានផលប្រយោជន៍រួម និងវិបុលភាពទៅវិញទៅមក»។
លោកស្រីបន្តថា៖«ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថានឹងមានការបញ្ជាទិញ និងនាំចេញកាន់តែច្រើនបន្ថែមទៀត និងបានស្នើឱ្យក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្តពួតដៃគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យអង្ករ ព្រមទាំងកេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើឆាកអន្តរជាតិ ផងដែរ»។
បើតាមលោកស្រី ចម និម្មល ក្រសួងពាណិជ្ជកម្មនឹងចូលរួមរៀបចំវេទិកាផ្គូផ្គងអាជីវកម្ម ដែលគ្រោងនឹងរៀបចំឡើងនៅចុងខែកុម្ភៈឆ្នាំ ២០២៤ខាងមុខនេះ នៅទីក្រុងអាប៊ូដាប៊ី ដើម្បីជំរុញនិងបង្កើតឱកាសក្នុងការរកទីផ្សារថ្មីបន្ថែមទៀតរបស់អង្ករកម្ពុជា។
សូមជម្រាបថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានចុះហត្ថលេខាជាផ្លូវការរួចរាល់ហើយ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដទៃទៀតក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងដែលជាតំបន់ស្ថិតនៅក្បែរនោះ។ ចំពោះទំនិញសំខាន់ៗរបស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។ នៅក្នុងនោះដែរ ទីផ្សារប្រមាណ៩៧,៨ភាគរយ នៃបន្ទាត់ពន្ធសរុប ឬស្មើនឹងចំនួន ៧ ៦៧៨ បន្ទាត់ពន្ធ។ មុខទំនិញសំខាន់ដែលកម្ពុជា ទទួលបានទីផ្សារ គឺស្ទើរតែគ្រប់មុខទំនិញទាំងអស់ ក្នុងនោះរួមមានមុខទំនិញកសិកម្ម មានដូចជាអង្ករ ស្វាយចន្ទី បន្លែ ផ្លែឈើ ចេក ស្វាយ ពោត ម្រេច ទុរេន នំធ្វើពីអង្ករ ដំណាប់ផ្លែឈើ ជាដើម។
ចំណែកមុខទំនិញឧស្សាហកម្ម រួមមាន៖ កង់ គ្រឿងបង្គុំអេឡិចត្រូនិក រថយន្តអគ្គិសនី និងមុខទំនិញ វាយនភ័ណ្ឌរួមមាន កាបូបធ្វើដំណើរ ស្បែកជើង សម្លៀកបំពាក់ ប៉ុន្តែលើកលែងទំនិញហាមឃាត់ និងទំនិញពិសេសកំណត់ដែលភាគច្រើនជាគ្រឿងស្រវឹង និងសាច់ជ្រូក។
ជាមួយគ្នានោះកម្ពុជា អាចពិចារណាក្នុងការនាំចូលនូវមុខទំនិញអាទិភាពដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ។ លើសពីនេះទៅទៀត កម្ពុជាក៏អាចទាក់ទាញក្រុមហ៊ុនវិនិយោគរបស់អេមីរ៉ាតអារ៉ាប់រួម និងច្បាមយកកំណើនភ្ញៀវទេសចរពីប្រទេសនេះបានផងដែរ។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអេមីរ៉េត អារ៉ាប់រួម ក្នុងឆ្នាំ២០២៣ មិនទាន់មានរបាយការណ៍នៅឡើយទេ។ ប៉ុន្តែបើក្រឡេកទៅមើលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ កាលពីឆ្នាំ២០២២ គឺសម្រេចបានប្រមាណ ៤០០ លានដុល្លារ កើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹងឆ្នាំ២០២១ និងខណៈរាជរដ្ឋាភិបាលកម្ពុជា រំពឹងថាកិច្ចព្រមព្រៀង Cambodia-UAE នេះ នឹងបន្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត៕